កីឡាជាតិ
ជាតិ
FFC សម្រេច​រៀបចំ​ពានរង្វាន់​យុវជន​ចំនួន​៣​បន្ថែមទៀត​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
08, Oct 2017 , 7:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នឹង​រៀបចំ​ពានរង្វាន់​៣​បន្ថែមទៀត រួមមាន​ការប្រកួត​ជម្រើស​ជើងឯក​យុវជន U14, U16  និង​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៧ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នីមួយៗ​ចន្លោះ​ពីថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០១៨​។ ការប្រកួត​បែងចែក​ជា​ពូ​ល និង​ពីរ​ដំណាក់កាល ដោយ​ដំណាក់​ប្រកួត​វិលជុំ​ប្រើប្រាស់​ទីលាន​ម្ចាស់ផ្ទះ​រៀងៗ​ខ្លួន និង​ដំណាក់កាល​ជម្រុះ​ប្រើ​ទីលាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​។​



​យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​៤ ខែតុលា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានសម្រេច​រៀបចំ​ការប្រកួត​ពានរង្វាន់​ក្រម​ខណ្ឌ​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​១៦​ឆ្នាំ និង​ពានរង្វាន់​បាល់ទាត់​នារី​នា​ខែវិច្ឆិកា ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ផែនការអភិវឌ្ឍន៍​កីឡាបាល់ទាត់​ទូទាំង​២៥​រាជធានី​-​ខេត្ត​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដែលជា​ផែនការ​យុទ្ធសាស្ត្រ​របស់ FFC សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​អគ្គលេខាធិការ​ស្តីទី​លោក ម៉ៃ តុលា សម្រាប់​ការរៀបចំ​លើកដំបូង​ពានរង្វាន់​បាល់ទាត់​នារី​មាន​១១​ក្រុម​ចូលរួម ខណៈ​ជម្រើស​យុវជន U14 និង U16 មាន​១៦​ក្រុម​ចូលរួម​ដូចគ្នា​។ ក្នុងនោះ​បាល់ទាត់​នារី​ចែកចេញជា​២​ពូ​ល​ដោយ​ពូ​ល A មាន​បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ព្រះវិហារ និង​កំពង់ចាម រីឯ​ពូ​ល B មាន​កណ្តាល ក្រចេះ កំពង់ស្ពឺ តាកែវ និង​ភ្នំពេញ​ក្រោ​ន​។

​ពានរង្វាន់​នេះ​ចែកចេញជា​ពីរ​ដំណាក់កាល​ក្នុងនោះ​ដំណាក់កាល​ទី​១(​វិលជុំ​)​ចាប់ពី​ថ្ងៃទី​២៦ វិច្ឆិកា ដល់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៧ ខណៈ​ដំណាក់កាល​ទី​២(​ជម្រុះ​)​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។ ការប្រកួត​នេះ​ធ្វើឡើង​រៀងរាល់​ថ្ងៃអាទិត្យ​លើ​ទីលាន​ម្ចាស់ផ្ទះ​(​សម្រាប់​វគ្គ​វិលជុំ​) និង​ទីលាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​(​វគ្គ​ជម្រុះ​)​។

​ចំណែក​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​១៦​ឆ្នាំ​ចែកជា​៤​ពូ​ល​ដូចគ្នា ក្នុងនោះ U14 ពូ​ល A មាន​ស្វាយរៀង ព្រៃវែង កំពង់ចាម និង​ត្បូងឃ្មុំ​, ពូ​ល B កំពត កែប ព្រះសីហនុ និង​កោះកុង​, ពូ​ល C កណ្តាល កំពង់ស្ពឺ តាកែវ និង​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង​ពូ​ល D ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​។

​រីឯ U16 ពូ​ល A មាន​ស្វាយរៀង ព្រៃវែង កំពង់ចាម និង​ត្បូងឃ្មុំ​, ពូ​ល B កំពត កែប ព្រះសីហនុ និង​កោះកុង​, ពូ​ល C កណ្តាល កំពង់ស្ពឺ តាកែវ និង​សាលា​បាល់ទាត់​ជាតិ​បាទី និង​ពូ​ល D  សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​។

​ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន U14 និង U16 ចែកចេញជា​ពីរ​ដំណាក់កាល​ក្នុងនោះ​ដំណាល់​ទី​១​ដែល​ប្រើប្រាស់​កីឡដ្ឋាន​ម្ចាស់ផ្ទះ​រៀងៗ​ខ្លួន​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២៦ វិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ដំណាក់កាល​ទី​២​ដែល​រៀបចំ​នៅ​ទីលាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​ចន្លោះ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨៕ 

Tag:
 បាល់ទាត់​
  FFC
  ជម្រើស​ជើងឯក​យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com