កីឡាជាតិ
ជាតិ
AFC U19៖ ក្នុងនាមជាក្រុមលេខ២ កម្ពុជាកំពុងអ៊ុតមើលលទ្ធផល៩ពូលផ្សេងទៀត
× ក្រុមកីឡាបាល់ទាត់អាយុក្រោម១៩ឆ្នាំកម្ពុជា កំពុងអ៊ុតមើលវាសនារបស់ខ្លួនក្នុងព្រឹត្តិការណ៍ AFC U19 Championship 2018 ក្រោយឈរចំណាត់ថ្នាក់លេខ២ ពូល G បន្ទាប់ពីចិន។ ជាមួយនឹងការទទួលបាន៣ពិន្ទុ (+០) កម្ពុជាត្រូវរង់ចាំរហូតដល់ការប្រកួត៩ពូលផ្សេងទៀតចប់សព្វគ្រប់ ខណៈការប្រកួតទាំងនោះបានចាប់ផ្តើមហើយ។
សម្រាប់ការប្រកួតជម្រុះពូល G នៃវគ្គជម្រុះ AFC U19 Championship 2018 នៅពហុកីឡដ្ឋានជាតិ កម្ពុជា បានចាញ់ចិន ១-០ ឈ្នះមីយ៉ាន់ម៉ា ៣-២ និងស្មើហ្វីលីពីន ០-០ ។ នៅក្នុងពូលនេះ ចិន បាន៩ពិន្ទុ ដើម្បីទទួលកៅអីដោយស្វ័យប្រវត្តិទៅកាន់ប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជាមាន៤ពិន្ទុស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ។
សម្រាប់តំណែងលេខ២ល្អនៃពានរង្វាន់យុវជនអាស៊ីនេះ ជំនួបជាមួយក្រុមបាតតារាងមិនត្រូវរាប់បញ្ចូលឡើយដោយសារក្រុម Northern Mariana Islands ដែលស្ថិតនៅក្នុងពូល J និងអាហ្វហ្គានីស្ថាន ដែលឈរនៅពូល C បានដកខ្លួនចេញ។ ចំណែក ពូលដែលមាន៥ក្រុមដូចជាពូល A, B និង F លទ្ធផលជាមួយក្រុមចំណាត់ថ្នាក់លេខ៤ និងលេខ៥ក៏មិនត្រូវបានបូកបញ្ចូលដែរ។
ករណីមានន័យថា U19 កម្ពុជា មាន៣ពិន្ទុ (+០) ដោយផ្អែកលើលទ្ធផលចាញ់ចិន ១-០ និងឈ្នះមីយ៉ាន់ម៉ា ៣-២ ខណៈលទ្ធផលស្មើ ០-០ ជាមួយហ្វីលីពីន មិនត្រូវបានរាប់បញ្ចូល។
ក្រុមកំពូលតារាងនៃពូលនីមួយៗ បានកៅអីទៅកាន់វគ្គចុងក្រោយនៅឥណ្ឌូណេស៊ី បូកជាមួយក្រុមលេខ២ឆ្នើមចំនួន៥ផ្សេងទៀត។ ក្នុងករណីឥណ្ឌូណេស៊ី ស្ថិតក្នុងកំពូលតារាង ឬលេខ២ឆ្នើម នាការប្រកួតជម្រុះ ក្រុមលេខ២ឆ្នើមនឹងកើនដល់៦ក្រុម ពីព្រោះក្នុងនាមជាម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី មានសិទ្ធិលេងនៅវគ្គចុងក្រោយដោយស្វ័យប្រវត្តិ។
នាជំនួបចុងក្រោយកន្លងមក គ្រូបង្វឹក U19 ហ្វីលីពីនលោក Jose Maria Anoche Aberasturi បានអះអាងថា ការរក្សាលទ្ធផលស្មើ ០-០ ជាមួយកម្ពុជាកើតឡើងពីការប្រាប់កូនក្រុមឲ្យបិទកីឡាករកម្ពុជា៣រូបរួមមាន សៀង ចន្ធា ទៀត គឹមហេង និង ស៊ិន កក្កដា របស់លោក។ ពាក់ព័ន្ធនឹងការបិទនេះគ្រូបង្វឹកហ្វីលីពីនយល់ឃើញថា ដោយសារពួកគេទាំងបីជាកីឡាករដែលអាចបង្កគ្រោះថ្នាក់ដល់ហ្វីលីពីន។
ក្នុងនោះលោកបានប្រាប់កូនក្រុមឲ្យព្យាយាមរារាំងខ្សែប្រយុទ្ធ សៀង ចន្ធា ព្រោះរូបគេមានបច្ចេកទេសខ្ពស់ក្នុងការបណ្តើរបាល់ទៅមុខយ៉ាងលឿននៅពេលបាល់នៅជាប់នឹងជើងរបស់គេ រីឯ ស៊ិន កក្កដា ឲ្យព្យាយាមបិទជើងឆ្វេងព្រោះជើងឆ្វេងរបស់គេអាចបង្កគ្រោះថ្នាក់បើបណ្តោយឲ្យទាត់បាល់បាន។ ចំណែកខ្សែបម្រើ ទៀត គឹមហេង មានចលនាបន្លាស់ទីលឿន និងមានការសហការយ៉ាងល្អជាមួយ សៀង ចន្ធា ដែលជាចំណុចគ្រោះថ្នាក់បំផុតសម្រាប់ហ្វីលីពីន។
ទន្ទឹមនឹងនេះគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាលោក Inoue Kazunori បានលើកឡើងថា ការមិនអាចទម្លុះសំណាញ់ទីហ្វីលីពីនបានដោយសារកូនក្រុមលោកនៅខ្សោយផ្នែកបច្ចេកទេស ការបណ្តើរបាល់ និងការសម្រេចទី។ ចំណុចទាំងនេះហើយដែលធ្វើឲ្យកម្ពុជាមិនអាចសម្រេចឱកាសមាសដែលបានហុចឲ្យជាច្រើនលើកច្រើនសារសម្រាប់កម្ពុជា។
ទន្ទឹមនឹងការសោកស្តាយចំពោះលទ្ធផលស្មើ ០-០ ជាមួយហ្វីលីពីនដែលមិនស្គាល់ជ័យជម្នះសម្រាប់៣ប្រកួតរបស់ខ្លួន គ្រូបង្វឹកជនជាតិជប៉ុន Kazunori ជំរុញឲ្យកីឡាករកម្ពុជាខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕
Tag:
បាល់ទាត់
Inoue Kazunori
Jose Maria Anoche Aberasturi
© រក្សាសិទ្ធិដោយ thmeythmey.com