ជាតិ
សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​APEC ទទួលយក​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ជា​សមាជិក​ផ្លូវការ​
10, Nov 2017 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) ទទួលយក​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ជា​សមាជិក​ពេញសិទ្ធិ ។ ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ទាំង​៣ កំពុងស្ថិត​នៅត្រឹម​ជា​សមាជិក​សង្កេតការណ៍​របស់ APEC​ប៉ុណ្ណោះ​។​



​សម្ដេច ហ៊ុន សែន បាន​និយាយថា មូលហេតុ​ដែល APEC មិនទាន់​ទទួលយក​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ជា​សមាជិក​ពេញសិទ្ធិ ដោយសារ​តែមាន​ប្រទេស​ជាច្រើន កំពុង​ដាក់សំណើរ​ចូល​ជា​សមាជិក​ដែរ ទើប APEC បង្កក់​ការទទួលស្គាល់​ប្រទេស​ទាំង​៣​ផ្លូវការ​នេះ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​អាស៊ាន និង​ជប៉ុន នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​១០ វិច្ឆិកា​នេះ សម្ដេច ហ៊ុន សែន ចង់​ឲ្យ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) និង​អាស៊ាន មាន​ប្រទេស​ទាំង​១០​ផ្លូវការ​ពេញលេញ ចូលរួម​ប្រជុំ​។​

​ក្រោយ​បញ្ចប់​ការជួប​សំណេះសំណាល​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម «​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) និង​អាស៊ាន​» នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម តាម​ការអញ្ជើញ របស់ លោក ត្រាន ដាយ ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) និង​អាស៊ាន​» នឹង​ប្រជុំ​ផ្តោតលើ​មូលបទ​«​ការចូលរួម​ជា​ដៃគូ​ដើម្បី​ថាមភាព​ថ្មី​សម្រាប់​សមា​ហណកម្ម និង​ការតភ្ជាប់​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​»៕


Tag:
 ហ៊ុន សែន​
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com