ជាតិ
សង្គមជាតិ
ភាពយន្តខ្លីរបស់យុវតីកម្ពុជា ទទួលជ័យលាភីលេខ១ ថ្នាក់អាស៊ាន
× ភាពយន្តខ្លីចំណងជើងថា «សុបិនអាក្រក់» ទទួលបានជ័យលាភីលេខ១ ពីការប្រកួតប្រជែងវីដេអូ ក្នុងតំបន់អាស៊ានក្រោមប្រធានបទ«អាស៊ានប្រឆាំងនឹងការជួញដូរ៖ មនុស្សមិនមែនសម្រាប់លក់»។ ជ័យលាភីនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ។
កញ្ញា ឈន សុខលីន តំណាងជ័យលាភីលេខ១ ថ្លែងនៅក្នុងពិធីអបអរស្នាដៃវីដេអូខ្លីដែលទទួលជ័យលាភីថ្នាក់តំបន់នេះថា ដំបូងឡើយនាងគ្រាន់តែចង់សាកល្បងកម្រិតសមត្ថភាពរបស់ខ្លួន ធៀបនឹងយុវជនក្នុងតំបន់អាស៊ានប៉ុណ្ណោះ ហើយការផលិតវីដេអូ ក៏មិនមែនធ្វើតែម្នាក់ឯងដែរ។ បើតាម កញ្ញា ឈន សុខលីន ការផលិតវីដេអូរយៈពេលជាង៤នាទីនេះ ទទួលបានការជ្រោមជ្រែងពីមិត្តភក្តិ ទាំងផ្នែកបច្ចេកទេសថត ការសម្ដែង និងការស្រាវជ្រាវពីច្បាប់មួយចំនួនទាក់ទងនឹងអាស៊ាន។
តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន អ្នកស្រី ហ៊ាន ប៉ូលីណេ បានមានប្រសាសន៍ថា ការប្រកួតវីដេអូនេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងយុវជនបណ្តាប្រទេសអាស៊ានទាំងអស់ លើការទប់ស្កាត់ការជួញដូរមនុស្ស។ ម្យ៉ាងទៀត ក៏ជាការលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំង១០ ឲ្យចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែរ។ នេះការបន្ថែមរបស់អ្នកស្រី ប៉ូលីណេ ដែលបន្តទៀតថា ការប្រកួតវីដេអូនេះ ចែកចេញជាពីរប្រភេទធំៗ គឺប្រកួតប្រជែងថ្នាក់ជាតិ និងថ្នាក់តំបន់ ហើយជ័យលាភីលេខមួយថ្នាក់ជាតិ ទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន៥០០ដុល្លារ និងថ្នាក់តំបន់អាស៊ាន ទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន២ពាន់ដុល្លារអាមេរិក។
«សុបិនអាក្រក់» ជាភាពយន្តខ្លី និយាយពីបទពិសោធន៍របស់យុវតីម្នាក់ដែលធ្លាប់រងគ្រោះដោយសារការជួញដូរមនុស្ស។ នាងបានទៅធ្វើការនៅតាមផ្ទះនៅឯបរទេស ហើយម្ចាស់ផ្ទះបានដកហូតលិខិតឆ្លងដែនទុក ប្រើប្រាស់អំពើហិង្សា និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើរូបនាងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យុវតីនៅក្នុងភាពយន្តខ្លីដដែលនេះ ក៏រងគ្រោះពីការជួញដូរផ្លូវភេទពីម្ចាស់ផ្ទះដដែលនេះដែរ។ ចុងក្រោយ យុវតីរងគ្រោះ ត្រូវបានសង្គ្រោះ និងត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញ ប៉ុន្តែជាអកុសលឪពុកនាងបានស្លាប់ដោយសារជំងឺ នៅពេលនាងត្រឡប់មកវិញ។
សូមទស្សនាភាពយន្តខ្លី«សុបិនអាក្រក់» ដែលទទួលជ័យលាភីលេខ១ ថ្នាក់តំបន់ខាងក្រោម៖
សូមបញ្ជាក់ថា ការប្រកួតប្រជែងវីដេអូទាំង១០ មកពីប្រទេសក្នុងតំបន់អាស៊ាន ត្រូវបញ្ចូនទៅកាន់រដ្ឋលេខាធិការអាស៊ាន ហើយរដ្ឋលេខាធិការអាស៊ាន មានគណៈកម្មការវាយរតម្លៃ ពីគុណភាពរឿង។ គណៈកម្មការវាយតម្លៃ ត្រូវបានជ្រើសរើសអ្នកជំនាញផ្នែកជួយដូរមនុស្ស អ្នកជំនាញផ្នែកសិទ្ធិមនុស្ស អ្នកជំនាញផ្នែកយុវជន និងអ្នកជំនាញផ្នែក ផលិតវីដេអូ និងកាត់តវីដេអូ៕
Tag:
ភាពយន្ត
យុវជន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com