ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ប្រឈម​កាន់តែ​តិច​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​
30, Oct 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Independent បាន​ឲ្យ​ដឹងថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាចជួយ​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។ អ្នកស្រាវជ្រាវ​គិតថា អាស៊ីត​អ៊ុយ​រិ​ក​ដែល​បង្ក​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ប្រហែល​ជាមាន​ឥទ្ធិពល​ការពារ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។​



​អាស៊ីត​អ៊ុយ​រិ​ក​គឺជា​ផលិតផល​កាកសំណល់​មួយ​ប្រភេទ​ដែលជា​ធម្មតា​ត្រូវបាន​បញ្ចេញ​ចោល​ពី​ក្នុង​រាងកាយ​។ ក្នុងករណី​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ អាស៊ីត​មួយ​នេះ​បារ​ជា​កើនឡើង​ក្នុង​សន្លាក់​មួយ​ឬ​ច្រើន​ជា​ប្រភេទ​គ្រី​ស្តា​ល​តូចៗ​ទៅវិញ​។ បន្ទាប់មក វា​នឹង​បង្ក​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដដែល​ជាធម្មតា​នឹងធ្វើ​ឲ្យ​ឈឺចាប់ និង​ហើម​ភ្លាមៗ​នៅ​ជុំវិញ​សន្លាក់​។​

​តាម​ការស្រាវជ្រាវ​មុនៗ​បាន​រកឃើញថា អាស៊ីត​អ៊ុយ​រិ​ក​ក៏​ជា​អង់​ទី​អុកស៊ីដ​ង់ (​ជួយ​ការពារ​កុំ​ឲ្យ​ខូចខាត​ដល់​កោសិកា​) អ្នកស្រាវជ្រាវ​ជាច្រើន​ចង់ដឹងថា​តើ​អាស៊ីត​អ៊ុយ​រិ​ក​អាច​ការពារ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ​ឬ​អត់​?

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ព័ត៌មាន​ពី​ទិន្នន័យ​របស់​អង់គ្លេស​ដែលមាន​អ្នកជំងឺ​ច្រើនជាង ៣,៧​លាន​នាក់​។ ពួកគេ​បាន​ផ្គូផ្គង​អ្នក​ដែលមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ​ដែលមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ហើយ​តាមដាន​ពួកគេ​ជា​មធ្យម ៥​ឆ្នាំ​ដើម្បី​ចង់ដឹងថា​តើ​ថ្ងៃក្រោយ​មាន​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឬ​អត់​។ ពួកគេ​បាន​បញ្ចូល​នូវ​កត្តា​ជាច្រើន​នៅពេល​វិភាគ​លទ្ធផល​ដូចជា ការប្រើ​ថ្នាំ និង​អាយុ​ជាដើម​។​

​ពួកគេ​បាន​រកឃើញ ៣០៩​នាក់​ពី​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ៥៩២២៤​នាក់ ដែល​ស្មើនឹង ០,៥​ភាគរយ បាន​កើតជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​មាន ១៩៤២​នាក់​ក្នុងចំណោម​អ្នកជំងឺ​ដែល​គ្មាន​ជំងឺ​រលាក​សន្លាក់ ២៣៨៨០៥​នាក់ ដែល​ស្មើនឹង ០,៨​ភាគរយ គឺមាន​ការថយចុះ​ការប្រឈមមុខ​រហូតដល់ ២៤​ភាគរយ​ឯណោះ​។​

​ការសិក្សា​មិនបាន​អះអាងថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺជា​វិធី​ការពារ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឡើយ ព្រោះ​តែមាន​កត្តា​ជាច្រើន​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការសិក្សា​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com