ជាតិ
បក្ស​៩ ត្រូវបាន​តុលាការ​កំពូល រំលាយចោល តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ
31, Oct 2017 , 5:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ​កំពូល បានប្រកាស​សាលដីកា ដោយ​សម្រេច​រំលា​យគណ​បក្សនយោបាយ​ចំនួន​៩ នៅ​ថ្ងៃទី​៣0 ខែតុលា ឆ្នាំ​២0១៧​។ នេះ​បើតាម​លោក នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល ដែល​បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​។



​ក្រសួងមហាផ្ទៃ ជាដើម​បណ្តឹង ដែល​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​ទាំងនោះ​។ ក្នុងចំណោម​គណបក្ស​ទាំង​៩ មាន​គណបក្ស​ខ្លះ មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ ទៅកាន់​ក្រសួងមហាផ្ទៃ​ឡើយ ដែលជា​ទង្វើ​ខុស​ទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ​គណបក្ស​ខ្លះទៀត បាន​ជាប់​បណ្តឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ​។ នេះ​ជា​មូលហេតុ ដែល​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​ទាំងនោះ​ចោល​។

​គណបក្ស​ទាំង​៩ ដែល​ត្រូវបាន​តុលាការ​កំពូល រំលាយចោល​នោះ រួមមាន គណបក្ស​ប្រជា​ជាតិខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី គណបក្ស​ខ្មែរ​ជាតិនិយម គណបក្ស​នាងនាគ​នារី​ខ្មែរ គណបក្ស​ពន្លឺសេរីភាព​លោក ថាច់ រ៉េ​ង គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា និង​គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ​។ 

​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា និង​ជា​គូប្រកួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច ក៏​ត្រូវបាន​ក្រសួងមហាផ្ទៃ ប្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​ផងដែរ​។ សម្រាប់​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។

​តុលាការ​កំពូល បានកំណត់​កាលបរិច្ឆេទ​រួចហើយ​ថា​នឹង​បើកសវនាការ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 តុលាការ​
  រំលាយ​គណបក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com