អន្តរជាតិ
ក្រោយ​នៅ​ស្ងៀម​៧៥​ថ្ងៃ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ធ្លាក់​កៀក​ជប៉ុន​
29, Nov 2017 , 10:17 am        
រូបភាព
​បន្ទាប់ពី​នៅ​ស្ងៀមស្ងាត់​មិន​ធ្វើ​សកម្មភាព​អស់​រយៈពេល​៧៥​ថ្ងៃ​មក​នោះ កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ដែល​បាន​ធ្លាក់​ចូលក្នុង​ដែនទឹក​របស់​ជប៉ុន​។ កូរ៉េខាងត្បូង និង​អាមេរិក​វាយតម្លៃថា មី​ស៊ី​ល​នេះ​អាចជា​ប្រភេទ​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ព្រោះ​រត់​បាន​ឆ្ងាយ និង​ហោះ​ក្នុង​រយៈកម្ពស់​ខ្ពស់​។ ការបាញ់​នេះ ជា​សកម្មភាព​គឃ្លើនរ​បស់​កូរ៉េខាងជើង តទល់​ចំណាត់ការ​របស់​អន្តរជាតិ​។​



​ការវាយតម្លៃ​របស់​ក្រសួងការពារជាតិ​អាមេរិក និង​យោធា​កូរ៉េខាងត្បូង​បង្ហាញថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​នៅ​ម៉ោង​៣ និង​១៧​នាទី ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ មី​ស៊ី​ល​នេះ​ហោះ​បាន​ចម្ងាយ​ជាង​៩៦០​គីឡូម៉ែត្រ មុននឹង​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ហើយ​កៀក​ដែន​គោក​របស់​ជប៉ុន​ជាការ​បាញ់​លើក​មុនៗ​។ យ៉ាងណាក្ដី មិនទាន់មាន​ការអះអាង​ថា​ណាមួយ​ពី​កូរ៉េខាងជើង​ឡើយ​ជុំវិញ​ការបាញ់​នេះ​។

​មន្ត្រី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​យល់​ស្របគ្នា​ថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​នេះ​ជា​មី​ស៊ី​ល​អន្តរទ្វីប​ធុន Hwasong-14 បាញ់​ចេញពី​ខេត្ត Pyongan ខាងត្បូង​។ ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​អះអាងថា ការបាញ់​នេះ​មិន​បង្ក​ការគំរាមកំហែង​ណាមួយ​សម្រាប់​ប្រទេស​ទាំងបី​ឡើយ​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ក្នុង​មុំ​ដ៏​ខ្ពស់ ហើយ​ក្នុងករណី​កូរ៉េខាងជើង​ប្រឹងប្រែង​បន្តទៀត មី​ស៊ី​ល​នេះ​អាច​បាញ់​ដល់​កោះ​ហា​វ៉ៃ​មិន​ខាន​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ លើ​បញ្ហា​នេះ​។ មេដឹកនាំ​ទាំងបី​សុទ្ធតែ​អះអាងថា​ពី​គ្រោះថ្នាក់​នៃ​សកម្មភាព​របស់​កូរ៉េខាងជើង និង​បានប្រកាស​ពី​ការ​ប្ដេ​ជា្ញ​ចិត្ត​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ការគំរាមកំហែង​នេះ​។ លោក ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​។​

​ជុំវិញ​ការបាញ់​មី​ស៊ី​ល​ទាំង​ព្រឹក​បែបនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ក៏​បង្ហាញ​ការព្រួយបារម្ភ​ដែរ ព្រោះ​សមត្ថភាព​របស់​កូរ៉េខាងជើង​មាន​កាន់​ខ្ពស់​។ លោក ម៉ា​ធី​ស បញ្ជាក់ថា មី​ស៊ី​ល​នេះ​ហោះ​ខ្ពស់ជាង​មី​ស៊ី​ល​ដែល​ត្រូវបាន​បាញ់​លើក​មុនៗ ដែល​នេះ​បង្ហាញ​ពី​ការប្រឹងប្រែង និង​ការស្រាវជ្រាវ​របស់​កូរ៉េខាងជើង​ក្នុង​ការបន្ត​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​បង្ក​ជាការ​គំរាមកំហែង​ពេញ​ពិភពលោក​តែម្ដង​។​

​ប៉ុន្មាន​នាទី​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល យោធា​កូរ៉េខាងត្បូង​ក៏បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្បែរ​ព្រំដែន​ខាងជើង​ក្នុង​សមុទ្រ​ខាងកើត​។ កង​មី​ស៊ី​ល នាវាចម្បាំង​ធុន Aegis និង​យន្តហោះ​ចម្បាំង F-16 មួយគ្រឿង បាន​បាញ់​សំដៅ​គោលដៅ​ត្រាប់ ដែលមាន​ចម្ងាយ​ដូចគ្នា​ទៅនឹង​មូលដ្ឋាន​ដែល​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​៕


Tag:
 កូរ៉េខាងជើង​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com