ជាតិ
​បច្ចេកវិទ្យា
សហគ្រិន​បច្ចេកវិទ្យា​ក​ម្ពុ​ជាមួយ​ក្រុម​ចង់​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​
02, Dec 2017 , 9:59 am        
រូបភាព
សហគ្រិន​កម្ពុជា​ដែល​ចូលរួម​ក្នុង​កម្មវិធី International Visitor Leadership Program (IVLP) ទៅ​ទស្សនកិច្ច​នៅ​ឯ​ទីស្នាក់ការ​ក្រុមហ៊ុន Instacart នៅ​ក្នុង​ទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
សហគ្រិន​កម្ពុជា​ដែល​ចូលរួម​ក្នុង​កម្មវិធី International Visitor Leadership Program (IVLP) ទៅ​ទស្សនកិច្ច​នៅ​ឯ​ទីស្នាក់ការ​ក្រុមហ៊ុន Instacart នៅ​ក្នុង​ទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
ដោយ:
​ក្រុង SAN FRANCISCO រដ្ឋ CALIFORNIA ៖ កាលពី​នៅ​រាជធានី​ភ្នំពេញ អ្នក​បច្ចេកវិទ្យា​វ័យក្មេង​កម្ពុជា​៥​នាក់​ស្គាល់គ្នា​ដោយសារតែ​កេរ្តិ៍ឈ្មោះ ប៉ុន្តែ​ពួកគេ​មិន​មានឱកាស​ស្គាល់គ្នា​ឲ្យ​បាន​ច្បាស់​នោះទេ​។ ក្រោយ​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​ជុំវិញ​សហរដ្ឋអាមេរិក​រយៈពេល​៣​សប្តាហ៍​មក ពួកគេ​បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​នាំ​មកវិញ​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​ការសហការ​រួមគ្នា​ក្នុងការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា Startup ផ្នែក​ហិរញ្ញវត្ថុ​មួយ​។



​លោក សុខ សុភមង្គល អាយុ ២៩​ឆ្នាំ សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate ដែលជា​ក្រុមហ៊ុន​បង្កើត​គេហទំព័រ​និង​កម្មវិធី​តាម​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នានា​បាន​ថ្លែងប្រាប់ VOA ថា​៖«​ពីមុន យើង​អាច​និយាយថា យើង​សុ​បិ​ន្ត​ពេល​យើង​និយាយ​អំពី ពាណិជ្ជកម្ម​វាល់​លាន​ដុល្លារ ពេល​យើង​គិតពី​អាហ្នឹង យើង​មាន​បរិបទ​មួយ យើង​ថា​វា​ជាការ​ស្រមើស្រមៃ​ដែល​មិនមែន​ជាការ​ពិ​ត‍​» ។​



​លោក ជា ឡង់​ដា ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BookMeBus ដែលជា​ក្រុមហ៊ុន​កក់​សំបុត្រ​រថយន្តក្រុង សាឡាង និង​តាក់ស៊ី តាមរយៈ​គេហទំព័រ​និង​កម្មវិធី​តាម​ទូរស័ព្ទ BookMeBus បាន​ជួប​លោក សុខ សុភមង្គល នៅក្នុង​កម្មវិធី​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ  International Visitor Leadership Program (IVLP) ឧបត្ថម្ភ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​ផ្តោតទៅលើ​ប្រធានបទ​នានា ដូចជា បច្ចេកវិទ្យា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិសុខ បរិស្ថាន ឧក្រិដ្ឋកម្ម​អន្តរជាតិ កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​។​



​កម្មវិធី​រយៈពេល​បី​សប្តាហ៍​ដែល​ផ្តោត​ខ្លាំង​លើ​បច្ចេកវិទ្យា​ក្រោម​ប្រធានបទ​«​ព​ន្លឿ​ន​សហគ្រិនភាព​បច្ចេកវិទ្យា​និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យ​ម‍​» ផ្តោតទៅលើ​ការរីកលូតលាស់​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​។ សហគ្រិន​បច្ចេកវិទ្យា​ខ្មែរ​វ័យក្មេង​ទាំងនេះ​បាន​ជួប​ជាមួយនឹង​មេដឹកនាំ​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ទីក្រុង Cleveland រដ្ឋ Ohio ទីក្រុង Raleigh រដ្ឋ North Carolina ទីក្រុង San Francisco និង​ទីក្រុង San Jose រដ្ឋ California​។​

​លោក ឡង់​ដា បាន​ថ្លែងថា នៅក្នុង​តំបន់​បច្ចេកវិទ្យា Silicon Valley ពួកគេ​បាន​ជួប​ជាមួយនឹង​«​ក្រុមហ៊ុន​ជាច្រើន​ដែល​ជោគជ័យ​ទាំង​ធំ ទាំង​តូ​ច‍​»​។​

«​យើង​ឃើញ​ពី​របៀប​នៃ​ការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម តើ​គេ​រៀបចំ​ក្រុមហ៊ុន​គេ​យ៉ាងម៉េច​ដើម្បី​ឲ្យ​បាន​ជោគជ័យ‍​»​។​

​លោក ឡង់​ដា បានលើកឡើង​ពី​ចំណុច​វិជ្ជមាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ថ្លែងថា​៖«​វា​ជា​ឱកាស​មួយ​ដែល​យើង​អាច​ប្រាប់​ពួកគាត់​ពី​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​របស់​យើ​ង‍ ដូចជា​វិស័យ​អ៊ីនធឺណិត ការអប់រំ វិស័យសេដ្ឋកិច្ច​របស់​យើង ដែល​បង្ហាញ​ពី​សក្តានុពល​ប្រទេស​របស់​យើង ដែលជា​ផលចំណេញ​មួយ​ប្រសិនបើ​គាត់​មក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​របស់​យើង​»​។​



​លោក Nicholas Geisinger មន្ត្រី​កម្មវិធី IVLP ដែល​ទទួលបន្ទុក​ដំណើរ​ទស្សនកិច្ច​ផ្តោតលើ​បច្ចេកវិទ្យា​នេះ បាន​លើកឡើងថា កម្មវិធី​នេះ​ជោគជ័យ​នៅពេលដែល​កម្មវិធី​នេះ​អាច​បណ្តុះ​គំនិត​គ្នា​ទៅវិញទៅមក​រវាង​សហគ្រិន​ដែល​ចូលរួម​ទាំងអស់នោះ​ជាមួយនឹង​ភាគី​អាមេរិក​។​

«​គំនិត​នេះ​ផ្តួចផ្តើមឡើង​ដោយ​ស្ថានទូត​អាមេរិក ហើយ​ការពង្រីក​ការលូតលាស់​ខាង​វិស័យសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិត​ក្នុងចំណោម​គោលដៅ​មួយ​របស់​យើ​ង‍ ដូច្នេះហើយ​ទើប​យើង​បង្កើត​កម្មវិធី​មួយ​ដោយ​ផ្តោតលើ​ប្រធានបទ​នេះ​»​។​

​លោក​បាន​បន្ថែមថា វា​ជា​ផលចំណេញ​មួយ «​នៅពេលដែល​សហគ្រិន​ប​ច្ចេក​វិទ្យា​ទាំងនេះ​បាន​រៀនសូត្រ ហើយ​មានគំនិត​ថ្មីៗ ក្រោយ​បាន​ពិភាក្សាគ្នា​នៅក្នុង​បរិយាកាស​ថ្មី​មួយ​ន‍េះ​»​។​

​​«​វា​គឺជា​ជ័យជម្នះ​ដ៏​ធំធេង​មួយ​សម្រាប់​កម្មវិធី​នេះ ជា​ជ័យជំនះ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​ខ្ញុំ​ទន្ទឹម​ចាំមើល​ថា​តើ​ពួកគេ​នឹងធ្វើ​អ្វី​តទៅ​មុខ​ទៀ​ត‍​»​។​

​លោក ស៊ឹម ច័ន្ទ​គី​រី​រ័ត្ន ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន បញ្ជី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​បាន​ប្រាប់ VOA ថា ស្រប​ពេលដែល​សហគ្រិន​ទាំងនេះ​បាន​រៀនសូត្រ​ពី​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​សហរដ្ឋអាមេរិក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ អ្វីដែល​សំខាន់​នោះ​គឺ​លោក​បាន​ស្គាល់គ្នា​ជាមួយ​សហគ្រិន​ដទៃទៀត​ច្រើនជាង​មុន​។​



«​តែ​អា​មួយទៀត​នោះ​គឺ​អ្នក​ដែល​មក​ហ្នឹង​យើង​ស្គាល់គ្នា​ច្បាស់​ជាង​មុ​ន‍​»​។​
​លោក ធុល រិទ្ធី ស្ថាបនិក​នៃ​ក្រុមហ៊ុន  SmallWorld ដែលជា​ក្រុមហ៊ុន​ផ្តល់​ការិយាល័យ​ធ្វើការ​រួមគ្នា ឬ​ហៅថា co-working space បាន​ប្រាប់ VOA ថា ពួកគេ​ចំនួន​៥​នាក់​យល់ថា ពួកគេ​អាចធ្វើ​ការ​ជាមួយគ្នា​បាន​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិ​ញ‍​។​

«​អ្វីដែល​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​គឺ ទៅវិញ​យើង​បានធ្វើការ​ជាមួយ​គ្ន‍ា​»​។​

​ពួកគេ​ទាំង​៥​សុទ្ធ​តែមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​រៀងៗ​ខ្លួន ដូច្នេះ​តើ​អ្នកណា​នឹង​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ពួកគេ​គ្រោង​នឹង​បង្កើត​រួមគ្នា​នេះ​? ពួកគេ​សុំ​មិន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ពួកគេ ដោយ​គ្រាន់តែ​ប្រាប់ VOA ថា ក្រុមហ៊ុន​នោះ​គឺជា​ក្រុមហ៊ុន​ដែល​ជួយ​ដល់​ការទូទាត់​ប្រាក់​។​

​លោក ឡង់​ដា បាន​ប្រាប់ថា ការសហការ​គ្នា​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​នេះ​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​។​

«​គុណសម្បត្តិ បើសិន​ពួក​ខ្ញុំ​ធ្វើបាន​ជោគជ័យ វា​នឹង​អាចជួយ​ដល់​ប្រទេស​កម្ពុជា ឲ្យ​អ្នកជំនាន់ក្រោយ អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដទៃទៀត​គឺ​គាត់​អាចមាន​ភាពងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម ជាពិសេស​គឺ​ទាក់ទង​នឹង​ការទូទាត់​ប្រាក់​ហ្នឹង​តែ​ម្ត​ង‍​»​។​

​ក៏ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ផងដែរ​។​

​​«​អ្វីដែល​ខ្ញុំ​បារម្ភ​គឺ​ដោយសារតែ​ពួក​ខ្ញុំ​សុទ្ធ​តែមាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ​ញ្ជឹ​ង​ហើយ​ពេលខ្លះ​នៅពេល​ដែលមាន​អ្នក​ពូកែ​ច្រើនពេក​នៅក្នុង​ក្រុម វា​អាច​ជាការ​ផលប៉ះពាល់​វិ​ញ‍​»​។​

​ឱកាស​និង​ការគាំទ្រ​

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​បី​សប្តាហ៍​ក្នុង​សហរដ្ឋអាមេរិក លោក ឡង់​ដា​បាន​ថ្លែងថា លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ទាំង​ថ្នាក់មូលដ្ឋាន ថ្នាក់​រដ្ឋ​និង​រដ្ឋាភិបាល​សហព័ន្ធ ទៅលើ​ក្រុមហ៊ុន​បង្កើត​ថ្មី​ឬ​ហៅថា startup​។​

«​ឱកាស​មើលឃើញ​ដូចជា ការសហការ​រវាងរ​ដ្ឋា​ភិ​បាល ហើយ​និង​អាជីវកម្ម សហគ្រាស ហើយ​និង​កម្មវិធី​មួយចំនួន​ដូចជា incubation ដែលជា​កម្មវិធី​បណ្តុះបណ្តាល​អាជីវកម្ម​ខ្នាតតូច​ឲ្យ​យល់ច្បាស់​ពី​អាជីវកម្ម​ផ្ទាល់ខ្លួន ឲ្យ​រៀបចំ​ឲ្យ​ស្តង់ដារ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការរក​ថវិកា ឬ​រក​អ្នក​បណ្តាក់​ទុ​ន‍​»​។​

​ឧទាហរណ៍ សហគ្រិន​កម្ពុជា​បាន​ចូលរួម​ជួបពិភាក្សា​នៅឯ​​ការិយាល័យ​ Civic Innovationនៅ​ក្នុង​សាលាក្រុង​ San Francisco​អំពី​ថា​តើ ក្រុមហ៊ុន​ក្នុងស្រុក​អាចជួយ​ដល់ទី​ក្រុង ឬ​តើ​អាជ្ញាធរ​ក្រុង​អាចជួយ​ដល់​ក្រុមហ៊ុន​ទាំងនោះ​ដោយ​របៀប​ណា​។​

​នៅក្នុង​សហរដ្ឋអាមេរិក មានតែ​ទីក្រុង San Francisco ប៉ុណ្ណោះ​ដែលមាន​ការិយាល័យ Civic Innovation ដែល​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី នេះ​បើ​យោងតាម​អ្នកស្រី Siobhan Oat-Judge ដែលជា​កម្មសិក្សាការី​នៅក្នុង​ការិយាល័យ​មួយ​នេះ​ដែល​ជួយ​ផ្សាភ្ជាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមហ៊ុន​បង្កើត​ថ្មី ក្នុងការ​បង្កើត​ផលិតផល​ថ្មីៗ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ការិយាល័យ Civic Innovation នៅក្នុង​សាលាក្រុង San Francisco​។​

​អ្នកស្រី Oat-Judge បាន​លើកឡើងថា ការជួយ​ដល់​ក្រុមហ៊ុន startup បង្កើត​ថ្មី​មិនមែន​ផ្តល់​ផលប្រយោជន៍​ដល់​តែ​ម្ខាង​នោះទេ​។​

«​សហគមន៍​ទាំងមូល​ទទួលបាន​ផលប្រយោជន៍​ពី​ការជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំងនោះ ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​ជួយផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​នានា​។ វា​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅ​ម​ក‍​»​។​



​អ្នកស្រី​ថ្លែងប្រាប់ VOA​បន្ថែមថា​៖

«​យើង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំងនោះ ប៉ុន្តែ​ពួកយើង​ក៏​ចំណេញ​ពី​ពួកគេ​វិញ​ផងដែរ ដោយសារតែ​ពួកគេ​ផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​នានា​។ ពួកគេ​នាំមក​នូវ​គំនិត​ថ្មី បច្ចេកវិទ្យា​ថ្មី ដែល​ជួយ​ដល់​អ្វីដែល​យើង​កំពុងតែ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុ​ន‍​»​។​



​លោក អ៊ិន វិសាល សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន  Khmerload ដែលជា​ក្រុមហ៊ុន​កម្ពុជា​ដំបូង​គេ​ដែល​ទទួលបាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​វិនិយោគ​ពី​តំបន់ Silicon Valley បាន​ថ្លែងថា វា​មានការ​លំបាក​ក្នុងការ​ស្វែងរក​ថវិកា​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាង​នៅក្នុង​សហរដ្ឋអាមេរិក​។ សម្រាប់​អ្នក​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មីថ្មោង មាន​ក្រុមហ៊ុន​អាមេរិក​ច្រើន​ដែល​ចង់​ធ្វើ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ដែលមាន​គំនិត​ថ្មីៗ ដែល​នេះ​ជា​អ្វីដែល​លោក វិសាល បានដឹង​នៅពេលដែល​ក្រុមហ៊ុន 500 Startups ដែលជា​ក្រុមហ៊ុន​វិនិយោគ​មួយ​មាន​ស្នាក់ការ​នៅក្នុង​ទីក្រុង San Francisco បាន​វិនិយោគ​ប្រាក់​ ២សែន​ដុល្លារ​ទៅ​លើ​គេហទំព័រ Khmerload​។​

«​ក្រុមហ៊ុន​មួយចំនួន​ដោយសារ​តែមាន​អ្នកវិនិយោគ​ច្រើន​នៅ​ទីនោះ អ​ញ្ជឹ​ង​ពេល​ពួកគេ​មាន​គំនិតល្អ ពួកគេ​មិនចាំបាច់​ចំណេញ​នោះទេ ពួកគេ​អាច​ស្វែងរក​ថវិកា ពីមួយ​ទៅមួយ ដោយ​មិនចាំបាច់​ចំណេញ ៥ ៦ ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ស្រុក​ខ្មែរ​វិញ បើ​យើង​គិតពី​រឿង​មិនចាំបាច់​ចំណេញ ៥ ៦​ឆ្នាំ​វិញ វា​ពិបាក​ទៅរួច​ណា​ស‍់​»​។​

​កញ្ញា កែវ គូ​នី​ឡា ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី IVLP នេះ​បាន​ថ្លែងថា កញ្ញា​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការគាំទ្រ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​។ កញ្ញា គូ​នី​ឡា គឺជា​នាយក​ផ្នែក​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន RedHill Asia ហើយ​កញ្ញា គូ​នី​ឡា ត្រូវបាន​ជ្រើសរើស​ចូលក្នុង​តារាង Forbes ក្រោម​អាយុ ៣០​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៧​នេះ​។​

«​អ្វីដែល​ខ្ញុំ​ចង់​ឲ្យ​មាន​ទៅ​ថ្ងៃមុខ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​ការ​សហការគ្នា​ឲ្យ​បាន​កាន់តែ​ល្អ កាន់តែ​ស្អិតរ​មួ​ត​រវាង​រដ្ឋាភិបាល រវាង​ក្រុមហ៊ុន​ឯកជន ក៏ដូចជា គំនិត​ផ្តួចផ្តើម​របស់​អង្គការក្រៅរដ្ឋាភិបាល​។ នោះ​យើង​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​បណ្តុះបណ្តាល​ក្រុមហ៊ុន​បច្ចេក​វិ​ទ្យ‍ា​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com