ជាតិ
ពលរដ្ឋ​ជាង ១​លាន​នាក់ ត្រូវ​បាត់បង់​សិទ្ធិ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨
10, Nov 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ត្រូវបាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​បន្សល់ទុក​នូវ​ប្រជាពលរដ្ឋ​ប្រមាណ ១.១ លាន​នាក់ ដែល​មិនបាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ រយៈពេល​៧០​ថ្ងៃ ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧​មក មាន​ប្រជាពលរដ្ឋ តែ​ជាង ៥​សែន​នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​ប្រជាពលរដ្ឋ​ប្រមាណ ១.១​លាន​នាក់ ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត នឹង​មិនមាន​សិទ្ធិ​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្នុង​ឆ្នាំ​២០១៨ នោះទេ​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា គ​.​ជ​.​ប មិន​ពន្យារពេល ឬ​បន្ថែម​ថ្ងៃ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​ប្រមាណ ១.១​លាន​នាក់​នោះ ភាគច្រើន​ជា​អ្នក​ចំណាកស្រុក ដែល​កំពុងធ្វើការ​និង​រស់​នៅឯ​ក្រៅប្រទេស​។

​កាលពី​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជិត ៨​លាន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​ដោយ​ស្វ័យប្រវត្តិ ហើយ​អាច​ទៅ​ចូលរួម​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨​តែម្តង ដោយ​មិនចាំបាច់​ចុះឈ្មោះ​សាជាថ្មី​ទេ​។

​បើ​បូ​កប​ញ្ជូ​ល​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២០១៦ (​ចំនួន​ចាស់​) ជាមួយ​ប្រជាពលរដ្ឋ ដែល​ទើបនឹង​បាន​ចុះឈ្មោះ​ក្នុង​២០១៧ (​ចំនួន​ថ្មី​) ប្រជាពលរដ្ឋ​សរុប​ទាំងអស់ គឺមាន​ជាង ៨.៣ លាន​នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន​។ ប្រជាពលរដ្ឋ​ជាង ៨.៣​លាន​នាក់​នេះ  នឹង​ត្រូវមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨៕
 

Tag:
 បោះឆ្នោតជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com