អន្តរជាតិ
អឺរ៉ុប​កាត់លុយ​តួ​ក​គី​ជាង​១២៥​លាន​ដុល្លារ ព្រោះ​មិន​គោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​
01, Dec 2017 , 8:19 pm        
រូបភាព
កិច្ចប្រជុំសភាអឺរ៉ុប (រូបភាព៖ Xinhua)
កិច្ចប្រជុំសភាអឺរ៉ុប (រូបភាព៖ Xinhua)
​សហភាព​អឺរ៉ុប​បានសម្រេច​កាត់ផ្ដាច់​ទឹកប្រាក់​ចំនួន​១០៥​លាន​អឺរ៉ូ ស្មើ​ជាង​១២៥​លាន​ដុល្លារ សម្រាប់​តួ​ក​គី​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ថា តួ​ក​គី​មិន​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។ អឺរ៉ុប​ក៏បាន​បង្កក​ទឹកប្រាក់​ចំនួន​ជាង​៨៣​លាន​ដុល្លារ​ទៀត ដែល​ត្រូវ​ផ្ដល់​ឲ្យ​តួ​ក​គី​ក្រោម​ក្របខណ្ឌ​នៃ​ការចរចា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ការចរចា​នេះ​មិនមាន​ដំណើរការ​អ្វី​ឡើយ ស្របពេល​ទំនាក់ទំនង​ទ្វេភាគី​ដុប​ដាប​ខ្លាំង ក្រោយ​រដ្ឋប្រហារ​នៅ​តួ​ក​គី​ឆ្នាំ​២០១៦ ។​



​ដោយ​មើលឃើញ​ពី​ការធ្លាក់ចុះ​ស្ថានភាព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​តួ​ក​គី សហភាព​អឺរ៉ុប​បាន​កាត់ផ្ដាច់​ទឹកប្រាក់​ចំនួន​១២៥​លាន​ដុល្លារ ដែល​ត្រូវ​ផ្ដល់​ឲ្យ​តួ​ក​គី​អំឡុងពេល​ចរចា​ចូល​ជា​សមាជិក​។ នេះ​បើតាម​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ដែល​ត្រូវ​បានអនុម័ត​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។ តួ​ក​គី​ក៏​ប្រឈមមុខ​អស់​ទឹកប្រាក់​ចំនួន​ជាង​៨៣​លាន​ដុល្លារ​ទៀត បើ​មិន​ព្រម​គោរព​សិទ្ធិមនុស្ស​ឲ្យ​ពេញលេញ​ទេនោះ​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រុមប្រឹក្សា​អឺរ៉ុប​បានលើកឡើង​ពី​មូលហេតុ​នៃ​ការ​កាត់លុយ​ទៅ​ឲ្យ​តួ​ក​គី ដោយ​ផ្អែក​តាម​ស្ថានភាព​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការគោរព​នីតិរដ្ឋ និង​សេរីភាព​សារព័ត៌មាន​។ តំណាង​ចរចា​ថវិកា​ឆ្នាំ​២០១៨ របស់​សភា​អឺរ៉ុប Siegfried Muresan និយាយថា បើ​តួ​ក​គី​មិន​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ងាក​ឆ្ងាយ​ពី​ស្ដង់ដា​ប្រជាធិបតេយ្យ​របស់​អឺរ៉ុប អឺរ៉ុប​នឹងមិន​ផ្ដល់​លុយ​តួ​ក​គី​ឡើយ​។​

​ទំនាក់ទំនង​អឺរ៉ុប និង​តួ​ក​គី ចាប់ផ្ដើម​ល្អក់កករ បន្ទាប់ពី​រដ្ឋប្រហារ​មិនបាន​សម្រេច​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ ។ ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​បើក​យុទ្ធនាការ​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ និង​បាន​កាត់ទោស​មនុស្ស​ជាច្រើន​។ គ្រូបង្រៀន មន្ត្រីរាជការ​ស៊ីវិល និង​យោធា រាប់ពាន់នាក់​ត្រូវបាន​បញ្ឈប់​ពី​ការងារ ឯ​អ្នកសារព័ត៌មាន​មួយចំនួន​ត្រូវបាន​ចាប់យក​ឃុំខ្លួន​។ សិទ្ធិមនុស្ស​ត្រូវបាន​បំពាន​ធ្ងន់ធ្ងរ ខណៈ​លោក តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​កែ​រដ្ឋធម្មនុញ្ញ​បង្កើន​អំណាច​របស់ខ្លួន​ឥត​ឈប់​។​

​អឺរ៉ុប និង​តួ​ក​គី​កាន់តែ​មិនត្រូវ​គ្នា ក្រោយ​សភា​អឺរ៉ុប​ពិភាក្សា​លើ​ផែនការ​កាត់ផ្ដាច់​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​តួ​ក​គី​ក្នុង​ចំនួន​ជាង​៩៥​លាន​ដុល្លារ និង​បង្កក​ទុក​ជាង​៣៥​លាន​ដុល្លារ ក្នុងចំណោម​ទឹកប្រាក់​សរុប​ចំនួន​ជិត​២៦០​លាន​ដុល្លារ​។ អឺរ៉ុប​គ្រោង​ផ្ដល់​ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ​ទៅ​ឲ្យ​តួ​ក​គី​ដើម្បី​ជំរុញ​កំណែទម្រង់​នយោបាយ​។ ការធ្លាក់ចុះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តួ​ក​គី​ក្នុង​រយៈពេល​ល​ចុងក្រោយ រឹតតែ​ធ្វើ​ឲ្យ​អឺរ៉ុប​មិន​សប្បាយ​ចិត្តខ្លាំង​។​

​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន ក៏​ប៉ះពាល់​ដល់​ការចរចា​ចូល​ជា​សមាជិក​អឺរ៉ុប​របស់​តួ​ក​គី​ដែរ​។ សមាជិក​អឺរ៉ុប​ជាច្រើន​ប្រទេស ជាពិសេស​អាល្លឺម៉ង់​បានចេញ​មុខ​ជំទាស់​សមាជិកភាព​រប​ស់​តួ​ក​គី និង​បាន​ប្រាប់​ឲ្យ​ក្រុង​អង់កា​រ៉ា​កែខ្លួន​វិញ បើ​ចង់​ឲ្យ​ការចរចា​ទៅមុខ​។ ចំណែកឯ​លោក អ៊ែរ​ដូ​ហ្កា​ន់ វិញ ក៏​ទំនងជា​ឆ្អែត​ចិត្តនឹង​ពាក្យ​គំរាម​របស់​អឺរ៉ុប រហូត​ព្រលយ​ពាក្យ​ឌឺដង​ថា តួ​ក​គី​លែង​ចង់​ក្លាយជា​សមាជិក​អឺរ៉ុប​ហើយ​៕


Tag:
 ​អឺរ៉ុប​
  តួ​ក​គី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com