ជាតិ
ក្រសួងទេសចរណ៍​បង្គា​ប់​ឲ្យ​ភ្នាក់ងារទេសចរណ៍ អនុវត្ត​ក្រម​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ
03, Dec 2017 , 7:59 am        
រូបភាព
រូបហ្វេសប៊ុក៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
រូបហ្វេសប៊ុក៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ដោយ:
​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេ​ចរណ៍ អនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការផ្ដល់​សេវាកម្ម លើកកម្ពស់​សីលធម៌​សង្គម និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។



​ការអនុវត្ត​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​ការី​និង​ភ្នាក់ងារទេសចរណ៍ ត្រូវ​រៀបចំ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ចំពោះ​ភ្ញៀវ ដែល​បាន​ទិញ​សេវាកម្ម ឬ​កញ្ចប់​ទស្សនកិច្ច​តាម​ស្ដង់ដារ​ជាតិ​-​អន្តរជាតិ ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត និង​កក់ក្ដៅ​ក្នុង​ដំណើរ​កម្សាន្ត​។ នេះ​បើតាម​ក្រសួងទេសចរណ៍ ។​

​សេចក្ដីប្រកាស​របស់​ក្រសួង​ទេ​សចណ៍ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា ៖«​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ មាន​គោលបំណង​ការពារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ ការប្រតិបត្តិ​វិជ្ជាជីវៈ​ការី​-​ភ្នាក់ងារទេសចរណ៍ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដើម្បី​ធានា​នូវ​សេចក្ដីថ្លៃថ្នូរ​របស់​ពួកគេ​ក្នុងការ​ប្រកប​រប​រវិ​ជ្ជា​ជីវៈ ហើយ​និង​បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ​។​ចំណែកឯ​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​គោលបំណង​គឺ រួមចំណែក​លើកកម្ពស់​សីលធម៌​សង្គម និង​សុជីវធម៌ លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា ដែលជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​។ ដោយ​ធានាថា គ្រប់​ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍​ត្រូវប្រកាន់យក​នូវ​ការបម្រើ​សេវាកម្ម​ទៅតាម​ស្ដង់ដារ ដែល​ប្រក​ដោយ​ស្មារតី​ទ​ទូល​ខុសត្រូវ យកចិត្តទុកដាក់​ខ្ពស់ មាន​ភាពជាក់លាក់ និង​ស្មោះត្រង់​…»​។

​បន្ថែម​ពីនេះ​ក្រសួងទេសចរណ៍ ក៏បាន​រំ​ឮ​ក​ពី​ទោសទណ្ឌ ដែល​មានចែង​ក្នុង​ច្បាប់ ទាក់ទង​នឹង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍​ផងដែរ​។ ជំពូក​ទី​៤ មាត្រា​១៨ នៃ​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍ លើកឡើងថា រាល់​ការអនុវត្ត​វិជ្ជាជីវៈ ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍ ទាំងឡាយណា​ដែល​មិន​គោរព និង​អនុវត្តន៍​តាម​បទ​ប្បញ្ញត្តិ ដែល​មានចែង​ក្នុង​ក្រម​នេះ អាច​ត្រូវបាន​ស៊ើបអង្កេត​ដោយ​មន្ត្រី​អធិការកិច្ច​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ មាត្រា​ដដែល​នេះ បន្ថែមថា ក្រោយពី​ការស៊ើបអង្កេត ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចេញ​លិខិត​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ដល់ ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍ ដែល​បាន​ប្រព្រឹត្ត​ខុស​។ ករណី​ទទួលបាន​លិខិត​ព្រមាន​ហើយ មិន​រាងចាល​ត្រូវ​ទទួល​ទណ្ឌកម្ម​…​។​

​បច្ចុប្បន្ន​មាន​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ចំនួន ៦៨២​ក្រុមហ៊ុន ក្នុងនោះ​សាខា​មាន​ចំនួន​៨៨​។ ក្រសួងទេសចរណ៍​បានផ្តល់​អាជ្ញាប័ណ្ណ ដល់​ការី​ទេសចរណ៍​នាំ​ភ្ញៀវ​ចូលក្នុង​ប្រទេស ចំនួន​៤៨៧ និង​នាំ​ភ្ញៀវ​ចេញ​ក្រៅប្រទេស​ចំនួន​៤៩ ហើយ​និង​នាំ​ភ្ញៀវ​កម្សាន្ត​ក្នុងស្រុក​ចំនួន​៤៤ រីឯ​ភ្នាក់ងារទេសចរណ៍ ចំនួន​២៣៨​។ នេះ​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​៕


Tag:
 ទេសចរណ៍​
 ​ ការី​-​ភា្ន​ក់​ងារ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com