អន្តរជាតិ
ប្រធានាធិបតី​ចិន បន្ត​ជំរុញ​«​បដិវត្តន៍​បង្គន់​អនាម័យ​» ដើម្បី​ទាក់ទាញ​ភ្ងៀ​វ​ទេសចរណ៍​អន្តរជាតិ​
28, Nov 2017 , 8:59 am        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​ចិន លោក ស៊ី ជិន​ភីង បាន​ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​បន្ត​ជំរុញ​ការអនុវត្ត​យុទ្ធនាការ «​បដិវត្តន៍​បង្គន់​» ឲ្យ​កាន់តែច្រើន​ទៀត ។ ការបន្ត​យុទ្ធនាការ​នោះ​គឺ បន្ត​ដំឡើង ឬ​សាងសង់​បន្ទប់ទឹក​សាធារណៈ​ឲ្យ​កាន់​ច្រើន​មិន​ថា​នៅ​តំបន់​ជនបទ ឬ​ទីប្រជុំជន​ឡើយ ។



​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ថ្លែង​ក្នុងឱកាស​វេទិកា​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​សមិទ្ធផល​នៃ​ការសាងសង់ ថា ចិន​គួរតែ​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ និង​បង្កើន​បង្គន់​សាធារណៈ ដែលជា​ផ្នែក​នៃ «​បដិវត្តន៍​បង្គន់​» ដែល​បង្កើតឡើង​ក្នុង​គោលដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​២៧ វិច្ឆិកា ។

​លោក​ប្រធានាធិបតី ស៊ី បាន​ពន្យល់ថា ការសាងសង់​បង្គន់​ដែលមាន​អនាម័យ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការជំរុញ​ភាពជឿនលឿន​ទាំង​នៅ​ទីប្រជុំជន និង​ទីជនបទ​។ វា​ក៏​ជា​អ្វីដែល​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ គួរតែ​បន្ត​កិច្ចប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ផងដែរ ។

​ប្រធានាធិបតី​ចិន​សង្កត់ធ្ងន់ថា​៖«​ស្របតាម​គោលនយោបាយ​បដិវត្តន៍​បង្គន់ ចិន គួរតែ​ដំឡើង​សំណង់​សាធារណៈ​ឲ្យ​បាន​ច្រើន និង​មាន​គុណភាព ក៏ដូចជា​សេវាសាធារណៈ​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​លូតលាស់​»​។​

​គួរ​ជម្រាប​ផងដែរ​ថា បដិវត្តន៍​បង្គន់ ត្រូវបាន​អាជ្ញាធរ​ចិន ប្រកាស​ដាក់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥​មក ។ គោលនយោបាយ​នេះ ធ្វើឡើង​បន្ទាប់ពី​ចិន​ទទួល​ការរិះគន់​ច្រើន​ពី​បណ្តា​អ្នកទេសចរ និង​អ្នកប្រើប្រាស់​បង្គន់​សាធារណៈ ព្រោះ​ពីមុន​ក្នុង​បន្ទប់​មួយ អាច​ឲ្យ​អ្នកប្រើប្រាស់​ចូល​បាន​ច្រើន​នាក់ ដោយ​ពុំមាន​ជញ្ជាំង​អ្វី​សម្រាប់​បិទបាំង​នៅពេល​ពួកគេ​បន្ទោរ​បង់​នោះ ។

តាមរយៈ​គោលនយោបាយ​បី​ឆ្នាំ​(២០១៥-២០១៧)​នៃ​បដិវត្តន៍​បង្គន់​ចិន មាន​ផែន​ការចង់​បន្ថែម​បង្គន់​សាធារណៈ​ជាង​បី​ម៉ឺន និង​ប្តូរផ្លាស់​ថ្មី​ជាង​ពីរម៉ឺន​បង្គន់ ។ តាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ទេសចរណ៍​ជាតិចិន រដ្ឋាភិបាល​ក៏មាន​ផែនការ​ក្នុង​ដំឡើង​បង្គន់​សាធារណៈ ជាង​ប្រាំមួយ​ម៉ឺន​បង្គន់​នៅ​ទិសដៅ​ភ្ញៀវទេសចរ​ក្នុង​ឆ្នាំ​២០១៨-២០២០ ផងដែរ ៕



Tag:
 ​ចិន​
  បង្គន់​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com