កីឡាជាតិ
ជាតិ
កម្ពុជាចាត់ទុកហ្ស៊កដានីជាក្រុមខ្លាំងតែគ្រូបង្វឹកក្រុមនេះថាកម្ពុជាជាក្រុមដែលមិនអាចមើលរំលង
× លោក ប្រាក់ សុវណ្ណារ៉ា ត្រូវដឹកនាំក្រុមជម្រើសជាតិទទួលស្វាគមន៍ក្រុមភ្ញៀវហ្ស៊កដានីសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 នាម៉ោង៦ :៣០នាទីល្ងាចថ្ងៃទី១៤ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ទោះបីគ្រូបង្វឹកកម្ពុជាចាត់ទុកហ្ស៊កដានីជាក្រុមដែលសមត្ថភាពខ្ពស់ជាងខ្លួនក៏ដោយ តែគ្រូបង្វឹកក្រុមនេះនិយាយថា កម្ពុជាជាក្រុមខ្លាំងដែលមិនអាចមើលស្រាលបាន។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកហ្ស៊កដានីជាក្រុមខ្លាំងដែលលោកមិនធ្លាប់ជួបកន្លងមកក្នុងអាជីពជាគ្រូបង្វឹក។ ការចាត់ទុកបែបនេះដោយសារលោកមើលឃើញថា សមាជិកក្រុមរបស់ហ្ស៊កដានីភាគច្រើនមានកម្ពស់ខ្ពស់ពោរពញដោយថាមពល និងបច្ចេកទេសខ្ពស់បើធៀបនឹងកីឡាករកម្ពុជា។ ទោះបីយ៉ាងនេះក្តី ទាំងគ្រូបង្វឹក និងកីឡាករសុទ្ធតែប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ជំនួបជើងទី២ជាមួយហ្ស៊កដានី។
ទន្ទឹមនឹងនេះ លោក Jamal Abu Abed គ្រូបង្វឹកដែលទើបតែងតាំងថ្មីរបស់ហ្ស៊កដានីបានលើកឡើងថា កម្ពុជាជាក្រុមដែលមានកីឡាករល្អៗច្រើនដែលលោកមិនអាចមើលរំលងបាន។ តែយ៉ាងណា លោកអះអាងថា ហ្ស៊កដានីបានត្រៀមខ្លួនយ៉ាងល្អក្នុងការលេង១០០ភាគរយជាមួយកម្ពុជាសម្រាប់ជំនួបយប់នេះ។ ការប្រកួតនៅយប់នេះនឹងក្លាយជំនួបមួយដ៏តានតឹងព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ត។ គ្រូបង្វឹករូបនេះបាននិយាយថា កម្ពុជាត្រូវការឈ្នះដើម្បីសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា រីឯក្រុមលោកត្រូវការឈ្នះដើម្បីបានកៅអីឡើងទៅវគ្គបន្ត។
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រឈមជាក្រុមភ្ញៀវហ្ស៊កដានីដែលលោកគិតថាជាក្រុមខ្លាំងសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ជើងទី២នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៤ វិច្ឆិកា នាពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបជើងទី១កម្ពុជាបានប្រកួតចាញ់ហ្ស៊កដានីក្នុងលទ្ធផល ៧-០។
សម្រាប់ការជួបជាមួយហ្ស៊កដានីនៅយប់នេះ ជាជំនួបចុងក្រោយសម្រាប់ការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា ដែលបានចុះកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ប៉ុន្តែប្រសិនបើកម្ពុជាអាចយកឈ្នះ ឬស្មើជាមួយហ្ស៊កដានីតំណែងជាគ្រូបង្វឹករបស់លោក សុវណ្ណារ៉ា អាចស្ថិតក្នុងការពិចារណារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
គួរបញ្ជាក់ថា នេះជាជំនួបលើកទី២របស់ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកដែលដឹកនាំឲ្យបឹងកេតគ្រងជើងឯកក្របខណ្ឌលីកកំពូលឆ្នាំ២០១៦រូបនេះ ខណៈលើកទី១ក្នុងជំនួបមិត្តភាពអន្តរជាតិចាញ់មីយ៉ាន់ម៉ា ២-១ កាលពីថ្ងៃទី៩ វិច្ឆិកា កន្លងទៅ៕
Tag:
AFC Asian Cup
ប្រាក់ សុវណ្ណារ៉ា
Jamal Abu Abed
© រក្សាសិទ្ធិដោយ thmeythmey.com