ជាតិ
សម្តេច ហ៊ុន សែន​៖«​អាស៊ាន​នឹង​បែក បើ​ដូរ​រូបមន្ត​សម្រេចចិត្ត​ពី consensus ទៅ​ការបោះឆ្នោត​»
10, Nov 2017 , 5:00 pm        
រូបភាព
​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​និយាយ​លើកតម្កើង​តម្លៃ និង​សាមគ្គីភាព​របស់​អាស៊ាន​។​



​ការ​កោត​ស​រសើរ​អំពី​គំនិត​ផ្តួចផ្តើម​កម្មវិធី​នាវា​យុវជន​អាស៊ាន ​ជប៉ុន​ កាលពី​៤៤​ឆ្នាំមុន រួមទាំង​ការបង្កើត​សមាគម​អាស៊ាន​ នៃ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ចាស់ គឺជា​ប្រធានបទ​នៃ​ការជជែក​សំណេះសំណាល ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន​។ បន្ទាប់មក គឺ​ការគោរព​គ្នា និង​ស្មារតី​សាមគ្គីភាព​របស់​អាស៊ាន រួមទាំង​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​ប្រទេស​សមាជិក​អាស៊ាន ដែល​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹកឃើញ​ដល់​មូលហេតុ​៤​ចំណុច ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចូល​អាស៊ាន​។​

​គោលការណ៍​មិន​ជ្រៀតជ្រែក ស្មារតី​សហគមន៍ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សហ​ប្រតិ​បប​ត្តិ​កា រ​វាង​អាស៊ាន និង​ដៃគូ ទាំងនេះជា​មូលហេតុ​ចាំបាច់ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មើលឃើញ​ពី​ផលប្រយោជន៍​ ដែល​ខ្លួន​អាច​ទាញយក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

​នៅ​ចំពោះមុខ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ និង​ជប៉ុន ​ចំនួន​៣៦២​នាក់ សម្តេច ហ៊ុន សែន ហាក់​បានផ្តល់​តម្លៃ​ជាងគេ​ លើ​មូលហេតុ​ទី​២ ពោលគឺការធ្វើ​សេចក្តីសម្រេចចិត្ត​អ្វីមួយ​ដោយ​មូលមតិ​គ្នា (consensus)​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការមូល​មតិ​គ្នា ស្ទើរតែ​ជា​អាយុជីវិត​របស់​អាស៊ាន​ផង​។​

​សម្តេច ហ៊ុន សែន បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​សូម​ផ្តាំ​ទៅ​អ្នក​ទាំងអស់គ្នា​។ នៅពេលដែល [​លោកអ្នក​] ក្លាយជា​មេដឹកនាំ មិន​ថា​ថ្នាក់​ណា​ទេ សូមមេត្តា​កុំ​កែ​ឲ្យ​សោះ​ អំពី​ការសម្រេច​ដោយ Consensus ទៅជា​ការបោះឆ្នោត​។ បើសិន​ការសម្រេច​ត្រូវធ្វើ​តាមរយៈ​ការបោះឆ្នោត អាស៊ាន​នឹង​បែកបាក់​ភ្លាម​តែម្តង​។ ព្រោះ​ការបោះឆ្នោត តែងមាន​សំឡេង​ភាគច្រើន និង​សំឡេង​ភាគតិច​។ ដូច្នេះ ​អាស៊ាន​នឹងត្រូវ​បែងចែក​ទៅតាម​បញ្ហា​»​។ ដោយ​បញ្ជាក់ថា សម្តេច​បាន​ផ្តាំផ្ញើ​ចំណុច​នេះ​ ទៅដល់​យុ​វជ​កម្ពុជា​ហើយ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បន្តទៀតថា​៖«​អាស៊ាន អត់​មាន​គិតពី​ប្រទេស​ធំ​ ប្រទេស​តូច ឬ​ប្រទេស​អ្នកមាន ​ប្រទេស​អ្នកក្រ​ឡើយ​។ ចំណុច​រឹងមាំ​របស់​អា​ស៊ាន គឺ​នៅ​ត្រង់នេះ​»​។​

​គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ជួប​ជាមួយ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន មុននឹង​សម្តេច​ចាក​ចេញទៅ​ចូលរួម​ប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដា​ណា​ង​ នៃ​ប្រទេស​វៀតណាម​។​

​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ និង​ជប៉ុន ​ត្រូវបំពេញ​បេសកកម្ម​នៅ​កម្ពុជា​ រហូតដល់​ថ្ងៃទី​១៣​ខែវិច្ឆិកា ដោយមាន​រួ​មាន​ការជជែក​ពិភាក្សា​លើ​ប្រធានបទ​នានា ទស្សនកិច្ច​នៅតាម​ស្ថាប័នរដ្ឋ និង​ការ​ស្នាក់​នៅក្នុង​គ្រួសារ​ខ្មែរ​ទៀតផង​៕


Tag:
 អាស៊ាន​
  ហ៊ុន សែន​
  SSEAYP
  នាវា​យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com