ជាតិ
កម្ពុជា​ចំណាយ​ថវិកាជាតិ​ជាង ៤០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ លើ​ការព្យាបាល​ជំងឺ​ដែល​កើត​ពី​កង្វះ​អនាម័យ​
15, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ចំណាយ​ប្រាក់​១៤​ដុល្លារ​ក្នុង​មួយឆ្នាំ លើ​ការព្យាបាល​ជំងឺ​ដែល​កើតឡើង​ដោយសារ​កង្វះ​អនាម័យ និង​បាន​ចំណាយ​៣៤​ដុល្លារ​ផ្សេងទៀត លើ​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សុវត្ថិភាព​សង្គម សុខភាព​សាធារណៈ និង​បរិស្ថាន​។​



​កម្ពុជា​បាន​បាត់បង់​ថវិកា​ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ទៅលើ​ការព្យាបាល​ជំងឺ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​កង្វះ​អនាម័យ និង​លើ​ការខ្វះ​ផ្នែក​សុខមាលភាព​សាធារណៈ​។ តួលេខ​នៃ​ខាតបង់​ថវិកាជាតិ​នេះ​ត្រូវ​បានលើកឡើង​ដោយ​លោក យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​។ លោក យឹម ឆៃលី បាន​និយាយ​អំពី​ការបាត់បង់​ថវិកា​ដោយសារ​បញ្ហា​អនាម័យ​នេះ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី «​ពី​សហគមន៍​ទៅជា​ប្រទេស​ដែល​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល​» ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​



​រដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​គម្រោង​សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង​ដែល​សហការ​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​។​
​នៅក្នុង​ឱកាស​បើក​សន្និសីទ​អន្តរជាតិ​ដែល​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​ទឹកស្អាត និង​ផ្នែកអនាម័យ​ប្រមាណ​១០០​នាក់​មកពី​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម​អំពី​លទ្ធផល​នៃ​ការសិក្សា​មួយ​ដែល​បង្ហាញថា ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ចំណាយ​១៤​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បណ្តាលមកពី​កង្វះ​អនាម័យ​។ កម្ពុជា​ក៏ត្រូវ​បាត់បង់​៣៤​ដុល្លារ​ផ្សេងទៀត​ក្នុង​ពលរដ្ឋ​ម្នាក់ បើ​គេ​និយាយ​អំពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន សុខភាព​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាដើម​នោះ​។​

​លោក យឹម ឆៃលី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ការធ្វើ​យុទ្ធនាការ​លើកកម្ពស់​អនាម័យ មិនមែន​គ្រាន់តែ​ការសាងសង់​បង្គន់​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​អប់រំ​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់ បញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល​។ ការផ្លាស់ប្តូរ​ទម្លាប់​ប្រជាជន គឺជា​បេះដូង​នៃ​កម្មវិធី​លើកកម្ពស់​ង​អនាម័យ​»​។​



​លោក Kamal Kar ប្រធាន​មូលនិធិ​គម្រោង​សហគមន៍​ដឹកនាំ​អនាម័យ​ទាំងស្រុង (CLTS) បាន​ថ្លែង​នៅក្នុង​សន្និសីទ​ដដែល​នេះ​ថា សន្និសីទ​ថ្ងៃនេះ មិន​ត្រឹមតែ​និយាយ​ពី​ភាពជោគជ័យ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​លើកឡើង​ពី​អំពី​ភាពបរាជ័យ និង​ភាព​ខ្សោយ​មាន ដើម្បី​ពង្រឹង​បន្ថែមទៀត​នៅ​ចំណុច​ទាំងអស់នេះ​។ លោក​បន្ថែមថា សន្និសីទ​នេះ​នឹង​ព​ន្លឿ​ន​ស្ថានភាព​នៃ​ការបញ្ឈប់​កា​បន្ទោបង់​ពាសវាល​ពាសកាល នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕


Tag:
 យឹម ឆៃលី​
  Kamal Kar
 ​ថវិកាជាតិ​
  កង្វះ​អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com