ជាតិ
ក្រសួងបរិស្ថាន គ្រោង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ នៅ​កោះរ៉ុង​
15, Nov 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា នឹង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នា​ជំនួប​ជាមួយ លោក Ahab CW Downer នាយក​ប្រចាំ​ប្រទេស​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ FFI កាលពី​ថ្ងៃទី ៧ ខែវិច្ឆិកា កន្លងទៅ​។​



«​ក្នុងពេល​ខាងមុខនេះ​ក្រសួង នឹង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា នៅលើ​តំបន់​ឧ​ទ្យា​ជាតិ​ជាតិ​កោះរ៉ុង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រដ្ឋមន្ត្រី​បរិស្ថាន មុននឹង​បន្តថា ក្រសួង ក៏​កំពុង​ពិនិត្យមើល​ល​ទ្ឋ​ភាព​ដៃគូ​សហការ​ជួយ​ពង្រឹងសមត្ថភាព​ឧ​ទ្យា​នុ​រក្ស ដើម្បី​ពង្រឹង​បណ្តាញ​ការពារ​សមុទ្រ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដូចជា​អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ ដើម្បី​កំណត់​ព្រំប្រទល់ និង​ផែនការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជីវៈចម្រុះ​នៅ​តំបន់​សមុទ្រ​។



​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ឧទ្យាន​ជាតិ​ចំនួន​១២ ក្នុងនោះ​ឧទ្យាន​ជាតិ​ចំនួន​៧ បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ និង​ឧទ្យាន​៥​តំបន់​ទៀត បាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​១.៧២០.២៦៩,៣៥​ហិកតា ស្មើនឹង​៩,៥​ភាគរយ នៃ​ផ្ទៃដី​ប្រទេស ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ កោះកុង កំពត ពោធិ៍សាត់ សៀមរាប រតនគិរី ព្រះសីហនុ និង​ខេត្តស្ទឹងត្រែង ។ ឧទ្យាន​កោះរ៉ុង មាន​ផ្ទៃដី​២.៦៥៥, ៣៥​ហិកតា ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​បង្កើត​ដោយ​អនុក្រឹត្យ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ។

«​តំបន់​ឧទ្យាន​ជាតិ​» សំដៅ​ដល់​តំបន់​ធម្មជាតិ​ក្នុង​ដែនដី​គោក ឬ​ដែនទឹក ដែល​ត្រូវ​បានកំណត់​ដើម្បី​ការពារ​ខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ឬ​ច្រើន​របស់​តំបន់ ដែល​បានកំណត់​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់​។ នេះ​បើតាម​ក្រសួងបរិស្ថាន ដែល​បន្តថា​តំបន់​នេះ ក៏​កម្រិត​ការប្រើប្រាស់  ដែល​អាចធ្វើ​ឲ្យ​ខូចខាត ឬ​បំផ្លិចបំផ្លាញ​ដល់​ធនធាន​ជីវៈចម្រុះ ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ តួនាទី​របស់​តំបន់​នោះ ជាមួយនឹង​គោលបំណង នៃ​ការកំណត់​តំបន់ និង​ការផ្តល់​មូលដ្ឋាន​សម្រាប់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ  ការសិក្សា​ស្រាវជ្រាវ វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ ដោយ​ពុំ​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន​ឡើយ​៕


Tag:
 បរិស្ថាន​
 ​ កោះរ៉ុង​
 ​ ឧទ្យាន​
© រក្សាសិទ្ធិដោយ thmeythmey.com