កីឡាជាតិ
ជាតិ
លោក វង្ស ខាន់​ពៅ ថាបើ​មាន​វគ្គ​បំប៉ន​ប​ច្ចក​ទេស​រាល់​ឆ្នាំ​កីឡា​ជិះ​កង់​នឹង​ជោគជ័យ​នៅ​ឆ្នាំ​២០២៣
07, Oct 2017 , 2:24 pm        
រូបភាព
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន
ដោយ:
ក្រោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៥​ថ្ងៃ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​គ្រូបង្វឹក​កីឡា​ប្រណាំង​ទោចក្រយាន​»​បានបញ្ចប់​ក្រោម​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កាលពី​រសៀល​ថ្ងៃទី​៦ តុលា​។



អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បង្ហាញ​ទំនុកចិត្ត​ថា បើ​មាន​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​គ្រូបង្វឹក​បែបនេះ​រៀងរាល់ឆ្នាំ​កីឡា​ទោចក្រយាន​នឹងមាន​ការរីកចម្រើន​កាន់តែខ្លាំង​ទៅ​ថ្ងៃ​អនាគត​។ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន លោក វង្ស ខាន់​ពៅ បាន​បាត់​ទុក​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​គ្រូបង្វឹក​កីឡា​ទោចក្រយាន​»​ជាការ​បណ្តុះបណ្តាល​មួយ​ដ៏​សំខាន់​ក្នុង​ការបង្កើន​បច្ចេកទេស​និង​ផ្តល់​បទពិសោធ​ល្អ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​មន្ត្រី គ្រូបង្វឹក និង​កីឡាករ​។

ហើយ​លោក​ជឿជាក់ថា បើ​មាន​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​បែបនេះ​កាន់តែច្រើន​កីឡា​ទោចក្រយាន​ទទួលបាន​ជោគជ័យ​ខ្ពស់​លើ​ឆាក​ជាតិ និង​អន្តរជាតិ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។



នា​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃទី​៦ តុលា នៅ​ទីស្នាក់ការ NOCC លោក វង្ស ខាន់​ពៅ បាន​បញ្ជាក់ថា​៖«​បើ​មានលទ្ធភាព​បើក​បណ្តុះបណ្តាល​បច្ចេកទេស​ជា​រៀងរាល់ឆ្នាំ គ្រូបង្វឹក​កីឡាករ​មានការ​យល់ដឹង​កាន់តែខ្លាំង​។ លើសពីនេះ វា​អាចជួយ​ជំរុញ​គុណ​ផល​កីឡា​ទោចក្រយាន​ឈានទៅរក​ភាពជោគជ័យ​លើ​អន្តរជាតិ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​»​។ ក្រោយ​បណ្តុះបណ្តាល​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​នៅ​ទីស្នាក់ការ NOCC និង​ពហុ​កីឡដ្ឋាន​ជាតិ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែតុលា ក្រោម​បទឧទ្ទេស​របស់​អ្នកជំនាញ​មកពី​សិង្ហ​បុរី​លោក Ramlan Latiff សិក្ខាកាម​៣​រូប​ទទួលបាន​លទ្ធផល​ល្អ ១៧​រូបល្អ​បង្គួរ និង​៥​រូប​ធ​ម្យ​ម​។

ជា​គ្នា​នេះ​អ្នកជំនាញ​បច្ចេកទេស​កីឡា​ទោចក្រយាន​កម្រិត UCI ជនជាតិ​សិង្ហ​បុរី​លោក Ramlan Latiff លើកឡើងថា លោក​មាន​មោទកភាព​មែនទែន​ដែល​បាន​ធ្វើជា​គ្រូឧទ្ទេស​អន្តរជាតិ​មក​បណ្តុះបណ្តាល​ក៏ដូចជា​ចែករំលែក​បទពិសោធ​ដល់​សិក្ខាកាម​នៅ​កម្ពុជា​លើកដំបូង​។ ហើយ​ការ​បង្ហាញខ្លួន​នៅ​កម្ពុជា​លោក​ចង់​ឲ្យ​សិក្ខាកាម​ដែលជា​សិស្ស​ក្នុង​រយៈពេល​៥​ថ្ងៃ​ក្លាយជា​គ្រូបង្វឹក​មានការ​អភិវឌ្ឍ​ខ្ពស់​ផ្នែក​បច្ចេកទេស​កីឡា​ទោចក្រយាន​។ ទោះបី​លោក​ចាត់ទុក​វគ្គ​សិក្សា​រយៈពេល​៥​ថ្ងៃ​វា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម និង​មិន​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​ក៏ដោយ តែ​លោក​ជំរុញ​ឲ្យ​សិក្ខាកាម​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​វគ្គ​នេះ​ត្រូវ​យកចំណេះ​ជំនាញ​ទៅ​ចែករំលែក​ដល់​កីឡាករ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។


    លោក នុត សាអាន ថ្លែងពេលបិទវគ្គសិក្សាសាមគ្គីស្តីពី«គ្រូបង្វឹកកីឡាទោចក្រយាន»នៅ NOCC

ទន្ទឹមនឹងនេះ លោក នុត សាអាន ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​យកចិត្តទុកដាក់​រៀនសូត្រ​បន្ថែមទៀត​លើ​ជំនាញ​ផ្នែក​បច្ចេកទេស ព្រោះ​បច្ចេកទេស​ជា​ចលករ​រុញច្រាន​ទៅរក​ភាពជោគជ័យ​។ ទោះបី​វគ្គ​សិក្សា​មាន​រយៈពេល​ខ្លី តែ​លោក​រំពឹងថា តាមរយៈ​ខ្លឹមសារ​និង​ការអនុវត្ត​សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដើម្បី​ចែករំលែក​បន្ត និង​ធ្វើ​ទំនើបកម្ម​បច្ចេកទេស​កីឡា​ទោចក្រយាន​ឲ្យ​ស្របតាម​ការវិវត្ត​រប​ស់​ពិភពលោក​។

ក្រោយ​ចប់​វគ្គ​បណ្តុះបណ្តាល​ក្នុង​ថ្ងៃ​បិទ​វគ្គ​កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា នៅ​ទីស្នាក់ការ NOCC សិក្ខាកាម​ដែល​ចូលរៀន​ទាំង​២៥​រូប​ទទួលបាន​វិញ្ញាបនបត្រ​បញ្ចាក់​ការសិក្សា​ម្នាក់​១ ហើយ​គ្រូឧទ្ទេស​ជនជាតិ​សិង្ហ​បុរី​លោក Ramlan Latiff ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី NOCC មួយ និង​សហព័ន្ធ​មួយ​។ គួរ​បញ្ជាក់ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​គ្រូបង្វឹក​កីឡា​ទោចក្រយាន​»​រៀបចំ​ដោយ NOCC សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​៕


Tag:
 ប្រណាំង​កង់​
  វង្ស ខាន់​ពៅ​
  នុត សាអាន​
  Ramlan Latiff
© រក្សាសិទ្ធិដោយ thmeythmey.com