ជាតិ
តារាភាពយន្ត​ហ្វីលីពីន ម៉ា​រី​ម៉ា នឹងនាំ​ស្វាមី​ទៅ​ជួប​សម្តេច ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​អាស៊ាន​
10, Nov 2017 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការអញ្ជើញ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តារាភាពយន្ត​ហ្វីលីពីន Marian Rivera  ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅថា «​ម៉ា​រី​ម៉ា​» ជាមួយ​ស្វាមី​ខ្លួន លោក Dingdon Dantes នឹង​បង្ហាញ​វត្តមាន​នា​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល នា​ថ្ងៃទី​១១ ខែវិច្ឆិកា ស្អែក​នេះ ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler របស់​ហ្វីលីពីន​។​



​នា​ពិធី​បើក​ដំណើរការ​ហាង​លក់​ផលិតផល​សិប្បកម្ម​ហ្វីលីពីន Kultura  តារាភាពយន្ត Marian Rivera ឬ នាង ម៉ា​រី​ម៉ា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ទទួលបាន​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​ធំ​បែបនេះ​។ 

«​គេ​ប្រាប់​ខ្ញុំ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ចង់​ជួប​ខ្ញុំ ដូច្នេះ​ខ្ញុំ​នឹង​ទៅកាន់​ទីនេះ ពីព្រោះ​រឿង​ដែល​ខ្ញុំ​សំដែង​កំពុង​ចាក់​បញ្ចាំង​នៅក្នុង​ប្រទេស​របស់គាត់​»​។ នេះ​បើតាម​សម្តី​ដែល​ដកស្រង់​ដោយ Rappler​។​

​ទោះបី​ជាមាន​អារម្មណ៍​អៀនខ្លួន​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​កំពូល​ប្រចាំ​តំបន់​ក៏ដោយ ប៉ុន្តែ​នាង ម៉ា​រី​ម៉ា និង​លោក Dingdong Dantes ដែលជា​ស្វាមី​នឹង​ទៅ​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕


Tag:
 សម្តេច ហ៊ុន សែន​
  ម៉ា​រី​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com