ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​ត្រៀមកម្លាំង​ទប់ស្កាត់​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល
13, Nov 2017 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​គណៈ​អភិបាលខេត្ត​ទូទាំងប្រទេស ត្រៀមកម្លាំង​ប្រចាំ​បញ្ជា​មួយ​ឲ្យ​បាន​គ្រប់​ទីកន្លែង​នៅ​ថ្ងៃទី​១៥ វិច្ឆិកា​នេះ ដើម្បី​ទប់ស្កាត់​ចលនា​ផ្ដួលរំលំ​រដ្ឋាភិបាល​ដែល​អាច​កើតឡើង ស្របពេល​តុលាការ​នឹង​បើកសវនាការ​សម្រេច​ជោគវាសនា​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។



​មុន​មួយថ្ងៃ​នៃ​ការបើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អាជ្ញាធរ​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋាភិបាល និង​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​។ នេះ​ជា​លិខិត​បង្គាប់​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង ។​

​បន្ថែម​ពីលើ​លិខិត​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ត្រៀមកម្លាំង​គ្រប់គ្រាន់​ហើយ សម្រាប់​ទប់ស្កាត់​ស្ថានការណ៍​បះ​បោល​ណាមួយ ដែល​រដ្ឋាភិបាល​សង្ស័យ​ជា​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច ពី​សំណាក់​ក្រុមប្រឆាំង​។  ជាពិសេស​បង្ការ​កុំ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​រដ្ឋប្រហារ ដូច​កាលពី​ទស្សវត្ស​១៩៧០ កើតឡើង​ជាថ្មី ។

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​ជា​កិច្ចការ​ផ្ទៃក្នុង ដែលជា​ការណែនាំ​ឲ្យ​មាន​ក្រុមការងារ​ប្រចាំការ ដោះស្រាយ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​កន្លែង​ឲ្យ​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​កើតឡើង ព្រោះ​ក្រែងលោ​មាន​ក្រុម​ពួក​ប្រឆាំង ដើរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ងើប​តវ៉ា បះ​បោល​ប្រឆាំង​រដ្ឋាភិបាល​។ ហើយ​វា​មាន​ប្រវត្តិ​តាំងពី​ឆ្នាំ​២០១៣ ដែលមាន​ពលរដ្ឋ​ឡើងមក​តវ៉ា ដូច្នេះ​វា​ជា​ប្រវត្តិ​ដែល​បង្រៀន​រដ្ឋាភិបាល​អ​នុ​វត្ត​បែបនេះ​»​។​

​តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​គម្រោង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ឡើងមក​តវ៉ា ដូច​ការលើកឡើង​រប​ស់​ក្រសួងមហាផ្ទៃ​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រាប់​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​យើង គ្មាន​គម្រោង ដើម្បី​ប្រមូលផ្តុំ ឬ​កែន​កម្លាំង​មហាជន​អ្វី​ទាំងអស់​។ ហើយ​រហូតមក​ដល់ពេលនេះ យើង​ក៏​អត់​មាន​ដាក់​ឯកសារ​ឬ​មេធាវី​ដែរ​។ យើង ដឹង​ហើយ​ថា ទោះជា​ដាក់ ឬ​តតាំង​តាមផ្លូវ​ច្បាប់ ក៏​យើង​គ្មាន​លទ្ធភាព​ថា​នឹង​ឈ្នះ​ដែរ​»​។​

​សម្រាប់​លោក សូ ចន្ថា អ្នកវិភាគ​វិញ យល់ថា ការត្រៀម​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គ្រាន់តែ​ជា​គំនិត​ព្រួយបារម្ភ​មួយ​ប៉ុណ្ណោះ ហើយ​វា​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​។ «​ជាទូទៅ​ខ្ញុំ​ហាក់ដូចជា​មិនឃើញ​មាន​ចលនា​ណាមួយ ឈានទៅដល់​ការផ្តួលរំលំ​រដ្ឋាភិបាល​ឡើយ​។ រដ្ឋាភិបាល​គួរតែ​ពង្រឹងកម្លាំង​ទប់ស្កាត់​អំពើចោរកម្ម ឬ​បញ្ហា​ព្រំដែន​វិញ​ប្រសើ​ជាង ព្រោះ​នៅពេល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​មាន​បញ្ហា​នោះ យើង​ឃើញថា​មិនមាន​កម្លាំង​សមត្ថកិច្ច​ណា​ចុះ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ទេ​…​។ ហើយ​ការត្រៀម​កម្លាំង​នេះ វា​គ្មានអ្វី​ចំណេញ​ទេ ប៉ុន្តែ​វា​បង្ក​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច អ្នកវិនិយោគ​ព្រួយបារម្ភ​ពី​ជំនួញ ទ្រព្យសម្បត្តិ​របស់គេ ហើយ​ភ្ញៀវទេសចរ​ក៏​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សូ ចន្ថា​។​

​លោក ខៀវ សុភ័គ ច្រានចោល​ទស្សន​របស់​លោក សូ ចន្ថា ។ លោក បកស្រាយ​តប​ថា ការត្រៀម​កម្លាំង​ទប់ស្កាត់​នេះ មិន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​នោះទេ ព្រោះ​ពលរដ្ឋ​យល់​ពី​បញ្ហា​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ននេះ​។​

​នៅ​ថ្ងៃទី​១៦ វិច្ឆិកា តុលាការ​កំពូល នឹង​បើកសវនាការ​សម្រេច​លើ​ជោគវាសនា​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ​។ មុន​សវនាការ​ជំនុំជម្រះ​មកដល់ ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ នឹង​យក​ភស្តុតាង​មួយចំនួន​ផ្សេងទៀត​ទៅជូន​តុលាការ​កំពូល នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ដើម្បី​ដាក់បន្ទុក​បន្ថែម លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយ​ដល់​ទៅ​៥​ឆ្នាំ​ថែមទៀត​៕


Tag:
 ស ខេង​
  ខៀវ សុភ័គ​
 ​ សូ ចន្ថា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com