អន្តរជាតិ
អឺរ៉ុប​ជួយ​អាហ្វ្រិក​បញ្ជូន​ជនភៀសខ្លួន​នៅ​លី​ប៊ី​ទៅ​ប្រទេស​កំណើត​វិញ ចៀសវាង​ការជួញដូរ​
01, Dec 2017 , 11:57 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​មេដឹកនាំ​អឺរ៉ុប និង​អាហ្វ្រិក​នាំ​ឯកភាព​លើ​ផែន​ការធ្វើ​មាតុភូមិនិវត្តន៍​ជាបន្ទាន់​មួយ​សម្រាប់​ជនភៀសខ្លួន​អាហ្វ្រិក​នៅ​លី​ប៊ី ដែល​កំពុង​រងគ្រោះ​ក្នុងការ​ជួញដូរ​មនុស្ស​។ ការជួញដូរ​មនុស្ស​នៅ​លី​ប៊ី ដែល​លេច​ជា​រូបរាង​កាលពី​សប្ដាហ៍​មុន​លើ​សារព័ត៌មាន CNN បង្ក​ជា​ស្ថានភាព​ក្តុកក្ដួល និង​រង​ការ​ថ្កោលទោស​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ ចំណែកឯ​បារាំង​វិញ ចង់​ប្រើ​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ពួក​ឈ្មួញ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវកម្ម​។​



១. បញ្ជូន​ជនភៀសខ្លួន​ទៅ​ស្រុក​វិញ ដើម្បី​ចៀសវាង​ការជួញដូរ​

​ជំនួប​កំពូល​អាហ្វ្រិក​-​អឺរ៉ុប នៅ​ទីក្រុង Abidjan ប្រទេស​កូត​ឌី​វ័រ ដែល​ដំបូង​គ្រោង​ពិភាក្សា​លើ​ការអភិវឌ្ឍ​ទ្វីបអាហ្វ្រិក បែរជា​គ្របដណ្ដប់​ដោយ​វិបត្តិ​ជួញដូរ​មនុស្ស​នៅ​លី​ប៊ី​ទៅវិញ​។ ក្រោយ​ជំនួប​ពីរ​ថ្ងៃ ដែល​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា មេដឹកនាំ​អាហ្វ្រិក និង​អឺរ៉ុប បានប្រកាស​ពី​ផែនការ​បន្ទាន់​មួយ​ដើម្បី​ជម្លៀស​ជនភៀសខ្លួន​នៅ​លី​ប៊ី ដែល​រង់ចាំ​បន្តទៅ​តំបន់​អឺរ៉ុប ហើយ​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ជួញដូរ​មនុស្ស​។​

​មេដឹកនាំ​ចំនួន​៩ មកពី​ប្រទេស​អាហ្វ្រិក និង​អឺរ៉ុប បាន​ឯកភាព​លើ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ទៅកាន់​ប្រទេស​ដើម​វិញ​។ លោក ម៉ា​ក្រុង បញ្ជាក់ថា បារាំង​ស្នើ​ឲ្យ​បញ្ជូន​ភៀសខ្លួន​ទាំងឡាយ​ដែលជា​ប់​ខ្លួន​ក្នុង​ជំរំ​នៅ​លី​ប៊ី​ទៅកាន់​ប្រទេស​កំណើត​ជាមុនសិន ព្រោះ​ពួកគេ​មិនអាច​ទទួលបាន​សិទ្ធិ​ជ្រកកោន​អ្វី​ឡើយ​។

​បើតាម​ផែនការ​របស់​មេដឹកនាំ​បារាំង អឺរ៉ុប និង​អង្គការសហប្រជាជាតិ នឹង​សហការគ្នា​ដោះស្រាយ​បញ្ហា​នេះ​។ យន្តការ​ថ្មី​នឹង​កំណត់​គោលដៅ​ជនរងគ្រោះ​ទាំងឡាយ​ដែល​ធ្វើដំណើរ​ទៅកាន់​លី​ប៊ី ជាទី​សំចត​មុន​ឆ្លង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​អឺរ៉ុប​។ សហភាព​អាហ្វ្រិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​ប្រកាស​រួមគ្នា​ថា គោលដៅ​សំខាន់​ពេលនេះ គឺ​ការជួយ​សង្គ្រោះ​អាយុជីវិត​ជនភៀសខ្លួន​នៅ​លី​ប៊ី បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ដើម​វិញ ក៏ដូចជា​ផ្ដល់​ការការពារ​ផងដែរ​។​

​លើសពីនោះ វិធានការ​រួមគ្នា​នេះ ក៏​នឹង​ផ្ដោត​សំខាន់​លើ​ការ​បោសសម្អាត​បណ្ដាញ​ឧក្រិដ្ឋជន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​នេះ​។ ចំពោះ​មេដឹកនាំ​អាហ្វ្រិក និង​អឺរ៉ុប អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស លើកឡើងថា បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ត្រូវតែ​ជីក​ឬ​សគល់​បញ្ហា​តែម្ដង ព្រោះ​បញ្ហា​នឹង​នៅតែ​បន្ត បើ​គេ​មិនបង្កើត​ច្បាប់​អន្តោប្រវេសន៍​ត្រឹមត្រូវ និង​ធានា​ពី​ការទទួលបាន​អនាគត​ប្រសើរ​នៅ​ប្រទេស​នីមួយៗ​ទេនោះ​។​

២. បារាំង​ចង់​ប្រើ​កម្លាំង​ទ័ព​បោសសម្អាត​ការជួញដូរ​មនុស្ស​នៅ​លី​ប៊ី​

​ក្រៅពី​ការបញ្ជូន​ជនភៀសខ្លួន​ទៅ​ស្រុកទេស​វិញ ប្រធានាធិបតី ម៉ា​ក្រុង ក៏​ចង់​ប្រើប្រាស់​កម្លាំង​ទ័ព និង​ប៉ូលិស ដើម្បី​បោ​សម្អាត​ក្រុម​ជួញ​ដួ​រម​នុស្ស​នៅ​លី​ប៊ី​ផងដែរ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌​មានបារាំង​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ លោក ម៉ា​ក្រុង ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អាហ្វ្រិក​និយាយថា យើង​នឹង​ចាប់ផ្ដើម​ពង្រាយ​កងទ័ព និង​ប៉ូលិស​នៅតាម​ទីតាំង​នានា ព្រម​គ្នា​នឹង​ការដាក់ទណ្ឌកម្ម​ផង​។​

​តាម​ការអះអាង​របស់​មេដឹកនាំ​បារាំង ក្រុម​ឈ្មួញ​ជួញដូរ​មនុស្ស​នៅ​លី​ប៊ី មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រុម​ភេរវជន​។ ពេលខ្លះទៀត ពួក​រត់ពន្ធ​មនុស្ស​នេះ​គឺជា​ក្រុម​តែមួយ​ដែល​ធ្វើសង្គ្រាម​ជាមួយ​យើង និង​បង្កើតជា​បញ្ហា​មិនចេះចប់​នៅ​តំបន់ Sahel និង​តំបន់​វាល​ខ្សាច់​សាហា​រ៉ា​ជាដើម​។ ដោយសារ​មូលហេតុ​នេះ ទើប​លោក ម៉ា​ក្រុង ចង់​ប្រើ​ធម៌​ក្ដៅ​ដើម្បី​កម្ទេច​បណ្ដាញ​ជួញដូរ​មនុស្ស​។​

​សូមបញ្ជាក់ថា វីដេអូ​ឯកសារ​ផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិក CNN កាលពី​ខែ​មុន បង្ហាញ​ពី​ការដេញថ្លៃ​ជនភៀសខ្លួន​អាហ្វ្រិក​នៅ​លី​ប៊ី​ដើម្បី​យក​ធ្វើជា​ទាសករ​ក្នុង​កសិដ្ឋាន​នានា​។ ជនភៀសខ្លួន​ទាំងនោះ​ធ្វើដំណើរ​ពីរ​ដ្ឋ​អាហ្វ្រិក​នានា​ដែល​ជួប​បញ្ហា រួច​សំចត​នៅ​លី​ប៊ី មុន​បន្តដំណើរ​ទៅកាន់​អឺរ៉ុប​ដើម្បី​ស្វែងរក​អនាគត​ភ្លឺស្វាង​។ ប៉ុន្តែ​ជារឿយៗ ពួកគេ​ត្រូវបាន​លក់ដូរ​ដូច​សត្វ​ធាតុ ហើយ​ពេលខ្លះ​ក៏ត្រូវ​អស់​ជីវិត​កណ្ដាល​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ទៅទៀត​៕


Tag:
 អឺរ៉ុប​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com