ជាតិ
នយោបាយជាតិ
សភា អនុម័តជាឯកច្ឆ័នលើសេចក្តីស្នើកែប្រែច្បាប់ចំនួន៤
× ភ្នំពេញ៖ សេចក្តីស្នើកែប្រែច្បាប់ចំនួន៤ ដែលបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី១៦ តុលានេះ ត្រូវបានអនុម័តជាឯកច្ឆ័ន ដោយក្រុមតំណាងរាស្ត្រ៦៧រូប មកពីខាងគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំសភាពេញអង្គនេះ គ្មានវត្តមានគណបក្សសង្គ្រោះជាតិឡើយ។
សម្រាប់ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ គឺមិនមានការពិភាក្សា និងសួរដេញដោលគ្នាអ្វីឡើយ ដោយគ្រាន់តែមានការថ្លែងអង្គហេតុ នៃការធ្វើវិសោធនកម្មច្បាប់នេះ ពីលោក ជាម យៀប និងលោក ប៉ែន បញ្ញា តំណាងសមាជិកសភាពីខាងគណបក្សប្រជាជន ។ បន្ទាប់ពីថ្លែងរួច ក្រុមតំណាងរាស្ត្រគណបក្សប្រជាជន បានលើកដៃអនុម័តជាឯកច្ឆ័ន តាមខ្លឹមសារមាត្រាច្បាប់នីមួយៗ នៃច្បាប់ទាំង៤នេះ។
សំណើវិសោធនកម្មច្បាប់ពីខាងសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា នោះរួមមានទី១ ច្បាប់ស្ដីពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទី២ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ទី៣ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
គួរបញ្ជាក់ថា ការធ្វើវិសោធកម្មច្បាប់បោះឆ្នោតទាំង៤នេះ ធ្វើឡើងស្របពេលបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ដល់ដៃតុលាការកំពូលហើយ ដើម្បីត្រួតពិនិត្យនឹងសម្រេចលើជោគវាសនាគណបក្សនេះ៕
Tag:
សភា
ច្បាប់
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com