ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​លើក​តែ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុងជំនួប​អាស៊ាន​-​អាមេរិកាំង​ខាងមុខ​
31, Oct 2017 , 7:59 pm        
រូបភាព
រូបឯកសារ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិកាំង​ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិកាំង​ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ដោយ:
ភ្នំពេញ ៖ ​ក្នុង​អង្គប្រជុំ​អាស៊ាន​-​អាមេរិក​ជា​លើកទីមួយ ដែលមាន​ការចូលរួម​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណា​ល់ ត្រាំ នៅ​ខែក្រោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​និយាយ​តែ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​ជៀសវាង​មិន​លើក​ពី​បញ្ហានយោបាយ​ក្នុងស្រុក​នោះទេ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​។



​លោក ផៃ ស៊ី​ផាន រដ្ឋលេខា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ការប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ នៅក្នុង​ខែវិច្ឆិកា​ខាងមុខ នៅឯ​ប្រទេស​ហ្វីលីពីន​។​

​លោក ផៃ ស៊ី​ផាន បានបង្ហាញ​ក្ដី​រំពឹងថា បញ្ហានយោបាយ​នៅក្នុង​ប្រទេស​នីមួយៗ នឹងមិន​ត្រូវបាន​លើកឡើង​យកមក​ពិភាក្សា លុប​លើ​របៀបវារៈ​សេដ្ឋកិច្ច ដែលជា​ចំណូលចិត្ត​របស់លោក ត្រាំ ឡើយ​។​

«​ហើយ​អ្វីដែល​កម្ពុជា និង​ត្រាំ គិត​ដូចគ្នា​ហ្នុ​ង គឺ​មិនមែន​បញ្ហា​នៃ​ការឈ្លានពាន​លូកដៃ ប៉ះពាល់​ដល់​ដែន​អធិបតេយ្យភាព​រៀងៗ​ខ្លួន​ទេ​។ ដូចជា ត្រាំ បាន​ធ្វើជា​ឧទាហរណ៍​ជាក់ស្ដែង​ជាមួយនឹង​ថៃ និយាយ​អំពី​សេដ្ឋកិច្ច ដូច្នេះ​បំណង​ខ្ពស់​របស់​កម្ពុជា ក៏ដូចជា​អ្នកដទៃ​ហ្នឹង គឺ​និយាយ​អំពី​សេដ្ឋកិច្ច និយាយ​អំពី​ស្ថិរភាព និយាយ​អំពី​សន្តិភាព​។ ដូច្នេះ​ប្រហែល​បញ្ហា​នេះហើយ​ដែល​អាច​និយាយ​គ្នា​បាន បាទ​!»​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ប្រាប់​VOA​ថា បទពិសោធន៍​យូរ​ឆ្នាំ​នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា និង​ការចូលរួម​ប្រជុំ​កិច្ចការ​អាស៊ាន នឹង​ជា​ផលទុន​សម្រាប់​លោក ហ៊ុន សែន ក្នុងការ​លើកឡើង​បញ្ហា​សមូហភាព​អាស៊ាន ត្រូវ​ចំណុច​ចាប់អារម្មណ៍​ដែល​ត្រូវ​ពិភាក្សា និង​ដោះស្រាយ​។​

«​លោក [​ហ៊ុន សែន​] ស្គាល់​ច្បាស់​ពី​បញ្ហា​អាស៊ាន ដែល​ប្រឈម លោក​ស្គាល់​ច្បាស់​អំពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នានា ដែល​កើតមានឡើង​នៅ​ជុំវិញ​ពិភពលោក​។ ហើយ​លោក ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដែលមាន​ពិសោធន៍​ច្រើន ដែល​គេ​ឱ្យ​តម្លៃ​លោក នៅក្នុង​តំបន់​អាស៊ាន​»​។​

​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​វ៉ាស៊ីនតោន បាន​ស្គាល់​តែ​ភាព​រកាំរកូស នាពេល​ថ្មីៗ​នេះ ខណៈដែល​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​នឹង​ចូលមក​ដល់​។ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​មេដឹកនាំ​គណបក្សប្រឆាំង​ដាក់ពន្ធនាគារ និង​ចោទប្រកាន់​ពីបទ​ចូល​ដៃ​ចូល​ជើង​នឹង​សហរដ្ឋអាមេរិក ប្រុង​ប៉ែង​ជើង​ផ្ដួលរំលំ​រដ្ឋអំណាច​ក្រុងភ្នំពេញ​។​

​នៅក្នុង​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ ដែល​ផលិត​ដោយ​រដ្ឋាភិបាល​កម្ពុជា សហរដ្ឋអាមេរិក​ត្រូវបាន​ចោទប្រកាន់ថា​មាន​គម្រោង​ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន រៀបចំ​ផែនការ «​បដិវត្តន៍​ពណ៌​» ប្រុងប្រៀប​ឱ្យមាន​ការផ្លាស់ប្ដូរ​រប​ប​នៅ​ប្រទេស​កម្ពុជា​។​

​ក៏ប៉ុន្តែ​សហរដ្ឋអាមេរិក ជា​បន្តបន្ទាប់​បានប្រកាស​ច្រានចោល​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​នៃ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បានទាមទារ​ឱ្យមាន​ការដោះលែង​លោក កឹម សុខា និង​បើកចំហ​ឱ្យមាន​លំហ​សារព័ត៌មាន​សេរី និង​លំហ​នយោបាយ​សិទ្ធិ​សេរី​ឡើងវិញ ដើម្បី​ធានាឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី​នៅ​ឆ្នាំក្រោយ​។​

​បណ្ដា​ប្រទេស​បស្ចិម​លោក​នានា​ក៏បាន​សម្ដែង​ការអំពាវនាវ​ស្រដៀង​គ្នា​នេះ​ផងដែរ ស្រប​ពេលដែល​រដ្ឋាភិបាល​ខ្មែរ​នៅតែ​រក្សា​ជំហរ​មិន​បែរក្រោយ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​តែមាន​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​នយោបាយ យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេស​ចិន ដែល​បានប្រកាស​គាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​រាជធានី​ភ្នំពេញ និង​ស្ថាន​បេសកកម្ម​អាមេរិកាំង​នៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ចា​កាតា បាន​បដិសេធ​មិន​ផ្ដល់យោបល់​អ្វី​ទៅលើ​គម្រោង​នៃ​របៀបវារៈ​របស់ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​នឹង​លើក​យកមក​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​អាស៊ាន​ឡើយ​។​

​បើ​យោងតាម​សេចក្តីប្រកាស​មួយ​របស់​អ្នកនាំពាក្យ​សេត​វិមាន ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រាំ មកកាន់​ទ្វីបអាស៊ី​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា មកកាន់ កោះ​ហា​វ៉ៃ ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន នឹង​ជា​ឱកាស​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិកាំង ដើម្បី «​គូសបញ្ជាក់​អំពី​ការតាំង​ចិត្ត​របស់លោក​ចំពោះ សម្ព័ន្ធភាព និង​ភាពជា​ដៃគូ​ដ៏​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក និង​ក្នុងការ​បញ្ជាក់​ឡើងវិញ​អំពី​ភាពជា​ដឹកនាំ​របស់​សហរដ្ឋអាមេរិក ក្នុងការ​លើកកម្ពស់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​សេរី និង​បើកចំហ​»​។​

​លោក សូ ចន្ថា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​និយាយថា សហរដ្ឋអាមេរិក បើទោះជា​ស្ថិតក្នុង​អាណត្តិ និង​ការដឹកនាំ​របស់លោក ត្រាំ ដែលមាន​ប្រភព​សាវតា​ចេញពី​ពិភព​ជំនួញ​យ៉ាងណាក្ដី នឹង​មិនទាន់​បោះបង់ចោល​នោះទេ គោល​តម្លៃ​ជា​អត្តសញ្ញាណ​នយោបាយ​ការបរទេស​របស់ខ្លួន រួមមាន ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការដើរតាម​គន្លង​នីតិរដ្ឋ​។​

«​ប្រសិនបើ​ប្រធានាធិបតី​អាមេរិក មិន​លើកឡើង​[​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​]​នោះទេ ខ្ញុំ​គិតថា រូបភាព​របស់​សហរ​ដ្ឋ​អាមេរិក នឹង​ត្រូវបាន​ធ្លាក់ចុះ​ទៅវិញ​ទេ​។ មានន័យថា ការណ៍​ដែល​សហរដ្ឋអាមេរិក​មិនបាន​ឈឺឆ្អាល ឬ​មិនបាន​គិតគូរ​អំពី​បញ្ហា​ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក​បាត់​នូវ​ប្រជាប្រិយភាព​ដោយ​ខ្លួនឯង​»​។​

​អ្នកវិភាគ​នយោបាយ​រូបនេះ​ក៏បាន​បន្ថែម​ដែរ​ថា បើទោះជា​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​មាន​ចំណាប់អារម្មណ៍​តិចតួច​លើ​បញ្ហានយោបាយ​ក្នុងប្រទេស​សា​ម៉ី ក៏ប៉ុន្តែ​បណ្ដា​ទីប្រឹក្សា​គ្រប់ផ្នែក​ពហុ​វិស័យ​របស់លោក មុខជា​នឹង​ផ្ដល់នូវ​ការប្រឹក្សា​ដែលនាំឱ្យ​លោក​សម្រេចចិត្ត និង​បញ្ចេញ​វោហារ​សព្ទ​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​ជាក់​ជាមិនខាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com