ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និង​វៀតណាម ប្ដេជ្ញា​បោះបង្គោល​ព្រំដែន​ឲ្យ​ចប់ ត្រឹម​ឆ្នាំ​២០១៨
11, Nov 2017 , 10:56 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 ​ភ្នំពេញ​៖ កម្ពុជា និង​វៀតណាម ប្ដេជ្ញា​បោះបង្គោល​ព្រំដែន​ឲ្យ​ចប់ ត្រឹម​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​រក្សា សន្តិភាព និង​ស្ថេរភាព នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក នៅក្នុង​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​មេដឹកនាំ​អាស៊ាន ជាមួយ​មេដឹកនាំ APEC ឆ្នាំ​២០១៧​។​

 
​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​សន្យា​រួមគ្នា​ថា នឹង​ខិតខំ​ជំរុញ​គណៈកម្មាធិការ​ព្រំដែន បោះបង្គោល​ព្រំដែន​គោក​ឲ្យ​ហើយ​រួចរាល់ នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឲ្យ​មាន​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​។ ជាពិសេស​ការផ្លាស់ប្តូរ​ទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និង​ការធ្វើដំណើរ​ឆ្លងដែន​ទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ដោយ​គ្មាន​ការភ័យខ្លាច​។​
 
​ក្រៅពីនេះ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជា -​វៀតណាម ក៏បាន​ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេរ​ឡើង ដើម្បី​បងកើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​កន្លងមក​កម្ពុជា​-​វៀតណាម បានស្នើ​ទៅ​បារាំង​ដើម្បី​ផ្ដល់ជំនួយ​បច្ចេកទេស និង​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់ មក​ខ្នាត​១​លើ​៥០​ពាន់​វិញ គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់​ការបោះបង្គោល​ព្រំដែន ដែល​នៅមាន​ភាពចម្រូងចម្រាស​គ្នា។
 
​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ មកដល់ពេលនេះ​កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន ចំនួន​៨៣​ភាគរយ​ហើយ​។​នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​៕
 
 
 

Tag:
 ហ៊ុន សែន​
 ​ ង្វៀន សួន​ហ្វុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com