ជាតិ
EU សរសើរ​ការរីកចម្រើន​របស់​កម្ពុជា ដែល​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​
31, Oct 2017 , 11:19 pm        
រូបភាព
រូបលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ និងគណៈប្រតិភូសហភាពអឺរ៉ុប
រូបលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ និងគណៈប្រតិភូសហភាពអឺរ៉ុប
​ភ្នំពេញ​៖ គណប្រតិភូ​សហភាព​អឺរ៉ុប បាន​សរសើរ​ការរីក​ចម្រើន​របស់​កម្ពុជា ចំពោះ​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សហភាព​អឺរ៉ុប បើកចំហ​ទីផ្សារ​សេដ្ឋកិច្ច សម្រាប់​ប្រទេស​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។​



​ក្នុងជំនួប​ពិភាក្សាគ្នា​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​គណប្រតិភូ​សហភាព​អឺរ៉ុប បាន​រំ​ឮ​ក​ពី​ទំនាក់ទំនង​គ្នា​ល្អ រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។ អ្វីដែល​ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​សភា​អឺរ៉ុប​លោក Werner Langen ចាប់អារម្មណ៍​នោះ គឺ​ការកើនឡើង​នូវ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សា​របស់​អឺរ៉ុប ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ដែលមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

​កម្ពុជា អាច​នាំ​ទំនិញ​គ្រប់បែបយ៉ាង​ចូល​ទីផ្សា​អឺរ៉ុប ដោយ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។ ប៉ុន្តែ​កម្ពុជា មិនអាច​នាំ​អាវុធ​លក់​ក្នុង​ទីផ្សា​អឺរ៉ុប​បានឡើយ​។

​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​និយាយថា ការបើក​ទីផ្សា​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» នេះ ជាការ​រួមចំណែក​ដ៏​ធំ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​ការលើកស្ទួយ​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការបង្កើត​ការងារ​រាប់ពាន់​ដល់​ពលករ​កម្ពុជា ដែល​បាន​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​ក្រុមគ្រួសារ​។ 

​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ស្រង់​សម្ដី​លោក ប្រាក់ សុខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សង្ឃឹមថា​ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នៅក្នុង​ពេលអនាគត​។ ស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បំណងប្រាថ្នា​របស់​សហភាព​អឺរ៉ុប ក្នុងការ​បង្កើន​នូវ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ជាមួយនិង​កម្ពុជា​»​។​

​កន្លងមក​កម្ពុជា​ត្រូវបាន​គេ​ប៉ាន​ប្រមាណ​ថា បាន​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ប្រមាណ​ជា​៧០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ក្រៅពី​បើកចំហ​ទីផ្សា តាម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ សម្រាប់​កម្ពុជា​នោះ សហភាព​អឺរ៉ុប ក៏បានផ្ដល់​ជំនួយ​ជាច្រើន ដល់​ប្រទេស​កម្ពុជា​ផងដែរ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​។ ជា​ស្ដែង​សហភាព​អឺរ៉ុប បានផ្ដល់​ជំនួយ​ដល់​កម្ពុជា ចំនួន​៤១០​លាន​យូរ៉ូ (​ជាង​៤៧៧​លាន​ដុល្លារ​) សម្រាប់​ការអភិវឌ្ឍ​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០៕


Tag:
 EU
 ​ ប្រាក់ សុខុន​
 ​ ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com