អន្តរជាតិ
ទូតអាមេរិក៖ អវត្តមានលោក ត្រាំ ក្នុងកិច្ចប្រជុំអាស៊ីបូព៌ាមិនបញ្ជាក់ជំហរអាមេរិកចំពោះតំបន់អាស៊ីឡើយ
× បេសកជនអាមេរិកប្រចាំហ្វីលីពីនអះអាងថា ការសម្រេចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ារបស់ប្រធានាធិបតីអាមេរិកពាក់ព័ន្ធការរៀបចំកាលវិភាគសុទ្ធសាធមិនមែនពាក់ព័ន្ធជំហររបស់អាមេរិកចំពោះតំបន់ឡើយ។ អាមេរិកនៅតែប្តេជ្ញាចិត្តរក្សាជំហរឥតងាករេដើម្បីពង្រឹទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ដដែល។
លោក ដូណាល់ ត្រាំ សម្រេចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃ ១៤ ខែវិច្ឆិកានៅហ្វីលីពីនឡើយ បើទោះជាលោកចូលកិច្ចកិច្ចប្រជុំកំពូលអាមេរិកអាស៊ាននៅទីនោះក្តី។ ទាក់ទិនការសម្រេចចិត្តនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងម៉ានីល បានអះអាងថា ការសម្រេចនេះមិនទាក់ទងនឹងជំហររបស់រដ្ឋបាលអាមេរិកចំពោះតំបន់អាស៊ីឡើយ។
ទីភ្នាក់ងារព័ត៌មាន GMA បានស្រង់សម្តីអគ្គរដ្ឋទូតអាមេរិកលោក Sung Kim ដូច្នេះថា៖ ហេតុផលសំខាន់ជាងគេ គឺលោកប្រធានាធិបតីត្រូវត្រឡប់ទៅវ៉ាស៊ីនតោននៅថ្ងៃ ១៤ ខែវិច្ឆិកា។ ហេតុនេះហើយលោកមិនអាចចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ាបានឡើយ»។
វាជាជាបញ្ហាកាលវិភាគនៃដំណើរទស្សនកិច្ចសុទ្ធសាធ។ ខ្ញុំមិនយល់ថា ការដែលប្រធានាធិបតីមិនអាចចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា មិនមែនឆ្លុះបញ្ចាំឲ្យឃើញពីការប្តេជ្ញាចិត្តឬឆន្ទៈរបស់យើងចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ»។
ការផ្តល់ចម្លើយបកស្រាយរបស់បេសកជនការទូតក្រុងវ៉ាស៊ីនតោននេះ ធ្វើឡើងក្រោយមានការរិះគន់ និងវាយតម្លៃថា ការមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកគឺដោយសារលោក ត្រាំ មិនសូវចាប់អារម្មណ៍តំបន់អាស៊ីដូចលោក បារ៉ាក់ អូបាម៉ាឡើយ។
តាមពិតទៅ កិច្ចប្រជុំអាស៊ីបូព៌ាមេដឹកនាំអាស៊ានទាំងដប់ រួមជាមួយមេដឹកនាំប្រទសធំៗក្នុងតំបន់ប្រាំបីផ្សេងទៀតក្នុងនោះមានមេដឹកនាំកូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី ជប៉ុន ឥណ្ឌា នូវែលសេឡង់ ចិន និងសហរដ្ឋអាមេរិកផងដែរ។
ពេលស្ថិតនៅប្រទេសហ្វីលីពីនពីថ្ងៃ ១២ដល់ថ្ងៃ ១៣ វិច្ឆិកា លោក ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំអាមេរិក អាស៊ាន ហើយតំណាងរបស់លោកផ្ទាល់នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាជំនួសលោកវិញនៅថ្ងៃ ១៤ ខែវិច្ឆិកា។ ក្នុងពេលនោះដែរ លោក ត្រាំ នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានប្តូរវេន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ដោយផ្តោតលើទំនាក់ទំនងទ្វេភាគីផង បញ្ហាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង បញ្ហាសន្តិសុខសមុទ្រ និងការប្រឆាំងភេរវកម្មជាដើមផងដែរ។
ទោះជាលោក ត្រាំ មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្តី វត្តមានរបស់លោកនៅអាស៊ីជាពិសេសតំបន់អាស៊ីអាគ្នេយ៍បង្ហាញឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ និងដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងតំបន់។ លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រធានាធិបតីវៀតណាម Tran Dai Quang និងប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលជាប្រធានអាស៊ានផងដែរ៕
Tag:
អាស៊ីប៉ាស៊ីហ្វិក
ដូណាល់ ត្រាំ
រ៉ូឌ្រីហ្គោ ឌូទើតេ
Sung Kim
© រក្សាសិទ្ធិដោយ thmeythmey.com