ជាតិ
នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស មក​ទស្សនកិច្ច​កម្ពុជា ពីថ្ងៃ​ទី​៣-៥ ខែធ្នូ​នេះ​
02, Dec 2017 , 5:59 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: ថ្មីៗ
​លោកស្រី សេក្ខ ហា​ស៊ីណា  (Sheikh Hasina) នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី​៣ ដល់ ថ្ងៃទី​០ ខែធ្នូ​នេះ​។ បើតាម​ក្រសួងការបរទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រមទាំង​មាន​ជំនួប​ដោយឡែក ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​រដ្ឋសភា  និង​ជួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។



​លោកស្រី សេក្ខ ហា​ស៊ីណា  (Sheikh Hasina) នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស  មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី​៣ ដល់ ថ្ងៃទី​៥ ខែធ្នូ​នេះ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្សាយ​កាលពី​ថ្ងៃទី​២ ខែធ្នូ​។

​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី សេក្ខ ហា​ស៊ីណា នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ    ន​រោ​ត្ដម សីហមុនី  ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី ក៏​នឹង​ជួប​សម្ដែង​ការគួរសម​ដោយឡែក​ពីគ្នា​ជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជំនួប​ទ្វេភាគី​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ បន្ទាប់ពី​ជំនួប​នេះ នាយករដ្ឋមន្ត្រី​ទាំង​២ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី ចុះហត្ថលេខា លើ​ឯកសារ​សហប្រតិបត្តិកា​រ​មួយចំនួន នឹង​បន្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។

​ក្នុងអំឡុង​ទស្សនកិច្ច​នេះដែរ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​សរូប​នេះ នឹង​ចូលទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ​កម្ពុ​ជា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ខ្មែរ ដែល​បាន​ពលី​ក្នុងសម័យ​សង្គ្រាម​ផងដែរ​។ បន្ទាប់មក ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង និង​ចូលរួម​ជា​អធិបតី ក្នុង​កិច្ចសន្ទនា​ធុរកិច្ច រៀបចំ​ដោយ​សភា​ពាណិជ​កម្ម​។

​តាម​ក្រសួងការបរទេស លោកស្រី សេក្ខ ហា​ស៊ីណា ធ្លាប់​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​នៅ​កម្ពុជា នាឱកាស​សន្និសីទ​សមា​គម​សភា​អាស៊ី​សម្រាប់​សន្តិភាព នៅ​ភ្នំពេញ នា​ឆ្នាំ​២០០១ ហើយ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ស្រី​នៅពេលនេះ បង្ហាញ​ពី​ការពង្រឹង​ចំណងមិត្តភាព ដែល​ប្រទេស​ទាំង​ពីរបាន​ថែរក្សា​កន្លងមក​៕


Tag:
 ទស្សនកិច្ច​
 ​ បង់​ក្លា​ដែ​ស​
© រក្សាសិទ្ធិដោយ thmeythmey.com