អន្តរជាតិ
ជប៉ុន​ស្នើ​ម៉ាឡេស៊ី​ឲ្យ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​
30, Nov 2017 , 8:19 pm        
រូបភាព
មីស៊ីល Hwasong-15 ត្រៀមបាញ់ចេញពីជើងទម្រ (រូបភាព៖ AP)
មីស៊ីល Hwasong-15 ត្រៀមបាញ់ចេញពីជើងទម្រ (រូបភាព៖ AP)
​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ម៉ាឡេស៊ី​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួ​ចូលរួម​ជាមួយ​ក្រុង​តូ​ក្យូ​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​បាន​ខ្លាំង​លើ​កូរ៉េខាងជើង ដើម្បី​រដ្ឋ​ឯកោ​មួយ​នេះ​ងាក​ទៅរក​ផ្លូវ​ត្រឹមត្រូវ​វិញ​។ ជប៉ុន​បានស្នើ​បែបនេះ បន្ទាប់ពី​កូរ៉េខាងជើង​ទើបតែ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក Hwasong-15 នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដែល​មី​ស៊ី​ល​ដដែល​នេះ​បាន​ធ្លាក់​កៀក​ដែន​គោក​របស់​ជប៉ុន​។ ទូត​ជប៉ុន​ក៏​រៀបរាប់​ពី​ស្ថានភាព​របស់ខ្លួន ពេលដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ដោយ​មិន​ប្រាប់​មួយ​ម៉ាត់​។​



​ជប៉ុន ដែល​ស្ថិត​នៅក្បែរ​ឧបទ្វីប​កូរ៉េ ពិតជា​ប្រឈមមុខ​គ្រោះថ្នាក់​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ខ្លាំងណាស់​។ ជា​ញឹកញាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​តែង​ធ្លាក់​ក្នុង​ដែនទឹក​ក្បែរ​ជប៉ុន​មែនទែន​។ កាល​ការសាកល្បង​មី​ស៊ី​លបី​លើកចុងក្រោយ​របស់​កូរ៉េខាងជើង មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​បាន​ហោះ​រំលង​ដែនអាកាស​របស់​ជប៉ុន ហើយ​មួយ​គ្រាប់​ធ្លាក់​កៀក​ដែន​គោក​ជប៉ុន​ទៅទៀត​។ ជប៉ុន​ពិតជា​បារម្ភ​ខ្លាំង​នឹង​ស្ថានភាព​បែបនេះ និង​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ទប់ស្កាត់​ផង​។​

​ជាមួយនឹង​ការ​ថ្កោលទោស និង​ការសន្យា​ដាក់​សម្ពាធ​ដោយ​ខ្លួនឯង ជប៉ុន​តែង​ប្រាប់​ឲ្យ​បណ្ដា​ប្រទេស​ផ្សេង​ជួយ​គ្នា​ក្នុង​ការបង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការអភិវឌ្ឍ​មី​ស៊ី​ល និង​នុយក្លេអ៊ែ​។ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ម៉ាឡេស៊ី Makio Miyagawa បាន​ទទូច​ឲ្យ​ម៉ាឡេស៊ី​ចាប់ដៃ​ជាមួយ​ជប៉ុន​ដើម្បី​ដាក់បន្ទុក​លើ​កូរ៉េខាងជើង​។ លោក Miyagawa អះអាងថា ការដាក់ទណ្ឌកម្ម​នេះ អាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ឈប់​ធ្វើ​សកម្មភាព​ខុសច្បាប់​បាន​។

​ទំនងជា​មិនមែន​រឿង​ប្លែក​ឡើយ ដែល​ក្រុង​តូ​ក្យូ​ស្នើ​ឲ្យ​ក្រុង​គូ​ឡា​ឡាំ​ពួ​ចូល​ដៃ​ជាមួយ​ខ្លួន ព្រោះ​គូ​ឡា​ឡាំ​ពួ​កំពុង​មិនត្រូវ​គ្នា​ជាមួយ​ព្យុងយ៉ាង​ស្រាប់​។ សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន នៅ​ព្រលានយន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួ បានធ្វើ​ឲ្យ​មិត្តភក្ដិ​ទាំងពីរ​មើលមុខ​គ្នា​លែង​ត្រង់​ដូច​មុន​។ ទំនាក់ទំនង​ដែល​ធ្លាប់តែ​ល្អ ក៏​ស្រាប់តែ​ប្រែ​ទៅជា​ល្អក់កករ​ទៅវិញ​។​

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក Miyagawa បាន​ពន្យល់​ពី​ការលំបាក​របស់​ជប៉ុន​ដែលមាន​ទីតាំង​នៅក្បែរ​រដ្ឋ​មាន​នុយក្លេអ៊ែរ​ដូច​កូរ៉េខាងជើង ព្រោះ​កូរ៉េខាងជើង​មិនដែល​សុំ​ការអនុញ្ញាត​ពី​ជប៉ុន​ឡើយ ពេល​បាញ់​មី​ស៊ី​ល​ម្ដងៗ ហើយ​មី​ស៊ី​ល​ខ្លះ​ហោះ​ពីលើ​ជប៉ុន​ទៅទៀត​។ អគ្គរដ្ឋទូត​ដដែល​បាន​លើក​ជា​សំណួរ​ថា​៖ «​តើ​អ្នក​អាច​ស្រមៃ​បានទេ ពេលដែល​មី​ស៊ី​ល​ជាច្រើន​ហោះ​រំលង​ម៉ាឡេស៊ី​ដោយ​គ្មាន​ការអនុញ្ញាត​នោះ​?» 

​នៅ​ថ្ងៃ​ម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​ក្ដែ​ងៗ​ថា កូរ៉េខាងជើង​សម្រេចបាន​គោលដៅ​ក្នុងការ​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​ហើយ ព្រោះ​មាន​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​គ្រប់​ទីតាំងនៅ​ទឹកដី​អាមេរិក​។ ការបាញ់​នេះ​បាន​ទាក់ទាញ​ប្រតិកម្ម ការរិះគន់ និង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ ចំណែកឯ​អាមេរិក​ក៏​គំរាមថា សង្គ្រាម​នឹង​កើតឡើង​មិន​ខាន​ដោយសារ​ទង្វើ​របស់​កូរ៉េខាងជើង​៕


Tag:
 ជប៉ុន​
  ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com