ជាតិ
កាលពី​សម័យ​បាយ័ន តើ​សញ្ញា​គោរព​ខ្មែរ​(​គារវកិច្ច​)​មាន​ទម្រង់​ដូចម្តេច​?
11, Nov 2017 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន ដែល​ត្រូវបាន​សាងសង់ឡើង​នៅ​ចុង​ស​.​វ​ទី​១២ និង​ដើម​ស​.​វ​ទី​១៣ នៃ​គ​.​ស យើង​ឃើញ​មាន​ចម្លាក់​មនុស្ស​ទាំងប្រុស​-​ស្រី​មួយចំនួន​ស្ថិត ក្នុង​ឥរិយាបថ​មួយ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ពួកគេ​កំពុង​សម្តែង​នូវ​ការ គោរព​ចំពោះ កងទ័ព​ដែល​ហៀបនឹង​ចេញទៅ​ច្បាំង នៅ​សមរភូមិ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម​ដ៏​ឃោរឃៅ​។

 
​សញ្ញា​គារវកិច្ច​ដ៏​ជ្រាលជ្រៅ​នេះ ត្រូវបាន​បញ្ជាក់​ដោយ​ដៃស្តាំ​ផ្អាប់​លើ​ទ្រូង ដែល​គួ​យ​ដៃ​ទ្រ ដោយ​ដៃ​ឆ្វេង ហើយ​អង្គុយ ក្បាល​ឱន​បន្តិច​។ តាមពិតទៅ ការសម្តែង​នូវ​គារវកិច្ច​បែបនេះ នា​សម័យ​បាយ័ន ក៏ត្រូវ​បាន​គេ​ជួបប្រទះ​នៅលើ​ជញ្ជាំង​នៃ​ប្រាសាទអង្គរវត្ត​ផងដែរ មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​រាប់ពាន់​ឆ្នាំ​មកហើយ​។ នេះ​បើ​យោង​លើ​ទិន្នន័យ​ខាង​បុរាណវិទ្យា ដែល​យើង​បាន​ប្រមែប្រមូល​។ ជា​ឧទាហរណ៍​ជាក់ស្តែង​ដូច​ខ្មែរ ជនជាតិ​មន​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ក៏មាន​ទំនៀមទម្លាប់​អ៊ីចឹង​ដែរ ក្នុង​អតីតកាល​ដ៏​យូរលង់ មុន​ពេលដែល​ទឹកដី​របស់ខ្លួន​ត្រូវបាន​បាត់បង់​អធិបតេយ្យភាព​។ បើ​និយាយ​ម្យ៉ាងទៀត ចំណាស់​នៃ​ប្រពៃណី​រួម​នេះ ត្រូវបាន​គេ​ឃើញ​តាមរយៈ​ចម្លាក់​បុ​រេ​អង្គរ​រវាង​ស​.​វ​ទី​៨-៩ ដែល​សិប្បករ​មន​បាន​ឆ្លា​ក់លើ​បង្គោល​សីមា​វត្ត បែប​ពុទ្ធ​និយម​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​។ 
 
​យ៉ាងណាមិញ សំណេរ​ចិន​ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ រវាង​ស​.​វ​ទី​១ និង​ទី​៣​នៃ​គ​.​ស ក៏បាន​បញ្ជាក់​អំពី​វត្តមាន​នៃ​ប្រពៃណី​ខាងលើ​នេះដែរ​។ ដូចនេះ មានន័យថា ការសម្តែង​គារវកិច្ច​ខាងលើនេះ​មាន​តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ​ម្ល៉េះ ហើយ​ប្រពៃណី​នេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​វប្បធម៌​បាយ័ន​យ៉ាង​ច្បាស់លាស់​។​ហើយ​បើ​យោង​លើ​ការវិភាគ តាមរយៈ​លក្ខណៈ​នៃ​ចម្លាក់​បុរាណ សញ្ញាណ​គារវកិច្ច​ខាងលើនេះ មិន​គ្រាន់តែ​បង្ហាញ​នូវ​ប្រភព​រួម​នៃ​ខឿនវប្បធម៌​មន​-​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ជន​ជ​ជាតិខ្មែរ​នា​សម័យអង្គរ ជាពិសេស​សម័យ​វប្បធម៌​បាយ័ន​មិនបាន​ខ្ចី​ប្រពៃណី​ដ៏​ល្អ​ប្រពៃ​ខាងលើនេះ​ពី​ឥណ្ឌា​ឡើយ​៕   
       
(​អត្ថបទ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ នៅក្នុង​គេហទំព័រ http://www.khemaravidya.com
 

© រក្សាសិទ្ធិដោយ thmeythmey.com