ជាតិ
បណ្ដឹងសុំ​រំលាយ​CNRP​បន្ត​ទៅមុខ ខណៈ​លោកស្រី មូរ សុខ​ហួរ ស្នើ​ឲ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​
07, Oct 2017 , 12:39 pm        
រូបភាព
រូបលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៤
រូបលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៤
​ភ្នំពេញ​៖ បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ទៅដល់​ដៃ​តុលាការ​កំពូល​ហើយ តាមរយៈ​ក្រសួងមហាផ្ទៃ​។ ស្រប​ពេលដែល​បណ្ដឹងសុំ​រំលាយ​បក្ស​បន្តដំណើរ​ទៅមុខ​នេះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​សហគម​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​ផ្នែក​ណាមួយ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។​



​បណ្ដឹង​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែល​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​ឆ្លង​ពី​ក្រសួងមហាផ្ទៃ ទៅដល់​ដៃ​តុលាការ​កំពូល​ហើយ កាលពី​ថ្ងៃទី ៦ តុលា​។ ក្រុម​មេធាវី​៥​រូប​របស់​ក្រសួងមហាផ្ទៃ ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​កំពូល​នោះ បាន​លើកឡើងថា ពាក្យបណ្តឹង​នេះ គឺ​ផ្អែកលើ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ពី​សកម្មភាព​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​អនុវត្ត​ផែនការ​ឃុបឃិត​គ្នា​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន​នៅ​មជ្ឈិមបូព៌ា​។

​បន្ថែម​ពីលើ​នេះ​ក្រុម​មេធាវី បាន​លើក​ទឡ្ហីករណ៍​ត្រង់​ពាក្យសំដី​ផ្ទាល់​របស់​ឯកឧត្តម កឹម សុខា ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅក្នុង​វីដេអូ​ឃ្លី​ប​ចំនួន​៣ ដែល​ត្រូវបាន​រកឃើញ​កន្លងមក​នេះ ។ ក្រុម​មេធាវី ចាត់ទុក​ឃ្លឺ​ប​វីដេអូ​នេះ គឺជា​ភស្តុតាង​ដ៏​រឹងមាំ និង​ជា​សក្ខីកម្ម​ដ៏​ច្បាស់លាស់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ប្រកែក​បាន ។​

​តាមរយៈ​សេចក្តី​សង្ខេប​ពាក្យបណ្ដឹង​ចំនួន​៣​ទំព័រ​នោះ ក្រុម​មេធាវី​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ដូច្នេះ​ថា​៖«​សកម្មភាព​ខុសច្បាប់​ជាច្រើន ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង ផែនការ​សម្ងាត់​នៃ​ការធ្វើបដិវត្ត​ពណ៌ ដូច​សំដី​របស់លោក កឹម សុខា នៅក្នុង​វីដេអូ​ឃ្លី​ប ជា​សក្ខីកម្ម​មិនអាច​ប្រកែក​បាន ក្នុងនោះ​រួមមាន​ទាំង​ការបញ្ជូន មនុស្ស​ទៅ​ហ្វឹកហាត់ និង​ទទួល​ការបណ្តុះបណ្តាល​ជាប្រចាំ​នៅ​បរទេស អំពី​របៀប​នៃ​ការធ្វើបដិវត្ត​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​របស់​កម្ពុជា​»​។​

​ក្រុម​មេធាវី​ទាំងនោះ បាន​លើក​អង្គហេតុ​នៃ​សកម្មភាព​ខុសច្បាប់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បំពាន​ទៅនឹង​មាត្រា ៦ ថ្មី (​ពីរ​) និង​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជម្រាប​ប្រាប់​តុលាការ​កំពូល​ទៀតផង​។

​ស្របពេល​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ទៅ​ដល់ដៃ​តុលាការ​កំពូល​នោះ ខាង​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនទាន់មាន​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ប្រតិកម្ម ទៅនឹង​ដំណើរការ​បណ្ដឹង​នេះ​នៅឡើយ​ទេ ខណៈដែល​ក្រុមតំណាងរាស្ត្រ​មួយចំនួន កំពុង​នៅក្រៅ​ប្រទេស​។ តែ​យ៉ាងណា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​អំពាវនាវ​ឲ្យ​សហគម​អន្តរជាតិ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហានយោបាយ​នៅក្នុង​ប្រទេស តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ផ្នែក​ណាមួយ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។

​លោកស្រី មូរ សុខ​ហួរ ដែល​បាន​ចេញទៅ​ក្រៅប្រទេស ក្រោយពី​ឮដំណឹង​នៃ​ការចាប់ខ្លួន​នោះ បានផ្ដល់​កិច្ច​សម្ភាស​ដល់ទី​ភ្នាក់ងា​រ​ព័ត៌មាន Reuter ដូច្នេះ​ថា​៖«​ពេលវេលា​សម្រាប់​សេចក្ដីថ្លែងការណ៍​គឺ​ចប់​ហើយ​។ វា​ដល់ពេល​សម្រាប់​ទណ្ឌ​កម្ម​ហើយ ក៏ដូចជា​ការ​ព្យូ​រ​ជំនួយ​បច្ចេកទេស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ ពេលវេលា​សម្រាប់​ប្រជាធិបតេយ្យ​គឺ​អស់ហើយ​។ តើ​សហគមន៍​អន្តរជាតិ​អាច​បន្ត​រង់ចាំ​ទៀត​ដោយ​របៀប​ណា​។ ទណ្ឌកម្ម​អាចជា​ការ​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​មន្ត្រីជាន់ខ្ពស់​កម្ពុជា ប៉ុន្តែ​មិនគួរ​ដាក់​លើ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដែល​ភាគច្រើន​នាំចេញ​ទៅ​អាមេរិក និង​អឺរ៉ុប​ទេ ព្រោះ​កម្មករ​កម្ពុជា​រាប់ពាន់​អាស្រ័យ​លើ​វិស័យនេះ​»​។​

​គួរ​បញ្ជាក់ថា ដើមចម​នៃ​ការប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺមាន​ពាក្យបណ្ដឹង​ចំនួន​ពីរ​មក​ក្រសួងមហាផ្ទៃ ដែល​ប្ដឹង​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ក្រោម​ហេតុផល​ស្រដៀង​គ្នា​ថា ឯកឧត្តម កឹម សុខា បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ក្បត់ជាតិ ដែល​មិនគួរ​លើកលែង​ឲ្យ​បាន រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ផងដែរ​៕


Tag:
 មូរ សុខ​ហួរ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com