ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន​៖ ពិភពលោក ក៏​ដូច​កម្ពុជា​ដែរ កំពុង​ខំ​ស្រូបយក​ទេសចរ​ចិន​
31, Oct 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា មិនមែន​តែ​កម្ពុជា​នោះទេ តែ​ពិភពលោក​ទាំងមូល កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យ​ចូលមក​ប្រទេស​របស់គេ​រៀងៗ​ខ្លួន​។ លោក ថោង ខុន ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​លើក​ទី​២​ស្ដីពី​ទីផ្សារ​ទេសចរណ៍​ចិន និង​ការត្រៀម​លក្ខណៈសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិន (China Ready) នៅ​ថ្ងៃទី​២​ខែតុលា​។



​ក្នុង​ឆ្នាំ​២០១៦ ទេសចរ​ចិន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ចំនួន ១២២​លាន​នាក់ កើនឡើង ៤,៣​ភាគរយ ដោយ​ចំណាយ​ប្រមាណ ២៦១​ពាន់​លាន​ដុល្លារ​។ ហើយ​នៅ​ឆ្នាំ​២០២០ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)   បាន​ព្យាករ​ថា ទេសចរ​ចិន​ទៅ​ក្រៅប្រទេស​នឹង​កើន​ដល់ ២០០​លាន​នាក់ ជាមួយ​ទំហំ​ចំណាយ ៤២០​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​តួលេខ​ដែល​ថ្លែង​ដោយ​លោក ថោង ខុន ។​

​កម្ពុជា​កំពុង​ត្រៀមខ្លួន​ស្រូបយក​ភ្ញៀវទេសចរ​ចិន ដូច​បណ្ដា​ប្រទេស​ដទៃទៀត​ដែរ​។ រដ្ឋាភិបាល​បានកំណត់​ទិសដៅ​ទាក់ទាញ​ទេសចរ​ចិន​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាងមុខ តាមរយៈ​ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ «China Ready» ។ ចំនួន​នេះ គឺ​ស្មើនឹង ១​ភាគរយ​នៃ​ចំនួន​ទេសចរ​ចិន​ទៅ​ក្រៅប្រទេស​ឆ្នាំ​២០២០ ។ នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​រំពឹង​ទាក់ទាញ​ទេសចរ​ចិន​ចំនួន ១​លាន​នាក់ ដោយ​ឈរលើ​មូល​ដា្ឋ​ន​កំណើន​កាលពី​ឆ្នាំ​២០១៦ ដែលមាន​ទេសចរ​ចិន ៨៣​ម៉ឺន​នាក់ (​មិន​រាប់បញ្ចូល​ចិន​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) កើនឡើង ២០​ភាគរយ​។ ដោយឡែក ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេស​ចិន ៧៤​ម៉ឺន​នាក់ កើនឡើង​ជាង ៤៤​ភាគរយ ដោយ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់​ទី​១​។​



UNWTO បានផ្ដល់​អនុសាសន៍​ដ​ល់​ប្រទេស​សមាជិក​ខ្លួន ឲ្យ​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​។ និន្នាការ​នេះ ត្រូវបាន​លោក ថោង ខុន លើកឡើងថា​គឺ​ស្រប​នឹង​យុទ្ធសាស្ត្រ ខ្សែក្រវាត់​មួយ វិថី​មួយ របស់​រដ្ឋាភិបាល​ចិន​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ទៀតថា​៖«​បើ​យើង​មិន​ទទួល​ទីផ្សារ​ទេសចរ​ចិន គឺ​យើង​ថយក្រោយ​ហើយ ព្រោះ​ពិភពលោក​ទៅ​អស់ហើយ​»​។​

​ក្រៅពី​សម្រួលការ​ធ្វើដំណើ​រ ការផ្ដល់សេវា​ប្រកបដោយ​គុណភាព ដែល​រួមបញ្ចូល​ទាំង​ផ្នែក​ភាសា​ជាដើម លោក ថោង ខុន បាន​ជំរុញ​ឲ្យ​មានការ​គិតគូរ​ដល់​ផលិតផល​ទេសចរណ៍​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ មានប្រសាសន៍​ដូចនេះ​ថា​៖«​ដើម្បី​ឲ្យ​ទេសចរ​ចិន​មក​ច្រើន ទាល់​តែមាន​ផលិតផល​ទេសចរណ៍​។ មិនមែន​ចិន​មក​កម្សាន្ត​តែ​នៅ​អង្គរវត្ត​ទេ តែ​ត្រូវបង្កើត​ផលិតផល​ទេសចរណ៍​នៅ​តំបន់​ផ្សេងទៀត ដូចជា​នៅ​តំបន់​មាត់សមុទ្រ ភ្នំពេញ អេកូ​ទេសចរណ៍ បឹង​ទន្លេសាប ទន្លេមេគង្គ​»​។ ត្រូវ​ស្គាល់​ទីផ្សារ​នេះ​ឲ្យ​ច្បាស់ ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​»៕


Tag:
 ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com