ជាតិ
ក្រសួងមហាផ្ទៃ ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ខណៈ​បក្សប្រឆាំង​នៅតែ​មិន​តប​
13, Nov 2017 , 10:57 am        
រូបភាព
រូបភាព៖ លោក គី តិច មេធាវីមួយរូបរបស់ក្រសួងមហាផ្ទៃ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងមក។ ប៉ុន្តែកាលនោះ លោក ទៅចូលរួមសវនាការនៅតុលាការកំពូល ក្នុងនាមជាមេធាវិ ដែលការពារក្តីឲ្យសម្តេច ហ៊ុន សែន ប្រឆាំងនឹងលោក គឹម សុខ អ្នកវិភាគនយោបាយ មិនមែនក្នុងនាមជាមេធាវិដែលតំណាងឲ្យក្រសួងមហាផ្ទៃ នោះទេ
រូបភាព៖ លោក គី តិច មេធាវីមួយរូបរបស់ក្រសួងមហាផ្ទៃ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការកំពូល កាលពីកន្លងមក។ ប៉ុន្តែកាលនោះ លោក ទៅចូលរួមសវនាការនៅតុលាការកំពូល ក្នុងនាមជាមេធាវិ ដែលការពារក្តីឲ្យសម្តេច ហ៊ុន សែន ប្រឆាំងនឹងលោក គឹម សុខ អ្នកវិភាគនយោបាយ មិនមែនក្នុងនាមជាមេធាវិដែលតំណាងឲ្យក្រសួងមហាផ្ទៃ នោះទេ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ នឹង​យក​ភស្តុតាង​មួយចំនួន​ផ្សេងទៀត ទៅជូន​តុលាការ​កំពូល នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ដើម្បី​ដាក់បន្ទុក​បន្ថែម លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សុំ​ឲ្យ​ផ្អាក​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​។



​ដោយ​កំពុង​រវល់​ជាប់​ប្រជុំ​នោះ លោក គី តិច មិនបាន​បរិយាយ​អ្វី​ច្រើន​ឡើយ ជុំវិញ​ការយក​ភស្តុតាង​បន្ថែម​ទៅជូន​តុលាការ​កំពូល​។ លោក គី តិច មេធាវី​មួយរូប​របស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាងខ្លី​ថា ក្រុម​មេធាវី​របស់លោក នឹង​បកស្រាយ​ដល់​អ្នកកាសែត​តែម្តង ពី​ការដាក់​ភស្តុតាង​បន្ថែម​នេះ នៅពេល​ទៅដល់​តុលាការ​កំពូល ។

​ការដាក់​ភស្តុ​ង​តាង​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ទម្ងន់​បន្ថែម​ទៅលើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ស្របពេល​ដែល​តុលាការ​កំពូល ជិត​នឹង​បើកសវនាការ​ទៅហើយ ពោលគឺ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ភាគី​រង​បណ្តឹង ហាក់​បណ្តោយ​ឲ្យ​តុលាការ​កំពូល បន្ត​ចាត់ការ​ទៅតាម​ដំណើរ ដោយ​ខ្លួន​មិន​អើពើ​អ្វី​ទាំងអស់​។​

​រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​បានដាក់​ភស្តុតាង​ឬ​ឯកសារ ទៅកាន់​តុលាការ​កំពូល​ឡើយ​។ សូម្បីតែ​មេធាវី ដើម្បី​តទល់​ជាមួយ​ក្រសួងមហាផ្ទៃ ក្នុង​តុលាការ​កំពូល ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពឹងពាក់​ដែរ​។ ចំណែកឯ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង យល់ស្រប​នឹង​ការសម្រេច​របស់​គណបក្ស​បែបនេះ​។

​ឯកឧត្តម កឹម សុខា យល់ថា បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​នយោបាយ មិនមែនជា​ផ្លូវច្បាប់​នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។ លោក​មេធាវី​រូបនេះ បាន​យក​ប្រសាសន៍​ឯកឧត្តម កឹម សុខា ដែល​សន្ទនា​ជាមួយ​លោក ក្នុង​ពន្ធនាគារ មក​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ប៉ុន្មាន​ថ្ងៃមុន​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​គិតថា វា ជា​រឿង​នយោបាយ ដូច្នេះ​ទោះ​ដាក់​ឯកសារ​ឬ​មេធាវី ក៏​គ្មាន​ប្រយោជន៍​ដែរ​។ រឿង​នយោបាយ គឺ​ត្រូវ​ដោះស្រាយ​ដោយ​នយោបាយ​»​។

​សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយ​ដល់​ទៅ​៥​ឆ្នាំ​ថែមទៀត​៕


Tag:
 ​តុលាការ​
  មហាផ្ទៃ​
  មេធាវី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com