អន្តរជាតិ
មន្ត្រី​យោធា​ចិន​ជាន់ខ្ពស់​ធ្វើអត្តឃាត ក្រោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ពុករលួយ​
28, Nov 2017 , 10:39 pm        
រូបភាព
​អតីត​សមាជិក​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​នៃ​បក្ស​កុម្មុយនីស្ត​ចិន លោក ចាង យ៉ាង (Zhang Yang) បានធ្វើ​អត្តឃាត​នៅ​ក្នុងផ្ទះ​របស់ខ្លួន ខណៈ​រូបលោក​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ពុករលួយ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua ផ្សាយ​ថា លោក ចាង យ៉ាង បាន​ស្លាប់​តាំងពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​មក​ម្លេះ​។ គណៈកម្មការ​យោធា​មជ្ឈិម​អះអាងថា លោក ចាង បាន​បំពាន​វិន័យ​បក្ស និង​មានទ្រព្យ​សម្បត្តិ​មិន​ច្បាស់លាស់​ជាច្រើន​។



​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន ចាង យ៉ាង អតីត​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​គណៈកម្មការ​យោធា​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បាន​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ ស្រប​ពេលដែល​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ករណី​ពុករលួយ​។ លោក ចាង យ៉ាង ជា​មន្ត្រីជាន់ខ្ពស់​យោធា​ដំបូង​គេ ដែល​សម្លាប់ខ្លួន​ដើម្បី​គេច​ពី​ការចោទប្រកាន់ ដោយ​ជាប់​សង្ស័យថា​មាន​ទំនាក់ទំនង​ជាមួយ​អតីតមន្ត្រី​យោធា​ពីររូប​ទៀត ដែល​អស់តំណែង​ដោយសារ​អំពើ​ពុល​រលួយ​នេះដែរ​។​

​មុន​ហេតុការណ៍​កើតឡើង គណៈកម្មការ​យោធា​មជ្ឈិម​ដែល​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ភីង បាន​ជួប​ជាមួយ​លោក ចាង ដើម្បី​សួរនាំ​ពី​ការចូលរួម​របស់លោក​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍ Guo Boxiong និង Xu Caihou ។ ក្រុម​ស៊ើបអង្កេត​អះអាងថា លោក ចាង បាន​ល្មើស​វិន័យ​បក្ស និង​ច្បាប់​ធ្ងន់ធ្ងរ ជាប់​ពាក់ព័ន្ធ​ករណី​ផ្ដល់ និង​ទទួល​សំណូក​រាប់លាន​ដុល្លារ ព្រមទាំង​មានទ្រព្យ​សម្បត្តិ​សន្ធឹកសន្ធាប់​ទៀតផង​។​

​លោក ចាង យ៉ាង ត្រូវបាន​ដកហូត​តំណែង​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​កាលពី​ចុងខែ​សីហា ព្រម​គ្នា​នឹង​មន្ត្រីជាន់ខ្ពស់​យោធា​ម្នាក់ទៀត គឺ​លោក Fang Fenghui ដែលជា​អតីត​ប្រធាន​នាយកដ្ឋាន​សេនាធិការ​ចម្រុះ​។ អ្នក​ទាំងពីរ​នេះ​ក៏​គ្មាន​ឈ្មោះ​ជា​ប្រតិភូ​តំណាង​កងទ័ព​រំដោះប្រជាជន​ចិន​សម្រាប់​មហាសន្និបាត​ប​ក្ស​លើក​ទី​១៩ ខែតុលា​ដែរ​។ ក្រោយ​អស់តំណែង អតីតមន្ត្រី​យោធា​ទាំងពីរ​នេះ ក៏ត្រូវ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ​រហូតមក ហើយ​លោក ចាង ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​តែម្ដងទៅ​។​

​មកទល់ពេលនេះ មន្ត្រី​លើស​មួយ​លាន​នាក់​ត្រូវ​រង​ទណ្ឌកម្ម​ដោយសារ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​នេះ​។ ចំណែកឯ​ក្នុង​ជួរ​យោធា​វិញ មន្ត្រី​ទាំង​តូច​ទាំង​ធំ​ចំនួន​ជាង​១៣០០០​នាក់ ត្រូវបាន​ដាក់ពិន័យ​ដោយសារ​កំហុស​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ដោយ​ខ្លះ​ត្រូវ​បណ្ដេញ​ចេញពី​បក្ស ហើយ​ខ្លះទៀត​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ជាដើម​។

​តាំងពី​កាន់អំណាច​ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៨ ឆ្នាំ​២០១២ ដល់​មហាសន្និបាត​បក្ស​លើក​ទី​១៩ ឆ្នាំ​២០១៧ អគ្គលេខាធិការ​បក្ស ស៊ី ជិន​ភីង បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​យុទ្ធនាការ​បោសសម្អាត​មន្ត្រី​ពុករលួយ​។ លោក ស៊ី ជិន​ភីង បានចេញ​បញ្ជា​ដាច់​ណាត់​ក្នុង​យុទ្ធនាការ​នេះ ដោយ​មិនត្រូវ​រើ​ង​អើ​ង​ឋានៈ​អ្វី​ទេ មិន​ថា «​មន្ត្រី​ខ្លា​» និង «​មន្ត្រី​រុយ​» ឡើយ​។ ពោល គឺ​មន្ត្រី​ថ្នាក់​ណាក៏ដោយ​ឲ្យ​តែ​ជាប់​ពាក់ព័ន្ធ​ពុករលួយ ត្រូវតែ​កាត់ទោស​ទាំងអស់​៕   


Tag:
 ​ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com