ជាតិ
បុណ្យអុំទូក​នៅ​សៀមរាប​ធ្វើ​ដំណាលគ្នា​នៅ​រាជធានី​ភ្នំពេញ​
31, Oct 2017 , 11:44 am        
រូបភាព
​សៀមរាប​៖ ព្រះរាជ​ពិធី បុណ្យ អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តសៀមរាប នឹង​រៀបចំ​ដំណាលគ្នា​ទៅនឹង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ បុណ្យអុំទូក​នៅ​ខេត្តសៀមរាប ធ្វើឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​



​ដូច​សព្វមួយដង ពិធីបុណ្យ​អុំទូក តែង​រៀបចំ​ធ្វើ​នៅ​បណ្តោយ​ស្ទឹង​សៀមរាប ចាប់ពី​ចំណុច​ស្ពានថ្ម​ព្រះរាជដំណាក់ ឆ្ពោះទៅ​ផ្នែក​ខាងត្បូង​មុខ​វេទិកា​ផ្តាច់ព្រ័ត្រ ត្រង់ចំណុច​ស្ពានថ្ម វត្ត​ព្រះព្រហ្ម​រតន៍​។ តាម​របាយការណ៍​រប​ស់​គណៈកម្មការ​ទូក នៅ​ឆ្នាំនេះ មាន​ទូក​ចូលរួម​ចំនួន ៣០​ទូក ដែល​មកពី​បណ្តា​ស្រុក និង​ទូក​ខ្លះ មកពី​ខេត្តបន្ទាយមានជ័យ​ក៏មាន​។​

​គេ​សង្កេតឃើញថា បដា​អបអរ​សា​ទេ ភ្លើង​បំភ្លឺ ស្តង់​លក់ទំនិញ  និង​ការតុបតែង​ផ្សេងៗ ត្រៀម​ស្វាគមន៍​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បានរៀបចំ​រួចរាល់​ហើយ​ដែរ​។ ចំណែក​ចរាចរណ៍ ហាក់​ផ្តើម​កកស្ទះ​នៅ​ចំណុច​ខ្លះៗ​ក្នុង​ទីក្រុង ចំណែក​កម្លាំងចម្រុះ ក៏​ចាប់ផ្តើម​ពង្រាយ​នៅ​គោលដៅ​រៀងៗ​ខ្លួន ជា​បណ្តើរៗ​ហើយ​ដែរ​។​

​ស្នងការរង​ខេត្តសៀមរាប ទទួលបន្ទុក​ផ្នែក​សេនាធិការ លោក កាន់ សម្បត្តិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា​ថា កម្លាំងចម្រុះ​ដែល​ត្រៀម​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​អុំ​ទុក​ឆ្នាំនេះ មាន​ចំនួន ៧២៧​នាក់ ដែល​រួមមាន កងរាជអាវុធហត្ថ សឹក​រង និង​ប៉ូលិស​។ កម្លាំង​ទាំងអស់ នឹង​ប្រចាំការ​ត្រង់​គោលដៅ​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ វិច្ឆិកា​។ នេះ​ជាការ​បញ្ជាក់​របស់លោក កាន់ សម្បត្តិ​។​

​គួររម្លឹកថា យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បុណ្យអុំទូក កាលពី​ឆ្នាំ​២០១៦ បាន​ទាក់ទាញ​ទេសចរ​សរុប ជាង ២​សែន​នាក់ ក្នុងនោះ ទេសចរ​បរទេស មាន​ជាង ៣​ម៉ឺន​នាក់​៕


Tag:
 អុំទូក​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com