ជាតិ
កំណើន​សត្វ​ផ្សោត​ចំនួន​៩​ក្បាល ក្នុង​ឆ្នាំ​២០១៧
11, Nov 2017 , 8:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការ WWF-Cambodia
រូបភាពពីហ្វេសប៊ុកអង្គការ WWF-Cambodia
ដោយ:
​ខេត្តក្រចេះ​៖ គិត​ត្រឹម​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ មាន​សត្វ​ផ្សោត​ចំនួន​៩​ក្បាល ដែល​ទើបតែ​កើត​នៅក្នុង​ប្រទេស​កម្ពុជា ។ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ចាត់ទុក​កំណើន​សត្វ​ផ្សោត​នេះ គឺជា​ជោគជ័យ​មួយ​របស់​ប្រទេស​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​។



​អង្គការ​WWF បានបង្ហាញ​របាយការណ៍​ថា រយៈពេល​១០​ខែ​នេះ មាន​សត្វ​ផ្សោត​ចំនួន​៩​ក្បាល​បានកើត និង​មាន​សត្វ​ផ្សោត​តែ​២​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​។ អង្គការ​WWF ចាត់ទុក​លទ្ធផល​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ ក្នុងការ​ថែរក្សា​សត្វ​ផ្សោត​ទន្លេមេគង្គ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ដែលមាន​សត្វ​ផ្សោត​កើត​ចំនួន​១១​ក្បាល ហើយ​មាន​សត្វ​ផ្សោត​ស្លាប់​៦​ក្បាល​។ អង្គការ​WWF បាន​លើកឡើងថា ៖«​ចំនួន​នៃ​កំណើត​សត្វ​ផ្សោត​ទន្លេ​ថ្មី​នៅ​ឆ្នាំនេះ ត្រូវបាន​ផ្ដល់​ក្ដី​សង្ឃឹមថា ចំនួន​សត្វ​ផ្សោត​នឹងមាន​ការកើនឡើង​នៅ​ថ្ងៃ​អនាគត​»​។​

​ជាមួយគ្នានេះ​អគ្គនាយក​នៃ​រដ្ឋបាល​ជលផល​រប​ស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​លោក អេង ជា​សាន បាន​និយាយថា លទ្ធផល​ល្អ​នេះ ដោយសារតែ​មានការ​ប្ដេជ្ញា​ចិត្ត​ពី​គ្រប់ភាគី​ទាំងអស់ ក្នុងការ​អភិរក្ស​សត្វ​ផ្សោត ។ ជាពិសេស​ការសហការ​ពី​ប្រជាពលរដ្ឋ​។ លោក អេង ជា​សាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ក៏​យល់​ដឹងថា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏​ជាការ​ចាំបាច់​ក្នុងការ​លើកកម្ពស់​ជីវៈ​ភាព​ប្រជាពលរដ្ឋ និង​ជួយ​ដល់​សហគមន៍​នេសាទ និង​សហគមន៍​ព្រៃឈើ ដែល​សហគមន៍​ក្នុង​តំបន់​ទាំងនោះ​អាច​ត្រូវបាន​លើកកម្ពស់​ដោយ​ចូលរួម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ផងដែរ​»​។​

​ការការពារ​សត្វ​ផ្សោត ជម្រក​ត្រី​ពង​កូន និង​ជីវចម្រុះ​ជាច្រើន​ទៀត គឺជា​កត្តាចាំបាច់​ក្នុងការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ធនធានធម្មជាតិ​ក្នុង​សហគមន៍​មូលដ្ឋាន​មាន​និរន្ត​ភាព​។​នេះ​បើ​នាយក​អង្គការ WWF លោក សេង ទៀក​។​

 លោក សេង ទៀក បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលជា​រតនៈសម្បត្តិ​ជាតិ មានជីវិត គឺ​ផ្ដល់​អត្ថ​ប្រ​យោ​ជ​យូរអង្វែង​ដល់​យើង​គ្រប់គ្នា តាមរយៈ​វិស័យ​ទេសចរណ៍ធម្មជាតិ​»​។

​សូមបញ្ជាក់ថា សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នៅសល់តែ​៨០​ក្បាល​ប៉ុណ្ណោះ បើ​ប្រៀបធៀប​កាលពី​១០​ទសវត្សរ៍​មុន ដែលមាន​សត្វ​ផ្សោត​ប្រហែល ៣,០០០​ក្បាល រស់​នៅតាម​ទន្លេមេគង្គ​និង​ទន្លេសាប​៕



Tag:
 សត្វ​ផ្សោត​
 ​ កម្ពុជា​
 ​ទិវា​សត្វ​ផ្សោត​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com