អន្តរជាតិ
បង់​ក្លា​ដែ​សនឹង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​កោះ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​
30, Nov 2017 , 4:48 pm        
រូបភាព
​មន្ត្រី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្ដើម​ជញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​កោះ​មួយ​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​ដំណើរការ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ​។ គម្រោង​នេះ​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស និង​ទីភ្នាក់ងារ​ផ្ដល់ជំនួយ ព្រោះ​វា​ដូចជា​ការបញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ទៅ​ជួប​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​ក្រុង​ដា​ក្កា​មិន​ខ្វល់​ឡើយ ខណៈ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​សម្រុកចូល​បង់​ក្លា​ដែ​ស​កាន់តែច្រើន​។​



​បង់​ក្លា​ដែ​សបាន​ក្លាយជា​ជម្រក​បណ្ដោះអាសន្ន​របស់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ដែល​រត់​ភៀសខ្លួន​ពី​អំពើហិង្សា​នៅ​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​។ តាំងពី​ដំណាច់​ខែតុលា​មក សមាជិក​នៃ​ក្រុម​មូស្លីម​មួយ​នេះ​បាន​រត់​ចូល​ជំរំ​ជនភៀសខ្លួន​នៅ​តំបន់ Cox’s Bazar ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​។ ចំនួន​ជនភៀសខ្លួន​ដ៏​សន្ធឹកសន្ធាប់​នេះ​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​បង់​ក្លា​ដែ​ស ដែល​ត្រូវ​ចំណាយលុយ​ច្រើន​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគេ​។​

​ក្នុង​សប្ដាហ៍​នេះ រដ្ឋាភិបាល​បានអនុម័ត​ថវិកា​ចំនួន​២៨០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​កោះ Bhashan Char ដែល​នឹង​ក្លាយជា​ជំរំ​បណ្ដោះអាសន្ន​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ កោះ​នេះ​ទើប​លេច​រូបរាង​បាន​ត្រឹម​១១​ឆ្នាំ​ប៉ុណ្ណោះ និង​ត្រូវធ្វើ​ដំំ​ណើ​រ​រយៈពេល​២​ម៉ោង​ទើប​ទៅដល់ ហើយ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ឡើយ​។ ដោយសារ​មាន​កម្ពស់​ទាប​ប្រៀបធៀប​នឹង​ទឹកសមុទ្រ កោះ​នៅក្នុង​ឈូង​សមុទ្រ​បេង​ហ្កា​ល់ តែងតែ​ជួបប្រទះ​ទឹកជំនន់​នៅ​ចន្លោះ​ខែមិថុនា ដល់​ខែកញ្ញា​។​

​ក្រៅពី​ទឹកជំនន់ កោះ​នេះ​ក៏​តែងមាន​ចោរ​សមុទ្រ​អុកឡុក​ជា​ញឹកញយ​ដែរ​។ ដោយសារ​បញ្ហា​ទាំងនេះ​គម្រោង​របស់​រដ្ឋាភិបាល​បង់​ក្លា​ដែ​សរង​ការរិះគន់​ខ្លាំង​។ យ៉ាងណាក្ដី រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ក៏​ទំនងជា​គ្មាន​ជម្រើស​ផ្សេង​ដែរ ដ្បិត​ចំនួន​ជនភៀសខ្លួន​ចេះតែ​កើន​ឡើងជា​លំដាប់ ឯ​ជំរំ​បច្ចុប្បន្ន​គ្មាន​សមត្ថភាព​ទទួល​ពួកគេ​បាន​ទៀត​ទេ​។​

​លោក H.T. Imam ទីប្រឹក្សានាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា Cox’s Bazar មាន​ទំហំ​តូច មិនអាច​ទទួល​ជនភៀសខ្លួន​ច្រើន​បានឡើយ​។ ម្យ៉ាងទៀត វត្តមាន​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ក៏បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន សេដ្ឋកិច្ច និង​ប្រជាជន​បង់​ក្លា​ដែ​ស​ផង​។ ដូ​ច្នះ បើ​គម្រោង​បញ្ជូន​ជនភៀសខ្លួន​ទៅកាន់ Bhashan Char អនុវត្ត​កាន់តែ​លឿន បញ្ហា​ក៏​ត្រូវបាន​កាត់បន្ថយ​ទៅតាម​នឹង​ដែរ​។

​មន្ត្រី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​ទទួលស្គាល់ថា គម្រោង​បញ្ជូន​ជនភៀសខ្លួន​ដែល​កើតឡើង​ក្នុង​ឆ្នាំ​២០១៥ គឺ​គម្រោង​ដ៏​ធំ​មួយ ដែល​ត្រូវ​ចំណាយលុយ​ច្រើន ហើយ​បង់​ក្លា​ដែ​ស​ពិតជា​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ថែមទៀត​ពី​ស្ថាប័ន​អន្តរជាតិ​នានា​។ លោក H.T. Imam បញ្ជាក់ថា ជនភៀសខ្លួន​ទាំងនោះ​នឹង​ទទួលបាន​សត្វ​គោ ដីធ្លី និង​ផ្ទះ ព្រម​គ្នា​នេះ ពួកគេ​ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​វិជ្ជា​ជី​រៈ​ផងដែរ​៕


Tag:
 បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com