ជាតិ
សម្ដេច ហ៊ុន សែន ចូលរួម​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​មេដឹកនាំ APEC និង​អាស៊ាន នៅ​វៀតណាម​
10, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម «​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) និង​អាស៊ាន​» នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម តាម​ការអញ្ជើញ របស់ លោក ត្រាន ដាយ ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។



​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី នា​កិច្ចសន្ទនា​ក្រៅផ្លូវការ​នោះ ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) និង​អាស៊ាន​» នឹង​ផ្តោតលើ​មូលបទ​«​ការចូលរួម​ជា​ដៃគូ​ដើម្បី​ថាមភាព​ថ្មី​សម្រាប់​សមា​ហណកម្ម និង​ការតភ្ជាប់​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​»​។

​កិច្ចសន្ទនា​ក្រៅផ្លូវការ​នេះ នឹង​ផ្ដល់ឱកាស​ដ៏​ល្អ​ដើម្បី​ស្វែងរក​វិធី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ថ្មី រវាង​យន្តការ​តំបន់​ទាំងពីរ​នេះ ក្នុងការ​លើ​កម្ពស់​សន្តិ​ភាព និង​វិបុលភាព​។​

​កម្ពុជា ក្នុងនាម​ជា​ប្រទេស​មិនមែនជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​គាំទ្រ​គំនិត​ផ្ដួ​ត​ផ្ដើម​ក្នុងការ​បង្កើត​វេទិការ​សម្រាប់ កិច្ចពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ជាមួយនិង​ការយល់ឃើញថា ស្ថាបត្យកម្ម​តំបន់​ដ៏​សំខាន់​ទាំងពីរ គួរ​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក ក្នុងការ​កំណត់​អនាគត​របស់​តំបន់​។​

​គូសបញ្ជាក់ថា នៅ​ថ្ងៃទី​១២ ដល់​១៤ ខែវិច្ឆិកា នេះ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែលមាន​មូលបទ «​រួមគ្នា​ជា​ដៃគូ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ រួមចំណែក​ជាមួយ​ពិភពលោក​»​។ កិច្ចប្រជុំ​នេះ​ជាការ​អ​ញ្ចើ​ញ របស់ លោក រ៉ូ​ឌ្រី​ហ្គោ រ៉ូ​ឌូ​តឺ​តេ ប្រធានាធិបតី​សាធារណរដ្ឋ​ហ្វីលីពីន​។​

​នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះដែរ សម្ដេច ហ៊ុន សែន នឹង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ក្លាក ខេត្ត​ប៉ាំ​ហ្កា ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​ការអញ្ជើញ​របស់ អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ស្រី គ្លោ​រី​យ៉ា ម៉ា​កា​ប៉ា​ហ្កោ​ល អា​រ៉ូ​យ៉ូ​។ ក្នុងឱកាស​ទស្សនកិច្ច​នេះ សម្ដេច នឹង​ទៅ​ស្សនា​តំបន់​កំពង់ផែ​រួច​ពន្ធ ក្លា ដើម្បី​ពិនិត្យមើល​របៀប​គ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​តំបន់​នេះ ដែល​នឹង​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​៕


Tag:
 ហ៊ុន សែន​
  ​កិច្ចប្រជុំ​
© រក្សាសិទ្ធិដោយ thmeythmey.com