កីឡាជាតិ
ជាតិ
កីឡាករ​ពិការ​ផ្នែក​អត្តពលកម្ម សាន សុ​ត ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
31, Oct 2017 , 7:39 pm        
រូបភាព
កីឡាករ សាន សុត
កីឡាករ សាន សុត
ដោយ: ថ្មីៗ
​កីឡាករ​ប៉ា​រ៉ា សាន សុ​ត ផ្នែក​អត្តពលកម្ម​កម្រិត T44 បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​៣០ តុលា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ឆ្នាំង​។ មរណភាព​របស់ សាន សុ​ត ជាការ​បាត់បង់​ធនធាន​មួយ​ដ៏​គួរ​ឲ្យ​សោកស្តាយ ព្រោះ​កាលពីពេល​ថ្មីៗ​រូបគេ​ទើប​ប្រឡង​ជាប់​ផ្នែក IT នៅ​ប្រទេស​វៀតណាម​។​



​កីឡាករ​ជនពិការ សាន សុ​ត ផ្នែក​អត្តពលកម្ម​កម្រិត T44 បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈដែល​រូបគេ​ចាក​ចេញពី​ភ្នំពេញ​ទៅលេង​ស្រុកកំណើត​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា នៅ​ខេត្តកំពង់ឆ្នាំង​។​

​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់​កីឡាករ​ជនពិការ សាន សុ​ត​។ លោក​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា​៖«​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មន្ត្រី និង​អត្ត​ព​លិ​ក​ជនពិការ​ទាំងអស់​មា​ន​ទុក្ខ​ជា​ទម្ងន់​ដោយសារ​កីឡាករ សាន សុ​ត បានទទួល​មរណភាព យើងទាំងអស់គ្នា​មាន​ក្តី​អាឡោះអាល័យ​ជា​ពន់ពេក និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​»​។​

​អគ្គលេខាធិការ​រូបនេះ​បានចាត់ទុក​ការស្លាប់​របស់​កីឡាករ សាន សុ​ត ជាការ​បាត់បង់​ធនធាន​មួយ​សំខាន់ និង​សោកស្តាយ​បំផុត​ព្រោះ​កាលពីពេល​ថ្មីៗ​តាមរយៈ DAC កីឡាករ​រូបនេះ​បាន​ប្រឡង​ជាប់​ផ្នែក IT ក្នុង​កម្រិត​មេដាយប្រាក់​នៅ​ប្រទេស​វៀតណាម​៕  


Tag:
 អត្តពលកម្ម T44
  សាន សុ​ត​
  មរណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com