ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្សប្រឆាំង និង​បក្ស​កាន់អំណាច ចោទ​គ្នា​ថា «​មិន​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​»
23, Oct 2017 , 9:39 pm        
រូបភាព
រូបភាព៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឡើងអានសារលិខិតរបស់ឯកឧត្តម កឹម សុខា ទៅកាន់អ្នកគាំទ្រ ដែលចូលរួមក្នុងពិធីអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើក២៦
រូបភាព៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឡើងអានសារលិខិតរបស់ឯកឧត្តម កឹម សុខា ទៅកាន់អ្នកគាំទ្រ ដែលចូលរួមក្នុងពិធីអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើក២៦
​ភ្នំពេញ​៖ ពី​ក្នុង​មន្ទីរឃុំឃាំង ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ថ្លែង​សារ​រម្លឹក​ថ្ងៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​សន្តិភាព​នៅ​កម្ពុជា​។ ប្រធាន​គណបក្សជំទាស់ យល់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ដើរ​ចេញពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ប៉ុន្តែ សម្តេច ហ៊ុន សែន ក៏បាន​អត្ថាធិប្បាយ​ដែរ​ថា មានតែ​អ្នក​ដែល​វាយប្រហា​រដ្ឋាភិបាល​ទេ ដែល​មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​


អត្ថបទទាក់ទង

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រារព្ធ​ខួប​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​សន្តិភាព​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣​តុលា​នេះ នៅ​ទី​ស្នាក់​កណ្តាល​គណបក្ស​។ បើទោះជា​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការកាត់ក្តី​ពីបទ​ក្បត់ជាតិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អាច​និយាយ​ទៅកាន់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានដែរ តាមរយៈ​សារលិខិត​ដែល​អាន​ដោយ លោក ម៉ៅ មុនី​វណ្ណ មន្ត្រីជាន់ខ្ពស់ និង​ជា​តំណាងរាស្ត្រ នៅ​ចំពោះមុខ​សកម្មជន និង​សមាជិក​ប្រមាណ​២០០​នាក់​។​

​លោក កឹម សុខា បានសរសេរថា​៖«​ខ្ញុំ​សង្កេតឃើញថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា ដើរ​ផ្លូវ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​ពី​មតិ​ជាតិ​និង​អន្តរជាតិ​»​។ តាមរយៈ​សារលិខិត​ដដែល​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​ខ្មែរ​គ្រប់ភាគី ជាពិសេស​គណបក្សនយោបាយ រួបរួមគ្នា​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​និង​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

«​សូម​បញ្ចប់​ការ​លាប​ពណ៌ ដើម្បី​បំបាត់​សំឡេង​ជំទាស់ ឈប់​បំ​បែប​បំបាក់ ដើម្បី​ឈានទៅរក​ការផ្សះផ្សារ​ជាតិ បង្រួបបង្រួម​ជាតិ​ដោយ​ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​សុំ​ឲ្យ​វិល​មករក​ការប្រកួតប្រជែង​គ្នា​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ទោះជា​គណបក្ស​ណា​ឈ្នះ​ឬ​ចាញ់ ក៏​យើងទាំងអស់គ្នា នៅតែ​ជា​ខ្មែរ​តែមួយ​»​។ នេះ​ការអំពាវនាវ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដែល​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ជា​ម្ចាស់​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ធ្វើ​អន្តរ​គម​ន៍​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ក៏មាន​សារ​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​។ ក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេសាប​នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២0១៧​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​កម្ពុ​ជា​ថា កម្ពុជា​កំពុង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ សម្តេច ហ៊ុន សែន វាយបក​វិញ​ថា មានតែ​ភាគី​ដែល​រិះគន់​រដ្ឋាភិបាល​ទេ ដែល​មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ប្រធាន​គណបក្សកាន់អំណាច បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារតែ​គេ មិនបាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ហើយ បាន​ជាមាន​គណបក្សនយោបាយ​មួយ នឹង​អាច​ត្រូវ​រំលាយ​នៅពេល​ខាងមុខ ហើយ​ត្រូវ​កាត់ទោស​អ្នក​ដែល​ក្បត់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​»​។

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បង្កើតឡើង ដើម្បី​រក្សា​សន្តិភាព ការពារ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា​។ ប្រទេស​ដែលជា​ម្ចាស់​ហត្ថលេខា រួមមាន កម្ពុជា អូស្ត្រាលី ព្រុយ​ណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី សហភាពសូវៀត ថៃ អង់គ្លេស អាមេរិក និង​វៀតណាម​៕


Tag:
 កិច្ចព្រមព្រៀង​ក្រុងប៉ារីស​
  កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com