ជាតិ
ឆែក ចង់​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​ការគ្រប់គ្រង​ទឹកស្អុយ ធនធាន​រ៉ែ និង​ថាមពល និង​ការ​ការពារជាតិ
10, Nov 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាធារណរដ្ឋ​ឆែក ចង់​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​គ្រប់គ្រង​ទឹកស្អុយ ថាមពល​ពន្លឺព្រះអាទិត្យ ធនធាន​រ៉ែ និង​បច្ចេកវិទ្យា​ការពារជាតិ ជាមួយ​កម្ពុ​ជានា​អនាគត​។ តាម​ក្រសួងការបរទេស​កម្ពុជា សាធារណៈរដ្ឋ​ឆែក គ្រោង​បញ្ជូន​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​របស់ខ្លួន​មក​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា លើ​គម្រោង​សហប្រតិបត្តិការ​ខាងលើនេះ នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​



​លោក ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក​Tomas Kuchta អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ឆែក និង​ប្រតិភូ​ដទៃទៀត កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​សាធារណរដ្ឋ​ឆែក​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ពង្រឹង​បន្ថែមទៀត​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំង​២ និង​ពិភាក្សា​ស្វែងរក​វិធី​ដើម្បី​លើកស្ទួយ​បន្ថែមទៀត នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឆែក​។

​ក្នុងជំនួប​នេះ អនុរដ្ឋមន្ត្រី​ការពារជាតិ​ឆែក ក៏​ថ្លែង​ពី​បំណង​របស់​ប្រទេស​ឆែក ក្នុងការ​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​គ្រប់គ្រង​ទឹកស្អុយ (waste water management)  ថាមពល​ពន្លឺព្រះអាទិត្យ ធនធាន​រ៉ែ និង​បច្ចេកវិទ្យា​ការពារជាតិ ជាមួយ​កម្ពុជា​ក្នុងពេល​អនាគត​។​



​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដើម​នេះ​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា រួច​បន្តថា កម្ពុជា គឺជា​ប្រទេស​ដៃគូ​យុ​ទ្ធិ​សាស្ត្រ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​មួយ ក្នុងចំណោម​៦ របស់​ប្រទេស​ឆែក​សម្រាប់​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០​។ នៅ​ឆ្នាំ​២០១៩​ខាងមុខ សាធារណៈរដ្ឋ​ឆែក ក៏មាន​គម្រោង​បញ្ជូន​គណៈប្រតិភូ នៃ​សភាពាណិជ្ជកម្ម​របស់ខ្លួន​មក​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា​លើ​គម្រោង​សហប្រតិបត្តិការ​ខាងលើនេះ​។​

​សូមបញ្ជាក់ថា ការផ្លាស់ប្ដូ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​សាធារណរដ្ឋ​ឆែក នៅ​ឆ្នាំ​២០១៤ មាន​ទំហំ ២៨​លាន​ដុល្លារ និង​១៧០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦​៕

Tag:
 សង្គម​
 ​ ការបរទេស​
 ​ កម្ពុជា​
 ​ ឆែក​
© រក្សាសិទ្ធិដោយ thmeythmey.com