អន្តរជាតិ
ប្រធានាធិបតី​បារាំង​៖ ជនជាតិ​អាហ្វ្រិក​លក់​ជនជាតិ​ខ្លួន​ធ្វើ​ទាសករ មិនមែន​ពួក​អឺរ៉ុប​ទេ​
29, Nov 2017 , 2:38 pm        
រូបភាព
​ករណី​ជួញដូរ​ជនអន្តោប្រវេសន៍​ដូច​សត្វ​ធាតុ​នៅក្នុង​ប្រទេស​លី​ប៊ី​នៅពេល​ថ្មីៗ​នេះ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​។ ប្រទេស​នានា​បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​ដើម្បី​ដាក់ចេញ​ចំណាត់ការ​មួយ​។ ប៉ុន្តែ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​កំពុង​ស្ថិតនៅ​ទ្វីបអាហ្វ្រិក បាន​និយាយ​ត្រង់ៗ​ថា បញ្ហា​ជួញដូរ​មនុស្ស​នៅ​អាហ្វ្រិក កើតឡើង​ដោយសារ​ប្រជាជន​អាហ្វ្រិក​ខ្លួនឯង ហើយ​បញ្ហា​នេះ​គួរតែ​ត្រូវ​ដោះស្រាយ​ក្នុងស្រុក​វិញ​។​



​ការផ្ទុះ​ចេញ​របាយការណ៍​ជួញដូរ​មនុស្ស​នៅ​លី​ប៊ី​កាលពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ​ផ្ទុះ​កំហឹង និង​ថ្កោលទោស​ខ្លាំង​ដែរ​។ បារាំង បានចេញ​មុខ​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជួញដូរ​មនុស្ស និង​ទាសភាព​នៅ​លី​ប៊ី​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង វិញ ក៏​ស្នើ​បង្កើត​យន្តការ​ចម្រុះ​អឺរ៉ុប​-​អាហ្វ្រិក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ក្នុងស្រុក​ទទួលខុសត្រូវ​ការងារ​នេះ​វិញ​។​

​ថ្លែង​ក្នុង​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ ប្រទេស​បួ​គី​ណា​ហ្វា​សូ ថ្ងៃទី​២៨ ខែវិច្ឆិកា លោក ម៉ា​ក្រុង និយាយ​ចំៗ​ថា ឈ្មួញ​ជួញដូរ​មនុស្ស​ទាំងនោះ គឺជា​ជនជាតិ​អាហ្វ្រិក មិន​ជនជាតិ​បារាំង​ទេ ដូច្នេះ​អាហ្វ្រិក​គួរ​មានតែ​ការទទួលខុសត្រូវ​ខ្លួនឯង​ដើម្បី​បោសសម្អាត​ក្រុម​នោះ​ឲ្យ​អស់​។ ប្រធានាធិបតី​បារាំង​ក៏បាន​ស្នើ​ឲ្យ​បង្ហាញមុខ​ជនជាតិ​អឺរ៉ុប​ដែលជា​ឈ្នួ​ញ​រត់ពន្ធ​មនុស្ស​នៅ​នី​ហ្ស៊េ​រី​យ៉ា និង​លី​ប៊ី​។​

«​បង្ហាញមុខ​ជនជាតិ​បារាំង បែលហ្ស៊ិក អាល្លឺម៉ង់​ដែល​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​មក​។ មនុស្ស​នេះ​គ្មាន​លើ​លោក​នេះ​ទេ​។ នៅ​អាហ្វ្រិក​បច្ចុប្បន្ន ជនជាតិ​អាហ្វ្រិក​ជា​អ្នកយក​អាហ្វ្រិក​គ្នាឯង​ធ្វើជា​ទាសករ ហើយ​នេះ​ជាការ​ពិត​។ ព្រម​គ្នា​នេះ ជនជាតិ​អឺរ៉ុប​ខ្លះ​ក៏​ទាញយក​ប្រយោជន៍​ពី​បញ្ហា​នេះដែរ ហើយ​វា​ជា​រឿង​មិនអាច​ទទួលយកបាន​ដាច់ខាត​។ ករណី​ទាំងពីរ​នេះ​សុទ្ធតែជា​ឧក្រិដ្ឋកម្ម ដែល​ត្រូវតែ​កម្ទេច​ឲ្យ​អស់​»​។ នេះ​ជា​បញ្ជាក់​របស់​ប្រធានាធិបតី​បារាំង ផ្សាយ​ដោយសារ​ព័ត៌មាន RT ។​

​បញ្ហា​ជួញដូរ​មនុស្ស និង​ទាសភាព​នេះ​នឹងត្រូវ​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​អាហ្វ្រិក​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ទីក្រុង Abidjan ប្រទេស​កូត​ឌី​វ័រ​។ លោក ម៉ា​ក្រុង ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​មនុស្សជាតិ​ក៏​អាក្រក់​មួយ​នេះ​។​

​យោងតាម​វីដេអូ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN បុរស​អាហ្វ្រិក​ជាច្រើន​នាក់​ពី​នៅ​លី​ប៊ី ត្រូវដាក់​ដេញថ្លៃ​យកទៅ​ធ្វើជា​កម្មករ​នៅ​កសិដ្ឋាន​ក្នុងតម្លៃ​៤០០ ដុល្លារ ហើយ​វីដេអូ​នេះ​ក៏បាន​ធ្វើ​ឲ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ​ផ្ទុះ​កំហឹង និង​ថ្កោលទោស​ខ្លាំង​។ យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​លី​ប៊ី ក៏បាន​អះអាង​ដែរ​ថា ខ្លួន​កំពុងតែ​បើក​ការស៊ើបអង្កេត និង​រង់ចាំ​លទ្ធផល​ដើម្បី​នាំយក​ជនល្មើស​មកកាន់​ទោស​តាមផ្លូវ​ច្បាប់ ៕ 


Tag:
 អាហ្វ្រិក​
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com