ជាតិ
អ្នកសារព័ត៌មាន​ថ្មីៗ កំពុង​ចូលរួម​យក​ព័ត៌មាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​អាល្លឺម៉ង់​
12, Nov 2017 , 11:07 am        
រូបភាព
 ស្ថាប័ន​អន្តរជាតិ Internews បានជ្រើសរើស​អ្នកសារព័ត៌មាន ១៤​រូប​ឲ្យ​ទៅ​ចូលរួម​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) នៅក្នុង​ទីក្រុង Bonne ប្រទេស​អាល្លឺម៉ង់​ពីថ្ងៃ ១០ ដល់​ថ្ងៃ ១៨ ខែវិច្ឆិកា​។ អ្នកសារព័ត៌មាន​ថ្មីៗ​ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​ទាំង ១៤​រូប​ដែល​ត្រូវ​ដំណើរ​យក​ព័ត៌មាន​ក្នុង​កិច្ចចរចា​អន្តរជាតិ​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​ដែរ​។​

 
​កម្មវិធី​ភាពជា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពី​ប្រែប្រួល​អាកាសធាតុ (CCMP) ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន Internews បាន​នាំយក​អ្នកសារព័ត៌មាន​ចំនួន ១៤ រូប​ពី​ទូទាំង​ពិភពលោក​ឲ្យ​ចូលរួម​ក្នុង​បេសកកម្ម​យក​ព័ត៌មាន​នា​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នា​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់​។  
 
​ដំណើរ​ទស្សនកិច្ច​យក​ព័ត៌មាន​នេះ​ចាប់ផ្តើម​ពីថ្ងៃ ១០ ខែវិច្ឆិកា​ដល់​ថ្ងៃ ១២ ខែវិច្ឆិកា ដោយ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចូល​រូ​ម​ក្នុង​សកម្មភាព​យក​ព័ត៌មាន​ជុំវិញ​ការចរចា​ដែលមាន​តំណាង​ប្រទេស​ជាង ១៩០ ចូលរួម​នោះ​។ លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ​ក៏​ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​ទាំង ១៤ រូប​ដែល​ត្រូវបាន​គេ​ជ្រើសរើស​ផងដែរ​។ 
 
​អ្នកសារព័ត៌មាន​ទាំង ១៣ រូប​ផ្សេងទៀត​មាន​មកពី​ប្រទេស​ម៉ាឡេស៊ី​, វៀតណាម​, ប៉ា​គី​ស្ថាន​,​ហ្វី​ជី​,  ម៉ាឡាវី​, កេ​ន​យ៉ា​, អ៊ូ​ហ្ក​ង់​ដា​, ហ្កា​ណា​, ប្រេ​ស៊ី​ល​, ប៊ុល​ការី​, កូ​ឡុំ​ប៊ី​, សូ​ឡូ​មុន និង​កោះ​សា​ម៉ូ​(Samoa) ។ 
 
​សូមបញ្ជាក់ថា សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ ចាប់ផ្តើម​ឡើង​នៅ​ទីក្រុង Bonne ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃ​ចន្ទ​ទី ៦ ខែកញ្ញា និង​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ ១៧ ខែវិច្ឆិកា​ខាងមុខ​ដោយមាន​ប្រទេស​ហ្វី​ជី​ជា​ប្រធាន​។ ប្រតិភូ​តំណាង​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ២៥០០០​នាក់​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​នេះ​។ កិច្ចចរចា​រយៈពេល​ពី​រ​សប្តាហ៍​នេះ​ផ្តោត​សំខាន់​លើ​ការកំណត់​បទបញ្ញត្តិ​ដែល​ធានា​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ដែល​សម្រេចបាន​កាលពី​ឆ្នាំ ២០១៥៕
 

Tag:
 COP23
  Internews
  CCMP
  Earth Journalism Network
© រក្សាសិទ្ធិដោយ thmeythmey.com