ជាតិ
ក្រសួងមហាផ្ទៃ ប្រកាស​រើស​មន្ត្រី​ពន្ធនាគារ​៣៥០​នាក់
08, Oct 2017 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងមហាផ្ទៃ​បានប្រកាស​ជ្រើសរើស​មន្ត្រី​៣៥០​នាក់ ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ ក្រសួងមហាផ្ទៃ​។



​ឆ្នាំ​២០១៧​នេះ ក្រសួងមហាផ្ទៃ នឹង​ជ្រើសរើស​មន្ត្រី​ពន្ធនាគារ​ចំនួន​៣៥០​នាក់ ឲ្យ​បម្រើ​ការងារ​រ​ក្នុង​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ ក្រសួងមហាផ្ទៃ នៅតាម​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​នានា​តាម​ខេត្ត​មួយចំនួន​។ តាម​ក្រសួងមហាផ្ទៃ មន្ត្រី​ទាំង​៣៥០​នាក់​នេះ នឹងត្រូវ​ប​ញ្ជូ​ល​ទៅ​បម្រើ​ការងារ​នៅ​មណ្ឌល​កែប្រែ​ទី​១ មណ្ឌល​កែប្រែ​ទី​២ មណ្ឌល​កែប្រែ​ទី​៣ និង​មណ្ឌល​កែប្រែ​ទី​៤ ពន្ធនាគារ​ខេត្តកណ្តាល បាត់ដំបង សៀមរាប បន្ទាយមានជ័យ ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ពន្ធនាគារ​ខេត្តពោធិ៍សាត់​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ បេក្ខជន​អាច​រក​ពាក្យសុំ​ប្រឡង និង​ដាក់ពាក្យ​ប្រឡង​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​នាយកដ្ឋាន​រដ្ឋបាល សម្រាប់​បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មណ្ឌល​កែប្រែ​ទី​១ និង​មណ្ឌល​កែ​ប្រ​ទី​២ ។ សាលាខេត្ត​ត្បូងឃ្មុំ សម្រាប់​បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​នៅ​មណ្ឌល​កែប្រែ​ទី​៣ និង​នៅ​សាលាខេត្ត​ពោធិ៍សាត់​សម្រាប់​បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​នៅ​មណ្ឌល​កែប្រែ​ទី​៤ និង​នៅ​សាលាខេត្ត​កណ្តាល បាត់ដំបង សៀមរាប កំពង់ចាម និង​បន្ទាយមានជ័យ សម្រាប់​បេក្ខជន​ដែល​ចង់​ចូល​បម្រើ​ការងារ​នៅ​ពន្ធនាគារ​ខេត្ត​ទាំងនេះ​។​

​លក្ខខណ្ឌ​នៃ​ការដាក់​ពាក្យ បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​កាយសម្បទារ​គ្រប់គ្រាន់ និង​សុខ​ភាពល្អ​។ នារី​ត្រូវមាន​កម្ពស់​ចាប់ពី​១.៥៥​ម៉ែត្រ​ឡើង រីឯ​បុរស​ត្រូវមាន​កម្ពស់​ចាប់ពី​១.៦៥​ម៉ែត្រ​ឡើងទៅ ព្រមទាំង​ត្រូវមាន​សញ្ញាបត្រ​យ៉ាងហោច​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល​។ បើតាម​សេចក្តីជូនដំណឹង​ដដែល បេក្ខជន​មិនត្រូវ​ប្រាសចាក​សិទ្ធិ​រដ្ឋប្បវេណី និង​សិទ្ធិ​ជា​ពលរដ្ឋ​។ ជាមួយគ្នានេះ បេក្ខជន ត្រូវមាន​អាយុ​យ៉ាងតិច​១៨​ឆ្នាំ និង​យ៉ាងច្រើន​២៥​ឆ្នាំ ហើយ​កម្រិត​អាយុ​នេះ នឹងត្រូវ​រំកិល​ពី​២៥ ទៅ​៣៥​ឆ្នាំ សម្រាប់​អ្នក​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ​សមមូល និង​រំកិល​ដល់​៤០​ឆ្នាំ ចំពោះ​បេក្ខជន​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​សមមូល ព្រមទាំង​ត្រូវបាន​លើកលែង​កម្រិត​អាយុ សម្រាប់​បេក្ខជន​ដែលមាន​សញ្ញាបត្រ​ចាប់ពី​បណ្ឌិត​៕


Tag:
 មន្ត្រី​ពន្ធនាគារ​
 ​ មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com