អន្តរជាតិ
UN សុំ​លុយ​ចំនួន​២២.៥​ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្សធម៌​ឆ្នាំ​២០១៨
02, Dec 2017 , 8:19 pm        
រូបភាព
លោក Mark Lowcock ប្រធានស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិ (រូបភាព៖ Reuters)
លោក Mark Lowcock ប្រធានស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិ (រូបភាព៖ Reuters)
​អង្គការសហប្រជាជាតិ​បានស្នើ​សុំ​ជំនួយ​ទឹកប្រាក់​ចំនួន​២២.៥​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ។ នេះ​ជា​ទំហំ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​ដែល​ស្នើ​ដោយ​អង្គភាព​មនុស្សធម៌​នានា​។ ទឹកប្រាក់​ទាំងនេះ នឹង​ត្រូវបាន​បែងចែក​សម្រាប់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម និង​គ្រោះធម្មជាតិ​នៅលើ​ពិភពលោក​។​



​ស្ថាប័ន​មនុស្សធម៌​អង្គការសហប្រជាជាតិ និង​អង្គការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌​បាន​ស្នើសុំ​ទឹកប្រាក់​ចំនួន​២២.៥​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ងាយ​ជនរងគ្រោះ​បំផុត​ចំនួន​ប្រហែល​៩០​លាន​នាក់ ក្នុងចំណោម​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ដល់​ទៅជិត​១៣៦​លាន​នាក់​។ ជន​ងាយ​រងគ្រោះ​នេះ​មកពី​ប្រទេស​ចំនួន​២៦ ហើយ​បាន​កើនឡើង​ចំនួន​ប្រាំ​ភាគរយ ប្រៀបធៀប​ការប៉ាន់ស្មាន​ឆ្នាំមុន​។​

​ប្រធាន​ទីភ្នាក់ងារ​មនុ​ស្ស​ធម៌​អង្គការសហប្រជាជាតិ លោក Mark Lowcock និយាយថា មនុស្ស​កាន់តែច្រើន​ត្រូវការ​ជំនួយ​។ ភាពរាំងស្ងួត ទឹកជំនន់ និង​គ្រោះធម្មជាតិ​ផ្សេងទៀត ក្លាយជា​កត្តា​នាំ​ឲ្យ​ចំនួន​ជនរងគ្រោះ​កើនឡើង​ខ្លាំង​។ លោក Lowcock អះអាងថា ជម្លោះ​នៅ​ប្រទេស​នានា​ដូចជា​ស៊ី​រី ឬ​យេ​ម៉ែន ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​តម្រូវការ​ហិរញ្ញវត្ថុ​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៨ ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ក្នុងការ​អំពាវនាវរ​បស់​អង្គការសហប្រជាជាតិ ទឹកប្រាក់​ចំនួន​៧.៦៦​ពាន់​លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ជនរងគ្រោះ​នៃ​វិបត្តិ​ស៊ី​រី ដែល​ច្រើនជាង​មួយ​ភាគបី​នៃ​ថវិកា​សរុប​ដែល​ស្នើ​សម្រាប់​ការចំណាយ​ឆ្នាំ​២០១៨ ទៅហើយ​។ ទឹកប្រាក់​ចំនួន​៣.៥​ពាន់​លាន​ដុល្លារ នឹង​ប្រើប្រាស់​ដើម្បី​ផ្ដល់ជំនួយ​សម្រាប់​ជនរងគ្រោះ​នៅក្នុង​ស៊ី​រី​ផ្ទាល់ ដែល​មនុស្ស​ជាង​បី​សែន​នាក់​បាត់​បង់ជីវិត និង​រាប់លាន​នាក់​បាត់បង់​ផ្ទះសម្បែង​។​

​ដោយឡែក ទឹកប្រាក់​ចំនួន​៤.១៥​ពាន់​លាន​ដុល្លារ​ទៀត ក៏ត្រូវ​ការ​ដើម្បី​ដោះស្រាយ​បន្ទុក​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​៥.៣​លាន​នាក់ ដែល​កំពុងស្នាក់នៅ​ជំរំ​ភៀសខ្លួន​នៅតាម​ប្រទេស​ភូមិ​ផង​របស់​ស៊ី​រី​។ បន្ទាប់ពី​ស៊ី​រី ទឹកប្រាក់​មួយផ្នែក​ទៀត នឹងត្រូវ​ចំណាយ​សម្រាប់​វិបត្តិ​មនុស្សធម៌​នៅ​យេ​ម៉ែន​។ ក្នុង​លិខិត​សុំ​ជំនួយ​ថ្ងៃទី​១ ខែធ្នូ អង្គការសហប្រជាជាតិ​ត្រូវការ​ទឹកប្រាក់​ចំនួន​២.៥​ពាន់​លាន​ដុល្លារ សម្រាប់​ជន​ងាយ​រងគ្រោះ​នៅក្នុង​ប្រទេសមួយ​នេះ​។

​ចំនួន​ទឹកប្រាក់​ជាង​១០​ពាន់​លាន​ដុល្លារ​ខាងលើ អាចជួយ​ទ្រទ្រង់​ជនរងគ្រោះ​ចំនួន​ជិត​១១​លាន​នាក់​ប៉ុណ្ណោះ​។ វិបត្តិ​មនុស្សធម៌​រដ្ឋ​អាហ្វ្រិក​ដូចជា​ស៊ូដង់ សូ​ម៉ាលី ស៊ូដង់​ខាងត្បូង និង​នី​ហ្ស៊េ​រី​យ៉ា ក៏ត្រូវ​បាន​ទឹកប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​ជួយ​ជនរងគ្រោះ​ពី​ជម្លោះ​ប្រដាប់អាវុធ និង​គ្រោះធម្មជាតិ​នានា​។ ទន្ទឹមគ្នានេះ វិបត្តិ​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក​ក៏មាន​សញ្ញា​ល្អ​ដែរ ព្រោះ​តម្រូវការ​នៃ​ជំនួយ​នៅតាម​ប្រទេស​ខ្លះ​ដូចជា​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​អ៊ុយ​ក្រែ​ន បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​៕


Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com