ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំ​បក្សប្រឆាំង​១១៧​រូប ត្រូវបាន​មហាផ្ទៃ ស្នើ​ឲ្យ​តុលាការ ផ្អាក​ការធ្វើ​នយោបាយ ៥​ឆ្នាំ​
13, Nov 2017 , 5:17 pm        
រូបភាព
រូបភាព៖ លោក គី តិច មេធាវិមួយរូបរបស់ក្រសួងមហាផ្ទៃ ឈរនៅមុខតុលាការកំពូល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២0១៧ ដោយបង្ហាញបញ្ជីឈ្មោះទាំង១១៧រូបនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវស្នើឲ្យផ្អាកការធ្វើនយោបាយរយៈពេល៥ឆ្នាំ
រូបភាព៖ លោក គី តិច មេធាវិមួយរូបរបស់ក្រសួងមហាផ្ទៃ ឈរនៅមុខតុលាការកំពូល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២0១៧ ដោយបង្ហាញបញ្ជីឈ្មោះទាំង១១៧រូបនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវស្នើឲ្យផ្អាកការធ្វើនយោបាយរយៈពេល៥ឆ្នាំ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សមាជិក​ចំនួន​១១៧​រូប ក្នុង​ជូរ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក ដែល​ចាត់ទុកថា​ជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ ស្រង់​ឈ្មោះ​ជា​ផ្លូវការ ហើយ​បញ្ជូនទៅ​ដល់ដៃ​តុលាការ​កំពូល​ហើយ នៅ​រសៀល​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ដើម្បី​សុំ​ឲ្យ​ផ្អាក​អ្នក​ទាំងនោះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​តុលាការ​កំពូល បិទ​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ ពី​ថ្នាក់ដឹកនាំ​ទាំង​១១៧​រូបនោះ ឲ្យ​ស្រប​នឹង​ពេល​តែមួយ​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តែម្តង​។



​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតក្នុង​បញ្ជី​នៃ​ការស្នើ​ឲ្យ​ផ្អាក​សកម្មភាព​ផ្នែក​នយោបាយ​រយៈពេល​៥​ឆ្នាំ មានដូចជា ឯកឧត្តម កឹម សុខា (​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​), លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខ​ហួរ (​អនុប្រធាន​ទាំងបី​), កញ្ញា កឹម មនោ​វិទ្យា (​កូនស្រី​របស់​ឯកឧត្តម កឹម សុខា​), លោកស្រី ជូ​ឡុង សូ​មួ​រ៉ា (​ភរិយា​របស់លោក សម រង្ស៊ី​), និង​លោក ម៉ៅ មុន្នី​វណ្ណ ជាដើម​។

​ក្រៅពី​បញ្ជី​ឈ្មោះ​នៃ​អ្នកនយោបាយ​ទាំង​១១៧​រូប ក្រុម​មេធាវី ក៏មាន​ឯកសារ​និង​ភស្តុតាង​ផ្សេងទៀត​ដែរ ដែល​ប្រគល់​ជូនទៅ​តុលាការ​កំពូល ដើម្បី​ដាក់បន្ទុក​បន្ថែម លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​មេធាវី សង្ឃឹម​យ៉ាង​មុតមាំ​ថា ដោយ​ផ្អែកលើ​ភស្តុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ តុលាការ​កំពូល នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​។

​លោក គី តិច មេធាវី​មួយរូប​របស់​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត ក្រោយ​ចាក​ចេញពី​តុលាការ​កំពូល​យ៉ាង​ដូច្នេះ​៖«​ក្រុម​មេធាវី អាច​វាយតម្លៃថា សឹងតែ ១00 ភាគរយ ក្នុងការ​ឈ្នះក្តី​។ ការ​តុលាការ​កំពូល នឹង​ពិនិត្យ ហើយ​សម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ​»៕
 

Tag:
 CNRP
  រំលាយ​បក្ស​
  មហាផ្ទៃ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com