ជាតិ
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពីររូប​ឈ្នះ​ការបោះឆ្នោត​ចូល​ដឹកនាំ​ក្រុង​ឡូ​វែ​ល​
09, Nov 2017 , 7:59 pm        
រូបភាព
លោក នួន វាសនា ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ក្រុង ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ដែល​មាន​សមាជិក​៩នាក់ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុក Vesna Nuon for City Council)
លោក នួន វាសនា ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ក្រុង ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ដែល​មាន​សមាជិក​៩នាក់ កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុក Vesna Nuon for City Council)
ដោយ:
​វ៉ាស៊ីនតោន ៖ ពលរដ្ឋ​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត ដែល​បាន​ចេញទៅ​បោះឆ្នោត​ថ្នាក់ក្រុង​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែវិច្ឆិកា​នេះ បាន​បោះឆ្នោត​ជ្រើសតាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ឲ្យ​ក្លាយជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ទៀត ឲ្យ​ក្លាយជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​សាលារៀន​ឡូ​វែ​ល​។



​ទាំង​ពលរដ្ឋ​អាមេរិកាំង​ស្បែ​កស និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ត្រេកអរ​នឹង​លទ្ធផល​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ចម្រុះ​ពូជសាសន៍​ក្នុង​ជួរ​ដឹកនាំ​ក្រុង​ឡូ​វែ​ល​នេះ​។​

​នៅក្នុង​ការបោះឆ្នោត​ថ្នាក់ក្រុង​ដ៏​មានការ​ប្រកួតប្រជែង​ខ្លាំង​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត លោក នួន វាសនា ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ បានឈ្នះ​ការបោះឆ្នោត​ថ្នាក់ក្រុង ហើយ​បាន​ក្លាយជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​ដែលមាន​សមាជិក​៩​នាក់​។ បន្ថែម​លើ​នេះ លោក ឡាយ ឌូ​មី​និ​ច (Dominik Lay) ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ម្នាក់ទៀត បានឈ្នះ​ការបោះឆ្នោត ហើយ​បាន​ក្លាយជា​សមាជិក​ម្នាក់​គណៈកម្មាធិការ​សាលារៀន​ឡូ​វែ​ល​ដែលមាន​សមាជិក​៦​នាក់​។​

​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ មាន​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ជាង​៣​ម៉ឺន​នាក់​រស់នៅ​។ ការបោះឆ្នោត​ថ្នាក់ក្រុង​ឆ្នាំនេះ គេ​ឃើញ​ពលរដ្ឋ​​ជាង​៩​ម៉ឺន​នាក់​បាន​ចេញទៅ​បោះឆ្នោត​។​

​អ្វី​ដែលជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នៃ​ការបោះឆ្នោត​ថ្នាក់ក្រុង​ឆ្នាំនេះ គឺថា លោក នួន វាសនា ដែលជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២ បាន​ជាប់​ក្នុង​លំដាប់​លេខ​រៀង​ទី​១​នៃ​បេក្ខជន​ចំនួន​៩​នាក់ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​។ លោក​បានទទួល​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាងគេបង្អស់ ក្នុង​ចំនួន​ជាង​៦៤០០​សំឡេង​។ ហើយ​លោក ឡាយ ឌូ​មី​និ​ច បានក្លាយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​លើកដំបូង​គេ​បង្អស់ ដែល​បាន​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​សាលារៀន​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ​។​



​លោក នាង សុវណ្ណ​ដា​រា ដែលជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ រស់នៅក្នុង​ទីក្រុង​ឡូ​វែ​ល​ជាង​៣០​ឆ្នាំ បាន​ប្រាប់ VOA ថា ជោគជ័យ​របស់​បេក្ខជន​ដែលជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ​។ លោក សុវណ្ណ​ដា​រា ក៏​សង្ឃឹមថា លោក នួន វាសនា ដែលជា​សមាជិក​ថ្មី​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង នឹង​«​‍​ចូលរួម​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ឡូ​វែ​ល​»​ទៅមុខទៀត​។ លោក ក៏បាន​បន្ថែមថា ជោគជ័យ​នេះ​គឺ​ដោយសារតែ​គុណសម្បត្តិ​របស់លោក នួន វាសនា ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ស្បែ​កស និង​ពលរដ្ឋ​ជនជាតិភាគតិច​នៅ​ក្រុង​នេះ ជឿទុកចិត្ត​។​

​លោក​បាន​លើកឡើងថា​៖ «​‍​គេ​ឃើញ​ទង្វើ​របស់គាត់ ដែល​គាត់​រាក់ទាក់​គ្រប់​ពូជសាសន៍ ហើយ​គេ​គាំទ្រ​គាត់ ដោយ​ទង្វើ​របស់គាត់​បានធ្វើ​ពីមុន ដែល​គាត់​ធ្លាប់បាន​ធ្វើជា​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​ពីមុនមក ហើយ​លោក​នៅតែ​ចូលរួម​ជាមួយ​ជនជាតិ​ស្បែ​កស និង​សហគមន៍​ខ្មែរ​យើង ដើម្បី​ឲ្យ [​ស្និទ្ធ​] ជាប់​គ្នា ប្រាស្រ័យ​ទាក់ទង​ដោះស្រាយ​លើ​បញ្ហា​អី​ផ្សេងៗ​»​។​

​លោក Rodney Elliott គឺជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​ម្នាក់ ដែល​ត្រូវបាន​ជ្រើសតាំង​សារជាថ្មី នៅក្នុង​ការបោះឆ្នោត​ដ៏​មានការ​ប្រកួតប្រជែង​ខ្លាំង​នា​ឆ្នាំនេះ​។ លោក​បាន​ជាប់​លេខ​រៀង​ទី​៧​ក្នុងចំណោម​សមាជិក​ថ្មី​ចំនួន​៩​នាក់ ដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ដឹកនាំ​សាលាក្រុង​ឡូ​វែ​ល​នេះ​។​

​សមាជិក​ក្រុមប្រឹក្សា​ក្រុង​រូបនេះ ដែលជា​ពលរដ្ឋ​អាមេរិកាំង​ស្បែ​កស បាន​ប្រាប់ VOA ថា លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំនេះ មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​។ លោក​រីករាយ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ហើយ​លោក​បាន​សង្កត់ធ្ងន់​ពី​ការ​មាន​តំណាង​នៃ​សហគមន៍​ខ្មែរ​នៅក្នុង​ជួរ​ដឹកនាំ​ក្រុង​ឡូ​វែ​ល​នៅ​អាណត្តិ​ថ្មី​នេះ​។​

​លោក Rodney Elliott បាន​លើកឡើងថា​៖

«​‍​ខ្ញុំ​គិតថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៅក្នុង​ទីក្រុង​យើង​។ យើង​មាន​ខ្មែរ​ជា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ ហើយ​[​ឥឡូវ​] យើង​មាន​ខ្មែរ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ខ្មែរ​ជា​សមាជិក​គណៈកម្មាធិកា​រ​សាលារៀន​។ នេះ​គឺជា​រឿង​ល្អ​ដល់ទី​ក្រុង​យើង​។ ខ្ញុំ​គិតថា នេះ​គឺជា​សារ​មួយ​ដ៏​សំខាន់ ដែលថា យើងទាំងអស់គ្នា គឺ​រួមគ្នា​ជាទី​ក្រុង​តែមួយ ហើយ​ដូច្នេះ​យើង​នាំគ្នា​រួបរួមគ្នា យោគយល់​គ្នា និង​ធ្វើការ​រួមគ្នា​»​។​

​លោក Elliott ដែលជា​អតីត​ចៅហ្វាយក្រុង​ឡូ​វែ​ល បាន​សង្កេតឃើញថា ពលរដ្ឋ​នៅ​ទីក្រុង​ឡូ​វែ​ល​ជាច្រើន​នាក់​បាន​ចេញមក​បោះឆ្នោត ហើយ​នេះ​គឺ​ដោយសារតែ​បញ្ហា​ចម្រូងចម្រាស់​នៃ​ការផ្លាស់​ទី​វិទ្យាល័យ​ឡូ​វែ​ល​។ លោក​បាន​បញ្ជាក់ថា តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត ពលរដ្ឋ​មួយ​ភាគ​ធំ​មិន​គាំទ្រ​ឲ្យ​មានការ​ផ្លាស់​ទី​វិទ្យាល័យ​ឡូ​វែ​ល​នេះ​ទេ​។​



​យោងតាម​សារព័ត៌មាន​ក្នុង​ក្រុង​ឈ្មោះ Lowell Sun ក្នុងចំណោម​បេក្ខជន​ចំនួន​៩​នាក់ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​អាណត្តិ​ថ្មី​នេះ  បេក្ខជន​៧នាក់ គឺជា​អ្នក​គាំទ្រ​ឲ្យ​វិទ្យាល័យ​ឡូវែល​នេះ ស្ថិតនៅ​កណ្តាល​ក្រុង​ឡូ​វែ​ល​ដដែល​។​

​លោក ចៅ សុខា​រី គឺជា​បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​អាណត្តិ​ថ្មី​នេះ ក៏ប៉ុន្តែ​លោក​មិនបាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ទេ​។ លោក សុខា​រី បាន​ប្រាប់ VOA ថា លោក​បាន​ខកចិត្ត​ដែល​លោក​មិនបាន​ទទួលជោគជ័យ​ស​ម្រា​ប់​ការ​ឈរឈ្មោះ​ជា​បេក្ខជន​របស់លោក​ជា​លើកដំបូង​នេះ​។ លោក​បាន​អះអាងថា នេះ​គឺ​ដោយសារតែ​បញ្ហា​ផ្លាស់​ទី​វិទ្យាល័យ​ឡូ​វែ​ល ដែល​គ្របដណ្តប់​ខ្លាំង​បំផុត​ក្នុងការ​បោះឆ្នោត​ឆ្នាំនេះ ហើយ​ពលរដ្ឋ​ភាគច្រើន​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ដែល​គាំទ្រ​ឲ្យ​វិទ្យាល័យ​នេះ ស្ថិតនៅ​ទីតាំង​ដដែល​។​

​យោងតាម​សារព័ត៌មាន​ដដែល​នេះ អ្នកបោះឆ្នោត​ប្រមាណ​ជិត​៦០​ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប​ជាង​៩​ម៉ឺន​នាក់ គឺ​ចេញពី​តំបន់ Belvidere ដែល​អ្នក​ទាំងនោះ​គាំទ្រ​ឲ្យ​វិទ្យាល័យ​ឡូ​វែ​ល​នេះ​ស្ថិតនៅ​ទីតាំងនៅ​កណ្តាល​ក្រុង​ដដែល​។​

​ទោះជា​យ៉ាងណាក្តី លោក ចៅ សុខា​រី បាន​បញ្ជាក់ថា លោក​អបអរសាទរ និង​មាន​មោទនភាព​ចំពោះ​លោក នួន វាសនា ដែល​បាន​ជាប់​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល និង​លោក ឡាយ ឌូ​មី​និ​ច ដែល​បាន​ជាប់​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​សាលារៀន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​‍​យើង​ចង់បង្ហាញ​អំពី​សហគមន៍​យើង ដែលជា​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​នេះ​។ ការណ៍​ដែល​យើង​អាចបង្កើត​មូលដ្ឋានគ្រឹះ​របស់​យើង​នៅក្នុង​ក្រុង​នេះ យើង​ចាំបាច់​ត្រូវ​រួបរួមគ្នា ហើយ​ចូលរួមចំណែក​នៃ​សាលាក្រុង និង​ថ្នាក់ដឹកនាំ​ក្រុង និង​ក្នុង​ទីក្រុង​ទាំងមូល ហើយ​នេះ​គឺជា​រឿង​ដ៏​មាន​ឥទ្ធិពល​មួយ​»​។​

​លោក នួន វាសនា បានឈ្នះ​ការបោះឆ្នោត​ដោយបាន​សំឡេង​ច្រើន​បង្អស់ ហើយ​បាន​ក្លាយជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​។​

​លោក បាន​ប្រាប់ VOA ថា​៖ «​‍​ជោគជ័យ​នេះ មិនមែន​សម្រាប់តែ​ពូ​ទេ គឺ​ជោគជ័យ​សម្រាប់​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូ​វែ​ល ហើយក៏​ដូចជា​អ្នក​នៅ​ភូមិ​ក្បែរៗ​ហ្នឹង ពីព្រោះ​អី វាស​ឲ្យ​ឃើញថា ខ្មែរ​អាមេរិកាំង​ដែល​លោក​បាន​មកដល់​ស្រុក​នេះ​យូរ​ឆ្នាំ​ណាស់​ថា បើសិនណា​លោក​ខំប្រឹង តស៊ូ​មតិ តស៊ូ​អ្វី​សម្រាប់​ផលប្រយោជន៍​ដល់​សហគមន៍ មិនមែន​តែ​សង្គម​ខ្មែរ​អាមេរិកាំង​ទេ គឺ​សង្គម​ទាំងមូល គឺថា​ថ្ងៃ​ណា​[​មួយ​] នឹង​បាន​ជ័យជម្នះ​ហើយ​»​។​



​លោក​បាន​បញ្ជាក់ថា លោក​នឹង​ធ្វើជា​«​‍​តំណាង​ក្រុង​ទាំងមូល​» ប៉ុន្តែ​លោក​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​សហគមន៍​ជនជាតិភាគតិច​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ មិន​ថា​ទាំង​ខ្មែរ​អាមេរិកាំង​ទេ គឺ​រួមទាំង​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ស្បែ​កស និង​ជនជាតិភាគតិច​ផ្សេងទៀត ដែល​មិនមាន​តំណាង​ពី​សហគមន៍​របស់ខ្លួន​ក្នុង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ក្រុង​។​

​លោក នួន វាសនា បាន​បន្ថែមថា លោក​នឹង​ផ្តោតលើ​កិច្ចការ​ចម្បង​ចំនួន​ពីរ គឺ​ដំណើរ​ការជួសជុល​វិទ្យាល័យ​ឡូ​វែ​ល និង​ដំណើរ​ការរក​ដំណោះស្រាយ​លើ​ពាក្យបណ្តឹង​ដែល​ទាមទារ​ឲ្យ​ទីក្រុង​ឡូ​វែ​ល​នេះ ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​។​

​លោក នួន វាសនា បាន​មានប្រសាសន៍ថា​៖ «​‍​ក្តី​រំពឹង​នឹង​គឺ ជាពិសេស​គឺ​ទីតាំង​វិទ្យាល័យ​នៅ​ទីក្រុង​ឡូ​វែ​ល​។ នៅ​ទីក្រុង​ឡូ​វែ​ល​ទាំងមូល គឺ​ចង់​ឲ្យ​វិទ្យាល័យ​ឡូ​វែ​ល​នៅ​កណ្តាល​ក្រុង ហើយ​សាងសង់ និង​ជួសជុល​ជាថ្មី​។ អាហ្នឹង​ទីមួយ​។ ទី​ពីរ​ហ្នឹង គឺពាក់ព័ន្ធ​នឹង​រឿង​ប្រព័ន្ធ​បោះឆ្នោត​សព្វថ្ងៃនេះ ដែលមាន​បណ្តឹង​ដោយ​ជនជាតិភាគតិច​នៅឯ​តុលាការ​នោះ មិនទាន់​ចប់សព្វគ្រប់​ទ‍េ​»​។​

​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល​ចំនួន​៩​នាក់ និង​សមាជិក​នៃ​គណៈកម្មាធិការ​សាលារៀន​ឡូ​វែ​ល​ចំនួន​៦​នាក់ សម្រាប់​អាណត្តិ​ថ្មី​នេះ ដែលមាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពីររូប គឺ​លោក នួន វាសនា និង​លោក ឡាយ ឌូ​មី​និ​ច នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ដើមខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com