អន្តរជាតិ
ការសិក្សា​៖ នៅ​អូស្ត្រាលី ឆ្មា​សម្លាប់សត្វ​ស្លាប​ជាង​១​លាន​ក្បាល​ជា​រៀងរាល់ថ្ងៃ​
17, Apr 2018 , 10:19 pm        
រូបភាព
ដោយ: ធីតា
​សត្វ​បក្សី​កំពុង​ប្រឈម​គ្រោះថ្នាក់​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី ដោយ​ជីវិត​របស់​ពួកវា​ត្រូវ​សត្វ​ឆ្មា​យាយី​។ បើតាម​ការសិក្សា​មួយ សត្វ​ស្លាប​ជាង​១​លាន​ក្បាល​ជា​រៀងរាល់ថ្ងៃ បាន​បាត់​បង់ជីវិត​ដោយសារ​សត្វ​ឆ្មា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី Charles Darwin បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​នៅក្នុង​ព្រឹត្តិបត្រ Biological Conversation ដោយ​បង្ហាញ​ឲ្យ​ឃើញថា សត្វ​ស្លាប​គ្រប់​ប្រភេទ​ក្នុង​រង្វង់ ៣១៦​លាន​ក្បាល​ជា​រៀងរាល់ឆ្នាំ បាន​ងាប់​ដោយសារ​ឆ្មា​ចាប់ និង​ខាំ​។​

​លោក John Woinarski ប្រធាន​ក្រុម​ដឹកនាំ​ការស្រាវជ្រាវ បាន​លើកឡើងថា​៖ «​មនុស្ស​ទូទៅ​ដឹងថា ឆ្មា​សម្រាប់​សម្លាប់សត្វ​ស្លាប់ ប៉ុន្តែ​ការសិក្សា​នេះ បង្ហាញ​ពី​តួលេខ​ថ្នាក់ជាតិ​ពិតប្រាកដ ដែល​អាច​ឲ្យ​យើង​វាយតម្លៃ​ពី​ការបាត់ បង់​ជា​បន្តបន្ទាប់​នូវ​ពូជ​សត្វ​ស្លាប​មួយចំនួន​ដោយសារតែ​ឆ្មា​ស៊ី​»​។​

​សាកលវិទ្យាល័យ​អូស្ត្រាលី Charles Darwin ទទួលបាន​តួលេខ​ទាំងនេះ តាមរយៈ​ការសិក្សា និង​សាកសួរ​ទូទាំងប្រទេស​អូស្ត្រាលី ទៅកាន់​អ្នកជំនាញ​បរិស្ថាន អ្នកជំនាញ​ផ្នែក​សត្វ រួមទាំង​ទិន្នន័យ​នានា​ទាក់ទង​នឹង​សត្វ​ឆ្មា ក៏ដូចជា​បក្សី​។​

​ករណី​ជាច្រើន​កើត​នៅ​តំបន់​កោះ និង​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​អូស្ត្រាលី ដោយ​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ឲ្យ​ឃើញថា រៀងរាល់ឆ្នាំ​ឆ្មា​អាច​សម្លាប់សត្វ​ស្លាប​បាន​ប្រមាណ​៣៣០​ក្បាល​ក្នុង​បរិវេណ​ដី​១​គីឡូម៉ែត្រ​ការ៉េ​។ ជាមួយគ្នានេះ ឆ្មា​អនាថា ត្រូវបាន​ចាត់ទុកជា​ឆ្មា​ដែល​គ្រោះថ្នាក់​ជាងគេ​សម្រាប់​សត្វ​ស្លាប​។​

​យោងតាម AFP លោក Woinarski បាន​បញ្ជាក់ថា​៖ «​បក្សី​ដែល​រងគ្រោះ​ភាគច្រើន ដោយសារតែ​ពួកវា​មាន​រូបរាង​តូច ហើយ​ពួកវា​ត្រូវបាន​ឆ្មា​ស្ទាក់​ខាំ​នៅពេលដែល​ពួកវា​ចុះទៅ​ស៊ី​ចំណី​នៅ​ដី​។ ឆ្មា​ខ្លះ​ឡើងទៅ​ខាំ​ដល់​សំបុក​បក្សី​»​។​

​ទាក់ទង​នឹង​ករណីនេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​ទម្លាក់​កញ្ចប់​ថវិកា​ជាង​៣០​លាន​ដុល្លារ​អូស្ត្រាលី (​ប្រមាណ​២៣.៥០​លាន​ដុល្លារ​អាមេរិក​) សម្រាប់​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​បក្សី​ដែល​បង្ក​ឡើយ​ដោយសារ​សត្វ​ឆ្មា​។​

​តួលេខ​លំអិត​៖
-​បក្សី​៣៧៧​លាន​ក្បាល​ត្រូវបាន​សម្លាប់​ជា​រៀងរាល់ឆ្នាំ​
-៩៩​ភាគរយ​ដែល​បក្សី​ដែល​ត្រូវបាន​សម្លាប់​ជា​បក្សី​អំបូរ​ដើម ដែលមាន​៣៧៣​លាន​ក្បាល​
-​បក្សី​៣១៦​លាន​ក្បាល​ត្រូវបាន​សម្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ឆ្មា​ដែល​គ្មាន​ម្ចាស់ ឆ្មា​អនាថា
-​បក្សី​៦១​លាន​ក្បាល​ត្រូវ​សម្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ឆ្មា​ចិញ្ចឹម​
-​បក្សី​៣៣៨​ប្រភេទ ក្នុងនោះ​៧១ ជា​ប្រភេទ​រងគ្រោះ ត្រូវបាន​សម្លាប់​៕



© រក្សាសិទ្ធិដោយ thmeythmey.com