អន្តរជាតិ
ត្រាំ ប្រាប់ ស៊ី ឲ្យ​ឈប់​ផ្គត់ផ្គង់​ប្រេង​ទៅ​កូរ៉េខាងជើង​
30, Nov 2017 , 11:57 am        
រូបភាព
​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានស្នើ​ដោយផ្ទាល់​ទៅកាន់​សម​ភាគី​ចិន ស៊ី ជិន​ភីង ឲ្យ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ប្រេង​ទៅកាន់​កូរ៉េខាងជើង​។ នេះ​បើតាម​ការអះអាង​របស់​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។ បើតាម​លោកស្រី Haley ចំណាត់ការ​របស់​ចិន​គឺជា​ជំហាន​សំខាន់​ក្នុងការ​រាំងខ្ទប់​កូរ៉េខាងជើង តែបើ​ចិន​ធ្វើ​សកម្មភាព​ទេ អាមេរិក​នឹងធ្វើ​ម្នាក់ឯង​។​



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ដើម្បី​ពិភាក្សា​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ក្នុង​កិច្ចប្រជុំ​នេះ តំណាង​អាមេរិក Nikki Haley បានលើកឡើង​ពី​កិច្ចសន្ទនា​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​ចិន ស៊ី ជិន​ភីង ដែល​ក្នុងនោះ​លោក ត្រាំ បានស្នើ​ឲ្យ​ចិន​ចាត់វិធានការ​ឲ្យ​បាន​ច្រើន​ថែមទៀត​លើ​កូរ៉េខាងជើង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​ក្បាលរឹង​មួយ​នេះ​បោះបង់​មហិច្ឆតា​របស់ខ្លួន​។​

​លោក ត្រាំ បាន​ទូរ​សព្ទ​ដោយផ្ទាល់​ទៅកាន់​លោក ស៊ី ប៉ុន្មាន​ម៉ោង​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 ។ មេដឹកនាំ​អាមេរិក​បាន​ប្រាប់​សម​ភាគី​ចិន​ថា ចិន​ត្រូវតែ​ឈប់​នាំចេញ​ប្រេង​ទៅកាន់​កូរ៉េខាងជើង ហើយ​បើ​ចិន​ពិតជា​ធ្វើ​ដូច្នេះ​មែន វា​ក្លាយ​ជាការ​បោះជំហាន​ដ៏​សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ប្រទេស​ដែល​គេឯង​មិន​ចូលចិត្ត​មួយ​នេះ​។ កាលពី​ឆ្នាំ​២០០៣ ក្រុង​ព្យុងយ៉ាង​សុខចិត្ត​ចូល​តុ​ចរចា ក្រោយ​ក្រុង​ប៉េកាំង​ផ្អាក​ផ្អ​ត់​ផ្គង់​ប្រេង​មួយរយៈ​។​

​លោកស្រី Haley ក៏បាន​និយាយ​លើកសរសើរ​ប្រទេស​ខ្លះ​ដែល​បាន​លះបង់​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ក្នុងការ​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ដោយ​ចាត់ទុកជា​ការប្រឹងប្រែង​ដើម្បី​សន្តិភាព និង​សន្តិសុខ​ពិភពលោក​។ ជាមួយនឹង​ការស្នើ​ឲ្យ​ចិន​មាន​ចំណាត់ការ​ខ្លាំង លោកស្រី Haley ក៏បាន​ព្រមាន​ដែរ​ថា ចិន​គួរ​ធ្វើ​រឿងនេះ​ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ អាមេរិក​នឹង​ចាត់វិធានការ​តែឯង​មិន​ខាន​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ចំពោះ​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាសន្តិសុខ តំណាង​របស់​អាមេរិក​ដដែល​នេះ​ក៏បាន​ព្រមាន​មេដឹកនាំ​កូរ៉េខាងជើង​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​ដែល​អាច​ផ្ទុះឡើង​ពេលខាងមុខ ព្រោះ​អាមេរិក​មិនដែល​បោះបង់​ជម្រើស​យោធា​ឡើយ​។ ប៉ុន្តែ​លោកស្រី Haley ក៏​អះអាង​ដែរ​ថា អាមេរិក​មិន​ត្រូវការ​សង្គ្រាម​ឡើយ​តាំងពីដើម​មក ក៏ដូចជា​នៅពេល​នេះដែរ តែ​សង្គ្រាម​អាច​ចៀស​មិន​រួច​ដោយសារ​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង​។ 

​តាមពិតទៅ ការទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ចិន​ដាក់បន្ទុក​លើ​កូរ៉េខាងជើង និង​ការសន្យា​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​ពី​សំណាក់​អាមេរិក មិនសូវ​បាន​ផល​ប៉ុន្មាន​ឡើយ​។ ទណ្ឌកម្ម​ជាច្រើន​របស់​អន្តរជាតិ​នាពេល​កន្លងមក ហាក់​មិនមាន​ឥទ្ធិពល​ឡើយ ព្រោះ​កូរ៉េខាងជើង​នៅតែ​អាច​អភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​បាន​ដដែល ជាក់ស្ដែង​ដូចជា​ករណី​មី​ស៊ី​ល Hwasong-15 ។ ចំណែកឯ​សំណើ​របស់​អាមេរិក​លើក​នេះ ក៏​មិន​ប្រាកដថា​ចិន​ទទួលយក​ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com