ជាតិ
កម្ពុជា​ពន្យល់ EU ថា ស្ថានការណ៍​ចុងក្រោយ​ជាការ​ពង្រឹង​នីតិរដ្ឋ​
16, Nov 2017 , 2:00 pm        
រូបភាព
ដោយ:
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ពន្យល់​ទៅ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ថា​កម្ពុជា​កំពុង​ពង្រឹង​នីតិរដ្ឋ​។ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបទេស​កម្ពុជា ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ បន្ទាប់ពី​ជំនួប​ពន្យល់​ទៅកាន់​សហភាព​អឺរ៉ុប  នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ នា​ទីស្តីការក្រសួង​បញ្ចប់​។​



​តាម​អ្នកនាំពាក្យ​ដដែល នៅក្នុង​ជំនួប​នោះ សហភាព​អឺរ៉ុប នៅតែ​លើកឡើង​ពី​កង្វល់ និង​បារម្ភ​របស់ខ្លួន ជុំវិញ​ការ​រិត​ដ្បិត​សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​ពិសេស​ការចាប់ និង​ឃុំខ្លួន    ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទន្ទឹមនឹង​នីតិវិធី​របស់​តុលាការ​កំពូល​លើ​បណ្តឹងសុំ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ កំពុងតែ​ដំណើរការ​នោះ​។

​ជាការ​កត់សម្គាល់​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កម្ពុជា ជួប​ជាមួយ​សហភាព​អឺរ៉ុប ជជែក​គ្នា​ពី​ករណី​ការចាប់ខ្លួន ឯកឧត្តម កឹម សុខា និង​បណ្តឹង​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​។ កាលពី​ចុងខែ​តុលា លោក ប្រាក់ សុខុន ក៏បាន​ជួប​ជាមួយ​លោក Werner Langen ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​សភា​អឺរ៉ុប​ដែរ​។ ក្នុងជំនួប​នោះ ប្រតិភូ​សហភាព​អឺរ៉ុប បាន​និយាយ​ភ្ជាប់​រឿង​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម  នៅក្នុង​សំណើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​៕


Tag:
 EU
 ​ ប្រាក់ សុខុន​
© រក្សាសិទ្ធិដោយ thmeythmey.com