ជាតិ
ក្រសួង​ធនធានទឹក​៖​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី ខណៈ​រាជធានី​-​ខេត្ត នឹង​ជួប​ជំនន់​ទឹកភ្លៀង​
10, Oct 2017 , 12:05 pm        
រូបភាព
​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​អូស​កាត់​លើ​ភាគ​ខាងជើង​កម្ពុជា នឹង​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ចាប់ពី​ថ្ងៃទី​១១ ខែតុលា​នេះ ដែល​នឹង​បង្ក​ឲ្យ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពិសេស​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២២ ខែតុលា​។  ទន្ទឹមនឹងនេះ ភ្លៀង​ក៏​ធ្លាក់​រាយប៉ាយ​ច្រើន​នៅលើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ដែលជា​ជំរុញ​ឲ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ដោយយោង​លើ​ការ​ព្យាករ​របស់ខ្លួន​ថា ប្រ​ព័​ន្ថ​សម្ពាធ​ទាប បាន និង​កំពុង​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​កម្ពុជា​។ ស្របពេល​ជាមួយគ្នានេះ វិ​សម្ពាធ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន និង​កំពុង​រំកិល​ខ្លួន​មកកាន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល​។ ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា វិ​សម្ពាធ​នេះ នឹង​បង្ក​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅលើ​ប្រទេស​កម្ពុជា បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​។ ហើយ​វា​នឹង  បន្ត​ស្ថិតនៅលើ​ប្រទេស​កម្ពុជា ជាច្រើន​ថ្ងៃ​បន្ថែមទៀត ដោយសារ​ចាប់ពី​ថ្ងៃទី​១១ ខែតុលា​នេះ សម្ពាធា​ទាប​ដែល​កើតឡើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​រំកិល​ខ្លួន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់​។​

​យោងតាម​ការ​ព្យាករ​អាកាសធាតុ​នេះ កម្ពុជា​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពិសេស​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២២ ខែតុលា ដែល​នឹងធ្វើ​ឲ្យ​រាជធានី ខេត្ត​ជាច្រើន អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ ទន្ទឹមនឹងនេះ ភ្លៀង​ក៏​ធ្លាក់​រាយប៉ាយ​ច្រើន​នៅលើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ដែលជា​ជំរុញ​ឲ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​៕


Tag:
 ជំនន់​ទឹកភ្លៀង​
 ​ ទឹកទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com