ជាតិ
ប្រធាន​ពន្ធនាគារ​កំពង់​ធំ​មក​សៀមរាប ប្រធាន​ចាស់​ទៅកាន់​ម​១
07, Oct 2017 , 9:59 pm        
រូបភាព
« លោក ភាន ឆវ័ន្ត ពេលទទួលត្រាកាន់ដំណែងជាប្រធានពន្ធនាគារខេត្តសៀមរាប
« លោក ភាន ឆវ័ន្ត ពេលទទួលត្រាកាន់ដំណែងជាប្រធានពន្ធនាគារខេត្តសៀមរាប
​សៀមរាប​៖ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​៣ ភាន ឆ​វ័​ន្ត ត្រូវបាន​ផ្លាស់ប្តូរ​តួនាទី ឲ្យ​មក​គ្រប់គ្រង​ពន្ធនាគារ​ខេត្តសៀមរាប​។ ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​ចាស់ លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ឆែម សាវុធ បានប្រគល់​ត្រា​ពន្ធនាគារ​ទៅ​ប្រធាន​ថ្មី មុននឹង​លោក​ត្រូវ​ឡើងទៅ​កាន់​តួនាទី​ជា​ប្រធាន​ពន្ធនាគារ​ម​១ ឬ​គុក​ព្រៃ​សរ នៅ​រាជធានី​ភ្នំពេញ​។​



​អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ដែល​ទទួលបន្ទុក​ផ្នែក​ពន្ធនាគារ​លើកឡើង​ដោយ​កោតសរសើរ​ចំពោះ​ការគ្រប់គ្រង​របស់​ប្រធាន​ពន្ធនាគារ​ចាស់ ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំកន្លងមក​។ លោក​បាន​លើកសរសើរ​ចំពោះ​ភាព​ច្នៃប្រឌិត និង​ភាពប៉ិនប្រសព្វ​ពី​ប្រធាន​ពន្ធនាគារ​ចាស់ លោក ឆែម សាវុធ ដែល​បានរៀបចំ​ពន្ធនាគារ ដូចជា​រៀបចំ​ឲ្យ​មាន​វត្ត​អារាម កន្លែង​សិប្បកម្ម ផ្សារ និង​កន្លែង​កែ​សម្ផស្ស​សម្រាប់​ទណ្ឌិត​ជា​ស្ត្រី​វ័យក្មេង​ជាដើម​។​


     «លោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប ដែលឡើងទៅកាន់ប្រធានពន្ធនាគារម១»។

​តាម​របាយការណ៍​រប​ស់លោក ពៅ ពិសិដ្ឋ បច្ចុប្បន្ន​ពន្ធនាគារ​ខេត្តសៀមរាប មាន​ទណ្ឌិត​សរុប​ទាំងអស់ ចំនួន ១៦១៦​នាក់ និង​មន្ត្រី​អគ្គានុរក្ស ១៣២​នាក់​។ តាម​លោក​អភិបាលរង នេះ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ ដែល​អគ្គានុរក្ស​ម្នាក់ ត្រូវ​គ្រប់គ្រង​ទណ្ឌិត​ជាង​២០​នាក់​។​

​ពិធី​ផ្លាស់ប្តូរ​មុខដំណែង និង​តួនាទី ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​សាលា​ខេត្តសៀមរាប ក្រោម​វត្តមាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន អាជ្ញាធរខេត្ត រួម​និង​មន្ត្រីរាជការ​ជាច្រើនរូប​។​

​ក្រោយពី​ទទួលបាន​ត្រា​ពន្ធនាគារ និង​លិខិត​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប លោក ភាន ឆ​វ័​ន្ត បាន​ប្តេជ្ញា​ថា​នឹង​បំពេញភារកិច្ច​ថ្មី​នេះ​ឲ្យ​បានល្អ​ប្រសើរ​។ ក្នុងតួនាទី​ថ្មី​នេះ លោក ឆ​វ័​ន្ត អះអាង​ប្រាប់​ថ្នាក់លើ​ថា គឺជា​ឳ​កាស​ដែល​ឲ្យ​លោក​អាច​រៀនសូត្រ​នូវ​ចំណេះដឹង​ថ្មីៗ និង​អភិវឌ្ឍ​សមត្ថភាព ដើម្បី​បង្កើន​សមត្ថភាព​ដែលមាន សំដៅ​ឲ្យ​អង្គភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់​។​



​ឆ្លើយតប​ទៅនឹង​ការផ្តល់​ទំនុកចិត្ត​ពី​ក្រសួងមហាផ្ទៃ លោក ឆ​វ័​ន្ត ក៏បាន​ប្តេជ្ញា​ទៀតថា នឹង​គោរព​ឲ្យ​បាន​រាល់​ច្បាប់​នានា រៀនសូត្រ និង​យក​គំ​រូពី​ថ្នាក់ដឹកនាំ​មុន បូករួម​និង​សមត្ថភាព និង​បទពិសោធន៍​ដែល​លោក​មាននៅ​កន្លែងចាស់ ដើម្បី​ភាព​រីកចម្រើន​នៅ​កន្លែង​ថ្មី​នេះ​។​

​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែងថា ទាំង​ប្រធាន​ពន្ធនាគារ​ចាស់ និង​ថ្មី ដែល​ផ្ទេរ​មកពី​ខេត្តកំពង់ធំ គឺ​សុទ្ធតែ​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ ក្នុងការ​គ្រប់គ្រង​ពន្ធនាគារ​។ លោក​បន្ថែមថា ការផ្ទេរ​តួនាទី​ពី​តូច​ទៅ​ធំ​នេះ គឺ​ដើម្បី​ឲ្យ​ស័​ក្ត​សម​នឹង​សមត្ថភាព​ដែល​ប្រធាន​ពន្ធនាគារ​មួយៗ​មាន​។ លោក​សូម​ឲ្យ​មន្ត្រី​ទាំង​២ ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​អង្គភាព​ខ្លួន​កាន់តែ​ប្រសើរ​បន្តទៀត​៕

Tag:
 ពន្ធនាគារ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com